ក្រុមមន្រ្តីបាននិយាយនៅថ្ងៃអង្គារនេះថា អ្នកលក់ទី ៩ នៅផ្សារ Namdaemun នៃទីក្រុងសេអ៊ូលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ ១៩ ហើយវាបានបង្ហាញថា ការឆ្លងជាចង្កោមពីផ្សារប្រពៃណីធំបំផុតរបស់ប្រទេសនេះអាចនឹងរីករាលដាល ។
យោងតាមមន្រ្តីក្រុងបានឲ្យដឹងថា អាជីវករម្នាក់ដែលធ្វើការនៅហាង Jungang ជាកន្លែងលក់ទំនិញធំបំផុតមួយនៅក្នុងផ្សារ Namdaemun ត្រូវបានគេរកឃើញថាមានការឆ្លងកូវីដ ១៩ កាលពីថ្ងៃចន្ទ ។
ហាង Jungang ស្ថិតនៅជិតហាងលក់សម្លៀកបំពាក់របស់ស្ត្រីឈ្មោះ Kenedy បានរាយការណ៍ពីការឆ្លងកូវីដ ១៩ លើអាជីវករចំនួន ៨ នាក់ ។
ក្រុមមន្រ្តីបាននិយាយថា ការផ្ទុះឡើងនៅឯហាង Kenedy ដូចជាកើតមានចំពោះបុគ្គលិកស្រីម្នាក់ដែលជាអ្នកស្រុកនៃទីក្រុង Goyang ស្ថិតនៅភាគពាយ័ព្យនៃទីក្រុងសេអ៊ូលដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។

ក្រុមមន្រ្តីបាននិយាយថា អាជីវករនៅហាង Jungang ត្រូវបានគេរកឃើញថាបានទទួលទានអាហារពេលល្ងាចជាមួយអាជីវករនៅហាង Kenedy ដែលឆ្លងកូវីដ ១៩ កាលពីថ្ងៃទី ៣០ ខែកក្កដា ។
ការផ្ទុះកូវីដ ១៩ ពីហាង Jungang បានបង្កើនចំនួននៃការឆ្លងជាចង្កោមពីផ្សារ Namdaemun ដល់ ៩ នាក់ ខណៈដែលកូនស្រីរបស់អ្នកស្រុកនៃទីក្រុង Goyang ក៏បានធ្វើតេស្តវិជ្ជមានផងដែរដែលនាំឲ្យចំនួនពិតប្រាកដនៃការឆ្លងជាចង្កោមនៅផ្សារ Namdaemun ឈានដល់ ១០ នាក់ ។
ចំនួនករណីឆ្លងកូវីដ ១៩ នៅទីក្រុងសេអ៊ូលបានកើនឡើងចំនួន ៦ ដងក្នុងមួយថ្ងៃដែលនាំឲ្យមានករណីឆ្លងចំនួន ១,៦៩៤ នាក់គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ។
ទន្ទឹមនោះនៅទូទាំងប្រទេសកូរ៉េខាងត្បូងបានរកឃើញថាមានករណីឆ្លងកូវីដ ១៩ ចំនួន ៣៤ ករណីបន្ថែមទៀតក្នុងនោះមានការឆ្លងក្នុងប្រទេសចំនួន ២៣ ករណីដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ១៤,៦៦០ ករណី ៕

ប្រភព៖ កម្ពុជាថ្មី