Home ពត៌មាន សមត្ថកិច្ចចុះបង្ក្រាបរោងចក្រផលិតបារីមួយកន្លែងក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ

សមត្ថកិច្ចចុះបង្ក្រាបរោងចក្រផលិតបារីមួយកន្លែងក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ

38
0

ភ្នំពេញ ៖ រោងចក្រផលិតបារីរបស់ក្រុមហ៊ុនចិនមួយកន្លែងគ្មានច្បាប់អនុញ្ញាតយីហោ BPA មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យដែល

បានបេីកដំណេីរការជាយូរមកហេីយនោះខណៈដល់ថ្ងៃកម្មករបេីកប្រាក់ខែបែរជាត្រូវបានកម្លាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងមូលដ្ឋាន អាជ្ញាធរមូលដ្ឋានចុះទៅបង្ក្រាប ដកហូតបានបារីជាច្រើនកេស ឃាត់ទាំងថៅកែក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបរោងចក្រផលិតបារីគ្មានច្បាប់ខាងលើនេះ គឺមានមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ ប៉ូលិសចិន កម្លាំងសមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក​ សាយ​ ណូរ៉ា​ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ 

សមត្ថកិច្ចបានឲ្យដឹងថា​ ទីតាំងខាងលេីបានបេីកដំណេីរការអស់រយៈពេលជាង២ឆ្នាំមកហើយ មានកម្មករបម្រើការងារជាង១០០នាក់ ហើយក្រោយពីសមត្ថកិច្ចជំនាញ អង្គភាពពាក់ព័ន្ធធ្វើការស្រាវជ្រាវរកឃើញថា ការផលិតបារីរបស់ក្រុមហ៊ុនមួយនេះគ្មានច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ហើយរកឃើញជនជាតិចិនចំនួន១៤នាក់ ជនជាតិវៀតណាមចំនួន៣នាក់ ស្នាក់នៅនិងធ្វើការងារអត់ច្បាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

តែបើតាមសម្តីកម្មករបានឲ្យដឹងថា ពួកគាត់មិនដឹងថារោងចក្រមួយនេះស្របច្បាប់ឬមិនស្របច្បាប់ពួកគាត់មិនបានដឹងទេ ពួកគាត់សុីឈ្នួលបម្រើការងារ ក្នុងម្នាក់បានប្រាក់ខែជាង១០០ដុល្លារ លុះដល់សមត្ថកិច្ចជំនាញចុះឆែកឆេរត្រួតពិនិត្យ ទើបដឹងថាគ្មានច្បាប់គ្រប់គ្រាន់ក្នុងការផលិតទៅវិញ ។

ក្រោយពីកម្លាំងជំនាញពិនិត្យ បង្ក្រាបរោងចក្រផលិតបារីគ្មានច្បាប់របស់ជនជាតិចិនខាងលើ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា សម្ភារក្នុងការប្រព្រឹត្តបទល្មើស វត្ថុធាតុដើមសម្រាប់ផលិតបារីជាច្រើនកេសត្រូវបានរឹបអូស រីឯជនបរទេសមានជនជាតិចិនចំនួន១៤នាក់ ជនជាតិវៀតណាមចំនួន៣នាក់ ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ ដោយឡែកកម្មករជាជនជាតិខ្មែរជាង១០០នាក់ត្រូវបានសមត្ថកិច្ចសហការជាមួយក្រសួងការងារ ស្រង់ឈ្មោះដើម្បីរៀបចំបើកប្រាក់ខែ ហើយមិនអាចបន្តការងារនៅទីនោះបានទៀតទេ ព្រោះថារោងចក្រត្រូវបានសម្រេចផ្អាកការងារលែងឲ្យដំណើរការទៀតហើយ ៕

ប្រភព៖​ នគរវត្ត