Update៖​ ម្ចាស់ធូរ៉េនប្តូរចិត្តឈប់យកលុយសំណង​ ៥០០ដុល្លារ​ ក្រោយការពិតត្រូវលាតត្រដាង

0
65274

កំពត ៖ នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​រីករាយ ខណៈ​ម្ចាស់​ផ្លែ​ទុរេន​តម្លៃ​ថ្លៃ​កប់​ពពក​(១០០០​ដុល្លារ​) ​ប្ដូរ​ចិត្ត​ឈប់​យក​លុយ​ពី​អាណាព្យាបាល​ក្មេង​ប្រុស​បី​នាក់ ដែល​រពឹស​ដៃ​លួច​បេះ​ទុរេន​គេ​មួយ​ផ្លែ ក្នុង​ចម្ការ​ត្រង់​ចំណុច​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០​ម្សិលមិញ​។​

​ការដែល​ម្ចាស់​ផ្លែ​ទុរេន​ប្ដូរ​ចិត្ត​មិន​យក​លុយ​រហ័ស​ដូច​ផ្លេកបន្ទោរ​បែបនេះ ខណៈ​ពេល លោក​ឧត្ដម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ចាត់​កម្លាំង​ឲ្យ​ទៅ​ស្រាវជ្រាវ​ក្នុង​ចម្ការ​ទុរេន​ដែល​ម្ចាស់​អះអាង​ថា ​កន្លងមក​ធ្លាប់​បាត់​ទុរេន​ជាច្រើន​ផ្លែ។ ប៉ុន្តែ​ក្រោយ​ពិនិត្យ​ស្រាវជ្រាវ​ឃើញ​ថា ទុរេន​ក្នុង​ចម្ការ​ពុំ​មាន​ការបាត់បង់​ច្រើន​ដូច​ការអះអាង​របស់​អ្នក​ចាំ​ចម្ការ​នោះ ទើប​ធ្វើ​ការណែនាំ​ដល់​ភាគី​ទាំងសងខាង ដោយ​ពុំ​តម្រូវ​ឲ្យ​មានការ​បង់​ប្រាក់​អ្វី​ទាំងអស់​។​

​នេះ​ចាត់ទុកជា​ដំណោះស្រាយ​មួយ​ដោយ​យុត្តិធម៌ បើទោះបី​វា​ក៏​ជា​បទល្មើស​មួយ​ដែល​ត្រូវ​អនុវត្ត​ទៅ​តាម​ទម្រង់​ច្បាប់​មែន​ក៏ដោយ ប៉ុន្តែ​ករណី​តូចតាច​នេះ សមត្ថកិច្ច​គ្រាន់​យក​វិធី​តែ​អប់រំ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​តទៅទៀត​។​

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ឧសភា មាន​ក្មេង​ប្រុស​ជំទង់​បី​នាក់​បាន​ទៅ​ស៊ី​ឈ្នួល​បេះ​ម្រេច​នៅ​ចម្ការ​មួយ​កន្លែង​ចំណុច​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ​លុះ​បន្តិចក្រោយមក​ ពួកគេ​ក៏​ជិះ​ម៉ូតូ​បំណង​ទៅ​ចាក់​សាំង គាប់​ជួន​ក្រឡេក​ឃើញ​ចម្ការ​ក្បែរ​នោះ​មាន​ទុរេន ទើប​ចូលទៅ​បេះ​១​ផ្លែ ដើម្បី​ហូប​កំដរ​មាត់​លេង ប៉ុន្តែ​ពេល​បេះ​បាន​ហើយ​ បែរជា​ជួប​រឿង​ស៊យ​ដោយសារ​អ្នកយាម​ចម្ការ​ឃើញ​ទាន់។ ទើប​ពួកគេ​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​អ្នកយាម​ចម្ការ​ជិះ​ម៉ូតូ​ប្រដេញ​តាម​រហូតមកដល់​លំនៅដ្ឋាន​របស់​ក្មេង នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ហើយ​ចាប់​ប្រគល់ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ ដោយ​ខណៈនោះ​អ្នកយាម​ចម្ការ​បាន​ប្តឹង​ទាមទារ​សំណង​ទុរេន​១​ផ្លែ តម្លៃ ១០០០​ដុល្លារ អាមេរិក ឬ​(៤,០០០,០០០​រៀល​)​។​

​បន្ទាប់ពី​មានការ​ទាមទារ​តម្លៃ​ទុរេន​មួយ​ផ្លែ​យ៉ាង​ថ្លៃ​បែបនេះ អាណាព្យាបាល​ក្មេង​កំហូច​ទាំង​បី ក៏​សុំ​ចរចា​តម្លៃ​ទុរេន​១​ផ្លែ គឺ​នៅសល់​ត្រឹម​៥០០​ដុល្លារ ឬ​(២,០០០,០០០​រៀល​) លុះ​រៀបចំ​ប្រគល់​ប្រាក់ មិន​ដឹង​ហេតុអ្វី​បានជា​អ្នកយាម​ចម្ការ​ប្តូរ​ចិត្ត​ឈប់​យក​លុយ​វិញ ដោយ​គ្រាន់តែ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​អប់រំ​ណែនាំ​ក្មេងប្រុស​ទាំងបី​នាក់​បាន​ហើយ​…​គឺ​សុំ​ប្ដូរ​ចិត្ត​មិន​យក​លុយ​ទេ​…​បងប្អូន​..”​បាន​ន័យ​ថា​អាកាសធាតុ​ប្រែប្រួល​លឿន​ដូច​ផ្លេកបន្ទោរ​”៕

ប្រភព៖​ កម្ពុជាថ្មី