ភ្នំពេញ៖ បុរសម្នាក់ ស្លៀកពាក់ស៊ីវិល បានមកផឹកស៊ី ខណៈស្រវឹងស្រឿងៗ សុំស្នេហ៍ពីស្ត្រីម្ចាស់ហាង មិនបាន ឈានទៅដល់ដកកាំភ្លើងខ្លី គំរាមបាញ់ បណ្ដាលឲ្យភ្ញៀវផឹកស៊ី ដូចគ្នា រត់ចែកជើងគ្នា ។ ហេតុការណ៍នេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅហាងផឹកស៊ី យីហោ វិមានព្រិល ស្ថិតនៅតាមបណ្តោយផ្លូវ ១៦៣ សង្កាតទួលទំពូងទី១ ខណ្ឌចំការមន។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ស្លៀកពាក់ស៊ីវិល ក៏ប៉ុន្តែបានត្រូវគេស្គាល់ថា ជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) បានជិះរថយន្តម៉ាក ឡិចស៊ីស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ នគរបាល 2.7119 បានចូលទៅហាងផឹកស៊ី ដែលមានយីហោ ” វិមានព្រិល ” ។

ប្រភព បានបញ្ជាក់ថាៈ ខណៈស្រវឹងស្រឿងៗ បុរសម្នាក់នោះ បានសុំស្នេហ៍ ពីម្ចាស់ហាង ក៏ប៉ុន្តែស្ត្រីម្ចាស់ហាង មានប្រតិកម្ម ដើម្បីការពារសិទ្ធិ និងកិត្តិយសរបស់ខ្លួន បង្កឱ្យបុរសនោះ មានភាពអាម៉ាស់ និងខឹងសម្បារយ៉ាងខ្លាំង ដោយសារការចែចង់ សុំស្នេហ៍មិនបាន ហើយក៏ស្រាប់តែផ្ទុះហិង្សា ជាមួយម្ចាស់ហាង មួយប្រាវ រួចក៏បើករថយន្ត ចេញបាត់ទៅ ។

ប្រភពបានបន្តទៀតថា មួយសន្ទុះក្រោយមក ស្រាប់តែបើករថយន្ត មកហាងផឹកស៊ី ” វិមានព្រិល ” វិញ បានដកកាំភ្លើង គំរាមបាញ់ ត្រូវបានម្ចាស់ហាង រាយការណ៍ទៅកងកម្លាំងនគរបាល និងអាវុធហត្ថចំការមន ឱ្យជួយធ្វើអន្តរាគមន៍។ កងកម្លាំងមានសមត្ថកិច្ច បានចុះទៅដល់កន្លែងភ្លាមៗ តែជនបង្ក បានឡើងរថយន្ត បើកគេចចេញ ពីកន្លែងកើតហេតុ ហើយក៏ត្រូវបានសមត្ថកិច្ច ដេញតាមពីក្រោយ រហូតដល់ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ទើបឃាត់រថយន្ត និងបុរសម្នាក់ ដែលជាខ្មាន់កាំភ្លើងនោះបាន ហើយក៏បាននាំខ្លួន មកកាន់អធិការដ្ឋាន ខណ្ឌចំការមនវិញ។

បន្ទាប់ពីបញ្ជូនជនបង្កនោះ មកដល់អធិការដ្ឋាន នគរបាលខណ្ឌចំការមន សមត្ថកិច្ច បានបង្ហាញអត្តសញ្ញាណ ជនបង្កនោះ ឱ្យដឹងថា មានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី (អនុប្រធាននាយកដ្ឋាន) ទីលំនៅផ្ទះលេខ ១៥V ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
បច្ចុប្បន្ន ឧត្តមសេនីយ៍ ខាងលើ ត្រូវបានសមត្ថកិច្ច នាំមកសាកសួរបន្ថែម ។ រីឯស្ត្រីម្នាក់ ដែលជាម្ចាស់ហាង ខាងលើ ក៏ត្រូវបានសមត្ថកិច្ច អញ្ជើញមកកាន់អធិការដ្ឋាន ខណ្ឌចំការមន ផងដែរ ដើម្បីសាកសួរ ពីមូលហេតុ និងចាត់ការ តាមផ្លូវច្បាប់ ៕V


ប្រភព៖ រស្មីកម្ពុជា