បាត់ដំបង ៖ យុវជនម្នាក់ កំពុងរងការចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជន ហើយត្រូវបានសមត្ថកិច្ចចុះស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន។ បន្ទាប់ពីយុវជនរូបនេះ មានការត្រូវរ៉ូវគ្នាជាមួយខាងស្រី តាមរយៈហ្វេសប៊ុក ព្រមទាំងមានការណាត់ជួបគ្នានៅក្នុងបន្ទប់ផ្ទះជួលនៅចំកណ្តាលក្រុងបាត់ដំបង ដើម្បីរួមភេទជាច្រើនលើកច្រើនសារួចមក។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២និង២០នាទីរសៀល ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានទទួលធ្វើកំណត់ហេតុបណ្តឹងផ្ទាល់មាត់របស់ ឈ្មោះ អ ហ ភេទស្រី អាយុ៨០ឆ្នាំ មានទីលំនៅក្រុម៣៦ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលចូលខ្លួនមកប្តឹងដល់អធិការដ្ឋាន ជុំវិញករណីបាត់ចៅស្រី។
ពាក្យបណ្ដឹងបានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹក គឺក្រោយពេលគាត់មកពីផ្សារទិញម្ហូបវិញ ក៏បាត់ចៅរបស់គាត់ ឈ្មោះ ស ស ល ភេទស្រី អាយុ១៥ឆ្នាំ រស់នៅផ្ទះជាមួយគាត់ ដោយមិនដឹងជាទៅទីណា ទើបមានការព្រួយបារម្ភ គាត់ក៏បានមកដាក់ពាក្យប្តឹងតែម្តង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ក្រោយពេលទទួលបណ្ដឹងរួច សមត្ថកិច្ចក៏បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៣ ខែ ឆ្នាំដដែល វេលាម៉ោង២និង៣០នាទីរសៀល កម្លាំងជំនាញបានរកឃើញ ឈ្មោះ ស ស ល នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ជិតផ្សារលើ កណ្តាលក្រុងបាត់ដំបង គឺកំពុងនៅជាមួយឈ្មោះ សន ជីវ័ន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្រុម១៦ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
នៅពេលនោះដែរ សមត្ថកិច្ចក៏បាននាំខ្លួនឈ្មោះ សន ជីវ័ន និង ឈ្មោះ ស ស លិញ ព្រមទាំងមធ្យោបាយម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ-1BM_ 8433 ដែលជារបស់យុវជនរូបនេះ។
ក្រោយពេលសាកសួរ ឈ្មោះ ស ស ល បានឆ្លើយថា ខ្លួន និង ឈ្មោះ សន ជីវ័ន ជាសង្សារនឹងគ្នា នាពេលកន្លងមក។ ត្រូវបានសង្សាររបស់ខ្លួន ឈ្មោះ សន ជីវ័ន នាំទៅជួលបន្ទប់ស្នាក់នៅ និង បានរួមភេទជាមួយគ្នា។
ដោយឡែកយុវជនដែលជាអ្នកទោសស្នេហា បានសារភាពប្រាប់សមត្ថកិច្ចថា ចាប់តាំងពីអំឡុងខែមេសា ថ្ងៃបុណ្យចូលឆ្នាំ ថ្មីៗនេះ ខ្លួនបានស្គាល់នារីនេះតាមរយៈលេងហ្វេសប៊ុក ហើយក៏បានឆាតរកគ្នាជាញឹកញាប់ ដើម្បីបង្កាត់ភ្លើងស្នេហា។ លុះនៅល្ងាចថ្ងៃមួយ នាដើមខែឧសភា ខ្លួនក៏បានណាត់នាងដើម្បីដឹកដើរលេងនៅតាមកំណាត់ផ្លូវហាយវេ ហើយក៏ដឹកនាងត្រឡប់ទៅផ្ទះជាធម្មតា។
អ្នកទោសស្នេហារូបនេះ បានសារភាពបន្តថា លុះនៅថ្ងៃទី១៩ឧសភា កន្លងទៅថ្មីៗនេះ គឺមានការរៀបចំការបងប្អូនជីដូនមួយខ្លួន។ ទើបខ្លួនបបួលនាងឲ្យមកលេងនៅក្នុងពិធីនេះ ប៉ុន្តែនាងបានតបថា នាងនឹងទៅ លុះត្រាតែឲ្យនារីណាម្នាក់មកដឹកនាង។ ពេលនោះខ្លួនក៏បានទៅពឹងអ្នកភូមិម្នាក់ឈ្មោះ ណយ ឲ្យទៅដឹកចេញពីផ្ទះ។ ខ្លួនក៏បានជិះម៉ូតូ៣នាក់ ដោយចេញទៅក្បែៗផ្សារលើ ដើម្បីរកបន្ទប់ជួលទុកសម្រាប់ស្នាក់នៅបណ្ដោះអាសន្ន ឯនាងក៏យល់ព្រម។
ក្រោយពីទៅចូលរួមក្នុងពិធីនោះបានមួយថ្ងៃ គឺនៅរសៀលថ្ងៃដដែល ពួកខ្លួនទាំង២នាក់ ក៏បានធ្វើដំណើរត្រឡប់មកបន្ទប់ជួលនោះវិញ ហើយក៏បានរួមភេទជាមួយគ្នាចំនួន៣ដង បន្ទាប់មក ក៏បានស្នាក់នៅបន្តទៀត ដោយម្នាក់ៗមិនទាន់ត្រឡប់ទៅផ្ទះវិញឡើយ ព្រមទាំងបានបន្តការរួមភេទនេះបន្ថែមទៀត តែក៏ត្រូវប៉ូលិសចុះមកចាប់ខ្លួនដល់បន្ទប់តែម្ដង។
បច្ចុប្បន្ន បើទោះបីជាមានការត្រូវរ៉ូវគ្នា និងបើទោះបីជាក្រុមគ្រួសារទាំងសងខាងមានបំណងផ្សះផ្សាក៏ដោយ ក៏យុវជនរូបនេះត្រូវតែប្រឈមមុខនឹងផ្លូវច្បាប់ដែរ ពាក់ព័ន្ធនឹងករណី « រួមភេទជាមួយអនីតិជន » ដោយពេលនេះ សមត្ថកិច្ចជំនាញបានរៀបចំឯកសារបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ កម្ពុជាថ្មី