ភ្នំពេញ ៖ យោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឲ្យដឹងថា នៅដើមខែក្រោយនេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា(មួកខៀវកម្ពុជា)ជាង២០០នាក់ផ្នែកថែទាំព្រលានយន្តហោះនិងកម្ទេចគ្រឿងផ្ទុះក្របខណ្ឌអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ដែលនឹងបញ្ចប់បេសកកម្មMINUSMAនឹងត្រូវវិលត្រឡប់មកប្រទេសកម្ពុជា នៅដើមខែកញ្ញាឆ្នាំ២០២០ខាងមុខនេះ។
បើតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកងកម្លាំងរក្សាសន្តិភាពកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជាប្រមាណជាង៣០០នាក់ ទៅចូលរួមថែរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី ដែលលើកទី១បានបញ្ជូនចំនួន៨០នាក់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនិងលើកទី២នេះ គ្រោងនឹងបញ្ជូនមកដល់កម្ពុជានៅដើមខែក្រោយនេះ។
បើតាមក្រសួងសុខាភិបាលក្នុងចំណោមកងកម្លាំងរក្សាសន្តិភាពកម្ពុជា(មួកខៀវកម្ពុជា)៨០នាក់នោះ ក្រសួងបានរកឃើញអ្នកមានតេស្តវិជ្ជមានចំនួន៩នាក់ ហើយអ្នកនៅសល់៧១នាក់ទៀតកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅវិទ្យាល័យបុរី១០០ខ្នង។ ចំណែកកងកម្លាំងរក្សាសន្តិភាពកម្ពុជា(មួកខៀវកម្ពុជា)ជាង២០០នាក់ទៀត ដែលត្រូវមកដល់នៅខែក្រោយក៏នឹងត្រូវធ្វើតេស្តរកកូវីដ១៩ដូចមុនដែរ ហើយបច្ចុប្បន្នផ្នែកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកំពុងសហការជាមួយក្រសួងសុខាភិបាលរកទីតាំង សម្រាប់ធ្វើចត្តាឡីស័កដល់ពួកគាត់ពេលមកដល់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចុះពិនិត្យកងកម្លាំងមួកខៀវកម្ពុជា ៧១នាក់ មកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំទីតាំងចត្តាឡីស័ក នៅតាមសាលារៀននានានៅទូទាំងប្រទេស សម្រាប់បងប្អូនប្រជាពលរដ្ឋ ពលករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងជនបរទេសគ្រប់រូប ចូលមកកម្ពុជា ក្នុងបំណងប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលមេរោគកូវីដ១៩។
លោក អគ្គនាយក បានធ្វើការលើកទឹកចិត្តដល់កងកម្លាំងមួកខៀវទាំងអស់ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាលនៃមេរោគកូវីដ១៩ ស្របតាមអនុសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមវិធាន ក្រសួងសុខាភិបាលកម្ពុជា បានដាក់ចេញ និងកម្លាំងត្រូវមានស្មារតីរឹងមាំ៕
ប្រភព៖ កម្ពុជាថ្មី