Home ពត៌មាន ព័ត៌មានក្រៅស្រុក កូរ៉េខាងត្បូងរឹតត្បឹតក្នុងរដ្ឋធានីឡើងវិញ ក្រោយផ្ទុះករណីក្នុងសហគមន៍ម្តងទៀត

កូរ៉េខាងត្បូងរឹតត្បឹតក្នុងរដ្ឋធានីឡើងវិញ ក្រោយផ្ទុះករណីក្នុងសហគមន៍ម្តងទៀត

23
0

ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៦៦ គិតត្រឹមថ្ងៃសុក្រ ដោយក្នុងនោះមាន ១៥៥ ជាករណីក្នុងស្រុក ដែលជំរុញឱ្យមានការរៀបចំឡើងវិញនូវការរឹតបន្តឹងការរក្សាគម្លាតនៅក្នុងទីក្រុងសេអ៊ូល ខណៈអាជ្ញាធរកំពុងបារម្ភពីរលកថ្មីឆ្លងនេះ។ កូរ៉េខាងត្បូងធ្លាប់បានប្រើប្រាស់ការតាមដាន និងការធ្វើតេស្តទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ ប៉ុន្តែប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទីបួននៅអាស៊ីមួយនេះ បានជួបប្រទះការផ្ទុះឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលភាគច្រើនផ្ទុះចេញនៅតំបន់រដ្ឋធានីដែលមានប្រជាជនច្រើន។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយថា ប្រទេសខ្លួនបានរាយការណ៍ពីករណីក្នុងសហគមន៍ ដែលនៅសុខៗវាស្រាប់តែផ្ទុះឡើង នារយៈពេល២ថ្ងៃជាប់ៗគ្នាមកនេះ ហើយក៏ជាលើកដំបូងនៅក្នុងរយៈពេលជាងបួនខែកន្លងមក។ ករណីថ្មីនេះបានធ្វើឱ្យកូរ៉េខាងត្បូងមានការកើនឡើងករណីសរុបដល់ ១៥,០៣៩ នាក់ ដោយមានមនុស្ស ៣០៥នាក់បានស្លាប់។ ការរីករាលដាលថ្មីៗនៃការឆ្លង កំពុងលេចឡើងនៅក្នុងការប្រមូលផ្តុំតាមព្រះវិហារជាច្រើន។ នាយករដ្ឋមន្រ្តីលោក Chung Sye-kyun បានប្រាប់កិច្ចប្រជុំមួយនៅថ្ងៃសៅរ៍នេះថា អាជ្ញាធរបានសម្រេចដាក់ចេញឡើងនូវគោលការណ៍ណែនាំនៃការរក្សាគម្លាតដំណាក់កាលទីពីរ សម្រាប់ទីក្រុងសេអ៊ូល និងខេត្ត Gyeonggi ដែលនៅក្បែរនោះ។

អាជ្ញាធរសុខាភិបាលបានចាត់ថ្នាក់ច្បាប់នៃការរក្សាគម្លាតជា ៣ដំណាក់កាល ដោយដំណាក់កាលទី១ គឺមិនសូវតឹងរឹងទេ ហើយដំណាក់កាលទី៣ ដែលតឹងតែងជាងគេបំផុត នឹងតម្រូវឱ្យសាលារៀន និងអាជីវកម្មត្រូវបិទទ្វារ។ ចំណែកដំណាក់កាលទី២ នឹងកំណត់ការប្រមូលផ្តុំខាងក្នុង (indoor) មានគ្នា ៥០នាក់ និងការជួបជុំនៅខាងក្រៅក្រោម ១០០នាក់ ហើយហាមប្រាមមិនឱ្យមានអ្នកទស្សនាការប្រកួតកីឡាឡើយ ខណៈការហាមឃាត់នេះកំពុងត្រូវបានអ្នកស្រឡាញ់កីឡាមិនសប្បាយចិត្តប៉ុន្មានទេ ដោយសារតែពួកគេទើបតែបានចូលមើលការប្រកួតផ្ទាល់ភ្នែកឡើងវិញប៉ុណ្ណោះ៕

ប្រភព៖ខ្មែរណូត