Home ពត៌មាន នាយករដ្ឋមន្ត្រីឥណ្ឌា​ព្រមានចិន​ រឿងព្រំដែន

នាយករដ្ឋមន្ត្រីឥណ្ឌា​ព្រមានចិន​ រឿងព្រំដែន

27
0

នៅថ្ងៃសៅរ៍នេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានចេញការព្រមានថ្មីមួយទៅកាន់ប្រទេសចិនជុំវិញភាពតានតឹងនៅព្រំដែនដោយលោកបានប្រើសុន្ទរកថាដ៏សំខាន់បំផុតប្រចាំឆ្នាំដើម្បីសន្យាថានឹងកសាងយោធាឲ្យកាន់តែខ្លាំង។

អ្នកចូលរួមនៅឯវិមានប្រវត្តិសាស្ត្រ Red Fort ក្នុងទីក្រុងញូវដែលីដើម្បីស្តាប់សុន្ទរកថាត្រូវបានកាត់បន្ថយជាងពាក់កណ្តាលមកត្រឹម៤,០០០នាក់ដោយពួកគេទាំងអស់បានអង្គុយនៅគម្លាតពីរម៉ែត្រពីគ្នាដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។

នាយករដ្ឋមន្រ្តីជាតិនិយមហិណ្ឌូរូបនេះបានលើកឡើងអំពីការប្រឈមមុខដាក់គ្នាជាមួយប្រទេសប៉ាគីស្ថាននិងចិននៅព្រំដែនដែលមានជម្លោះប៉ុន្តែមិនបានបញ្ចេញឈ្មោះប្រទេសណាមួយចំៗនោះទេ។

លោកបាននិយាយថា “អ្នកណាដែលសម្លឹងឃើញអធិបតេយ្យភាពរបស់ប្រទេសនេះ កងទ័ពរបស់ប្រទេសនេះបានឆ្លើយតបទៅពួកគេវិញតាមភាសារបស់ពួកគេ។ បូរណភាពទឹកដីរបស់ឥណ្ឌាគឺប្រសើរបំផុតសម្រាប់យើង។ អ្វីដែលយើងអាចធ្វើបាន អ្វីដែលទាហានរបស់យើងអាចធ្វើបាន អ្នកគ្រប់គ្នាបានឃើញហើយនៅ Ladakh”។ លោកនិយាយបែបនេះដោយសំដៅទៅលើការប៉ះទង្គិចនៅព្រំដែនជាមួយកងទ័ពចិនក្នុងតំបន់ហិម៉ាល័យកាលពីថ្ងៃទី១៥ខែមិថុនា។

លោកបានបន្ថែមថា យោធាដែលមានកម្លាំង១.៤លាននាក់នឹងត្រូវបានពង្រឹង។

ទាហានឥណ្ឌាចំនួន២០នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាដែលភាគីទាំងសងខាងបានវាយគ្នានឹងដំបង ដុំថ្មនិងកណ្តាប់ដៃ។ ប្រទេសចិនក៏បានទទួលស្គាល់ផងដែរថា ខ្លួនមានទាហានរងគ្រោះថ្នាក់ប៉ុន្តែមិនបានផ្តល់តួលេខទេ។

ភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការប្រយុទ្ធគ្នាហើយកងទ័ពឥណ្ឌានិងចិនរាប់ម៉ឺននាក់ត្រូវបានបញ្ជូនទៅតំបន់នោះចាប់តាំងពីពេលនោះមក៕

ប្រភព៖​ កម្ពុជាថ្មី