ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​បានបញ្ជាក់ថា នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៧ ខែសីហា បានសម្លាប់មនុស្ស ៤នាក់ និងរបួស ៥នាក់។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ៧លើក ក្នុងនោះបណ្តាលឲ្យមានអ្នកស្លាប់ ៥នាក់ របួសធ្ងន់ ៤នាក់ និងរបួសស្រាលម្នាក់។ មូលហេតុនៃការកើតឡើងគ្រោះថ្នាក់ចរាចរណ៍ទំាងនេះគឺបណ្តាលមកពី បើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអទិភាព មិនប្រកាន់ស្តាំ ប្រជែង និងបត់មិនបានត្រឹមត្រូវតាមបច្ចេកទេស។ របាយការណ៍បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង ៧លើកនេះគឺបានបណ្តាលឲ្យខូចខាត ម៉ូតូ ចំនួន៨គ្រឿង រថយន្តធុនតូចចំនួន ៥គ្រឿង រថយន្តធុនធំចំនួន ២គ្រឿង។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈការប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕

ប្រភព៖ខ្មែរណូត