អ្នកនាង ម៉េង កែវពេជ្ជតា សម្រេចចិត្ត ដាក់ពាក្យបណ្ដឹងចូលមក អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដែលប្ដឹងឈ្មោះ ឈុន សុដារិន្ទ ពីបទ គំរាមកំហែងថានឹងសម្លាប់, ជេរប្រមាថ, បរិហារកេរ្តិ៍ជាសាធារណៈ, និងញុះញង់ឲ្យមានការរើសអើង ។ បេីយោងតាមពាក្យបណ្ដឹងរបស់អ្នកនាង ម៉េង កែវពេជ្ជតា ដែលក្រុមការងារខ្មែរណូតទទួលបាន នាយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ ៖

នាងខ្ញុំឈ្មោះ ម៉េង កែវពេជ្ជតាអាយុ៣១ឆ្នាំ មុខរបរជាសិល្បៈការិនី មានទីលំនៅផ្ទះលេខ២អា៩ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ សូមគោរពជូនឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ កម្មវត្ថុ សំណើសុំប្ដឹងឈ្មោះ ឈុន សុដារិន្ទ ភេទប្រុស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ៦អា ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Sodarin Chhun ប្រើប្រាស់ទូរសព្ទលេខ (076 838 3333) ពីបទ គំរាមកំហែងថានឹងសម្លាប់, ជេរប្រមាថ, បរិហារកេរ្តិ៍ជាសាធារណៈ, និងញុះញង់ឲ្យមានការរើសអើង ។

តបតាមកម្មវត្ថុខាងលើនេះ ខ្ញុំសុំការអនុញ្ញាតជម្រាបជូន ឯកឧត្តម ព្រះរាជអាជ្ញា មេត្តាជ្រាបថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នាងខ្ញុំបានធ្វេីការ Live ក្នុងផេកនាងខ្ញុំ សូមឱ្យនាង អ៊ូ រស្មី ដែលយកបទនាងខ្ញុំទៅច្រៀងនោះ សូមឲ្យដាក់ឈ្មោះនាងខ្ញុំជាម្ចាស់ផង ។ ស្រាប់តែថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បុគ្គលឈ្មោះ ឈុន សុដារិន្ទ នេះបានផ្ញើសារជាអក្សរ និងសំឡេងមកនាងខ្ញុំ ដែលមានលេខ (076 838 3333) ក្នុងសម្ដីមិនទទួលខុសត្រូវ , មិនតែប៉ុណ្ណោះនៅថ្ងៃបន្ទាប់ គាត់បានផ្ញើសារជាសំឡេងមកចំអកមើលងាយនាងខ្ញុំ និងបានធ្វើការបង្ហោះពាក្យជេម្ដាយឪពុកខ្ញុំ និងប្រមាថមាក់ងាយដោយភាសាដ៏គ្រោតគ្រាត ព្រមទាំងបានផ្ញើរូបកាំភ្លើងជាមួយនឹងពាក្យគំរាមនាងខ្ញុំថា ៖ គាត់មានខ្នងធំណាស់ ធំជាងនរណាទាំងអស់ ចំពោះពាក្យជេរគំរាមនេះ មានតាមប្រព័ន្ធ Telegram និងបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ ដែលមានភស្តុតាងដូចបានភ្ជាប់មកជាមួយនេះ ។

មិនតែប៉ុណ្ណោះបុគ្គលឈ្មោះ ឈុន សុដារិន្ទ ក៏បានជេរនាងខ្ញុំតាម Telegram SMS ដោយប្រើលេខ (076 838 3333) ហើយចុងក្រោយគាត់បានទូរស័ព្ទចូលមកលេខនាងខ្ញុំផ្ទាល់ដោយរស់ច្រើនណាស់នៅពេលដែលនាងខ្ញុំកំពុង Live (ហ្វេសប៊ុក) នឹងបានចូលមកខំមិនជេរប្រមាថបន្ថែមក្នុងផេកនាងខ្ញុំ ឲ្យមនុស្សរាប់ពាន់នាក់បានឮទៀតផង។ នាងខ្ញុំសូមជម្រាបជូនថា ៖ បុគ្គលឈ្មោះ ឈុន សុដារិន្ទ នេះ បានលួចចម្លងបទចម្រៀងនាងខ្ញុំ ទៅឲ្យអ្នកផ្សេងធ្វើអាជីវកម្ម ដោយមិនបានដាក់ឈ្មោះនាងខ្ញុំ ជាម្ចាស់ដេីមទេ ឃើញដូចនេះខ្ញុំគ្រាន់តែធ្វើការសំណូមពរគាត់ឲ្យដាក់ឈ្មោះនាងខ្ញុំជាម្ចាស់បទផង គាត់បែរជាខឹងក្រោដ និងពោលពាក្យគ្មានសីលធម៌ ព្រមទាំងគំរាមសំឡុតម្ដងហើយម្ដងទៀត ទើបនាងខ្ញុំសម្រេចចិត្ត ដាក់ពាក្យបណ្ដឹងចូលមក អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ តែម្ដង។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ មេត្តាចាត់ការតាមនីតិវិធី ដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យរូបនាងខ្ញុំដោយក្តីអនុគ្រោះ ។ សូមឯកឧត្តមមេត្តាទទួលនូវការគោរពដ៏ជ្រាលជ្រៅបំផុតអំពីនាងខ្ញុំ ស្នាមផ្ដិតមេដៃ ម៉េង កែវពេជ្ជតា។

សូមបញ្ជាក់ថា បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកនិពន្ធបទភ្លេង បានប្រកាសនៅលើ Facebook អោយអ្នកនាង ម៉េង កែវពេជ្ជតា សុំទោសខ្លួនបើមិនចង់មានរឿងធំ ក្រោយពេលតារាចម្រៀងល្បីឈ្មោះ ម៉េង កែវពេជ្ជតា បានបង្ហោះសារដៀមដាមអោយអ្នកធ្វើបទភ្លេងដែលយកបទចម្រៀងរបស់នាងទៅធ្វើថ្មី ហើយមិនបានសុំសិទ្ធិ និងដាក់ឈ្មោះម្ចាស់បទដើម។

លោក Sodarin Chhun បានរៀបរាប់ថា ៖ “ម៉េង ពេជ្ជតាបើមិនចេញវីដេអូសុំទោសញុំទេនឺងមានរឿងធំជាងនេះ សម្បត្តិត្រឺមច្រៀងសុីឈ្នួលគេសោះមកហ៊ានប្រតិកម្មជាមួយញុំ លេងវាឡើងចាស់ដៃហើយជាមួយញុំមុិញនឹង ឥឡវខលវាលែងលើកហើយ” លោកក៏បានបន្ថែមមួយឃ្លាទៀតថា៖ “ង៉ៃងបើមិនចេញវីដេអូចេញសុំទោសអញទេ ង៉ៃងរឿងធំជាមួយអញហើយ មីសំគីស ម៉េង មីស្លាប់ឡានបុក”។

គួរបញ្ជក់ផងដែរថា កាលពីយប់ថ្ងៃទី០៦ ខែសីហា នេះដែរ អ្នកនាង ម៉េង កែវពេជ្ជតា បានធ្វើការ Live វិដេអូ ស្រាប់តែលោក Sodarin Chhun បាន Call ចូលហើយឈ្លោះគ្នាបែកផ្សែងពេលកំពុង Live វិដេអូថែមទៀតផង៕

ប្រភព៖ខ្មែរណូត