ភ្នំពេញ ៖ តាមប្រភពព័ត៌មានច្បាស់ការមួយពីមន្ត្រីជាន់ខ្ពស់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងនៅមុននេះបន្តិចថា ករណីបង្ក្រាបជនជាតិចិនចំនួន២៩នាក់ កាលពីវេលាថ្ងៃត្រង់ម្សិលមិញ នៅក្នុងសណ្ឋាគារមួយ ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញនោះ គឺប្រាកដហើយជាករណីចាប់ជំរិតទារប្រាក់មែន ដោយពួកឧក្រិដ្ឋជនបានទារប្រាក់ពីជនរងគ្រោះ៣នាក់ ដែលសុទ្ធតែជាជនជាតិចិនដូចគ្នាម្នាក់ៗ៥ម៉ឺនដុល្លារអាមេរិក។
ប្រភពព័ត៌មានបានបញ្ជាក់បន្ថែមថា ករណីឧក្រិដ្ឋនោះត្រូវបានកម្លាំងមានសមត្ថកិច្ចរបស់អាវុធហត្ថខណ្ឌនិងរាជធានីភ្នំពេញ ជួយរំដោះបានទាន់ពេលវេលា ដោយមិនអស់ប្រាក់ឡើយកុំអីវាសនាជនរងគ្រោះទាំង៣នាក់នោះទៅជាយ៉ាងណាទេ។ គួរបញ្ជាក់ផងដែរថា ពួកឧក្រិដ្ឋជនដែលសុទ្ធតែជនជាតិដូចគ្នាចំនួន២៩នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបជាក់ស្ដែងនៅចំណុច សណ្ឋាគារមួយដែលមានឈ្មោះថា កណ្តាលសួនច្បារ ស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ តាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី១២ សីហា ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា ដោយមានការណែនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយមេបញ្ជាការរង០២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹ កនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង បានចុះបង្ក្រាប ជនជាតិចិនមួយក្រុម ដោយឃាត់ខ្លួនជនជាតិចិនចំនួន២៩នាក់ (ស្រី០៣នាក់)។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមថា ក្នុងប្រតិបត្តិការមួយករណីឧក្រិដ្ឋនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាន ថាក្រុមជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណី ចាប់ជំរិតយកប្រាក់លើជនជាតិចិនដូចគ្នា។ ក្រោយការបង្ក្រាបភ្លាមៗនោះសមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួន ០៣ នាក់ផងដែរ ដែលពួកឧក្រិដ្ឋជនចាប់បង្ខាំងនៅក្នុងសណ្ឋាគារខាងលើនោះ ដើម្បីឲ្យសាច់ញាតិជនរងគ្រោះយកប្រាក់១៥ម៉ឺនដុល្លារជាការថ្នូរទើបរួចខ្លួន។ ក្នុងករណីនេះ បច្ចុប្បន្ន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរនាំពួកឧក្រិដ្ឋជនទាំងឲ្យរួចរាល់ទើបកសាងសំណុំបញ្ជូនទៅតុលាការបន្តតាមនីតិវិធីច្បាប់៕

ប្រភព៖ កម្ពុជាថ្មី