ក្រុមហ៊ុនផលិតយន្តហោះ Airbus បានដាក់តាក់ស៊ីហោះរបស់ខ្លួនឈ្មោះថា eVTOL ឬ CityAirbus ឱ្យហោះហើរជាលើកដំបូង នៅចំពោះមុខក្រុមមន្រ្តីសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុន។ ការហោះហើរសាកល្បងនេះត្រូវបានចូលរួមដោយអ្នកនយោបាយអាឡឺម៉ង់ ដែលពួកគេបានធ្វើទស្សនកិច្ចនៅរោងចក្ររបស់ Airbus មួយ នៅ​ឯរដ្ឋ Bavaria ។ CityAirbus គឺជាតាក់ស៊ីហោះអគ្គិសនី ដែលអាចបើកនិងចុះចតដោយបញ្ឈរ ហើយវាមិនត្រឹមតែជាយានថ្មីរបស់ Airbus ប៉ុណ្ណោះទេ តែពួកវាអាចផ្លាស់ប្តូររបៀបដែលយើងជ្រើសរើសយកការធ្វើដំណើរនៅក្នុងទីក្រុងរបស់យើងផងដែរ។

យានដែលដំណើរការដោយការបញ្ជាពីចម្ងាយនេះ ត្រូវបានគេដាក់ឈ្មោះថា «តាក់ស៊ីហោះ» ដែលមានសមត្ថភាពដឹកអ្នកដំណើរចំនួន ៤នាក់ ជាមួយការធ្វើដំណើរបានចម្ងាយ ៦០ម៉ាយល៍ (៩៦គីឡូម៉ែត្រ) ក្នុងល្បឿន ៧៥ម៉ាយ ឬ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ការធ្វើដំណើរជាមធ្យមមិនអាចលើសពី ១៥នាទី នោះទេ ដូច្នេះវាសមស្របសម្រាប់ចរាចរនៅតាមផ្លូវរបស់អ្នកទៅធ្វើការ។ តាក់ស៊ីហោះនេះសង្ឃឹមថា នឹងដើរតួជាមធ្យោបាយធ្វើដំណើរចម្ងាយខ្លីក្នុងតំបន់ទីក្រុង ដែលអនុញ្ញាតឱ្យអ្នកដំណើរហោះរំលងចរាចរ និងការកកស្ទះ។ យានទាំងនេះគឺជាប្រភេទអគ្គិសនីសុទ្ធ ហើយមានស្លាបកង្ហារ និងម៉ូទ័រចំនួន ៤ ។

ទោះជាយ៉ាងណាយានដែលស្រដៀងនឹងយន្តហោះគ្មានមនុស្សបើកទាំងនេះ នឹងមិនអាចជំនួសឧទ្ធម្ភាគចក្រនៅលើមេឃបានទេ ព្រោះវាមិនអាចនាំដើរទស្សនាកម្សាន្ត ឬធ្វើដំណើរខាងក្រៅទីក្រុងទេ។ យោងតាមសារព័ត៌មាន​ Aviation Today បានឱ្យដឹងថា តាក់ស៊ីធ្លាប់បានធ្វើការហោះហើរសាកល្បងលើកដំបូងនៅខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុង Donauwörth ប្រទេសអាល្លឺម៉ង់។ វាមិនច្បាស់ទេថា តើយានទាំងនេះនឹងមានដល់សាធារណៈជននៅពេលណា ប៉ុន្តែវាអាចជាផ្នែកមួយនៃទេសភាពទីក្រុងឆាប់ៗនេះ៕

ទស្សនាវិដេអូ៖

ប្រភព៖ខ្មែរណូត