Home ពត៌មាន អ្នកទៅសៀមរាបខកចិត្ត! ! ក្រោយ​ Pub Street បេីកមិនទាន់បានប៉ុន្មានផងត្រូវផ្អាកវិញ​ ព្រោះមនុស្សសម្រុកទៅលេងពេក​ ដោយសារខ្លាចមាន

អ្នកទៅសៀមរាបខកចិត្ត! ! ក្រោយ​ Pub Street បេីកមិនទាន់បានប៉ុន្មានផងត្រូវផ្អាកវិញ​ ព្រោះមនុស្សសម្រុកទៅលេងពេក​ ដោយសារខ្លាចមាន

38
0

សៀមរាប៖ អាជ្ញាធរខេត្ត​សៀមរាប បាន​សម្រេច​ផ្អាកជាបណ្តោះអាសន្ននូវអាជីវ​កម្ម​ និង​ការ​កម្សាន្ត​នៅទីតាំងផាប់ស្ទ្រីក​ (Pub Street) ក្បែរ​​ផ្សារ​ចាស់ ក្រុង​សៀមរាប ដោយ​បារម្ភខ្លាចមានការ​ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ខណៈម្ចាស់អាជីវកម្មខ្លះមិនគោរពវិធានសុវត្ថិភាព ស្របពេលដែលមានការ​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​ច្រើន​នៅទីនោះ។ នេះបើយោងតាមហ្វេស​ប៊ុក​ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ២០២០។

ស្នងការ​រងនគរបាលខេត្តសៀមរាប លោក ជា គឹមសាន បានឱ្យដឹង​ថា អាជ្ញាធរ​ខេត្ត បាន​សម្រេច​ផ្អាក​​ការលក់ដូរ និង​ការ​កម្សាន្តនៅទីតាំង Pub Street ជាបណ្តោះអាសន្ន ចាប់តាំងពីម៉ោងជាង ១១យប់​ថ្ងៃចន្ទ ដោយសារមានប្រជាពល​រដ្ឋ​ជា​ច្រើន បាន​ទៅកម្សាន្ត​នៅទីនោះ ខណៈដែលម្ចាស់អាជីវកម្មមួយចំនួន​នៅទីនោះ ពុំ​បាន​រៀបចំគម្លាតសុវត្ថិភាពសម្រាប់​ភ្ញៀវ។

លោក​បាន​បន្ថែមថា ថ្នាក់ដឹកនាំខេត្ត លោកមានការ​ព្រួយ​បារម្ភពី​ការ​ឆ្លង​រាលដាលនៃ​ជំងឺកូវីដ១៩ទើបបញ្ជាជឱ្យផ្អាក​ជាបណ្តោះអាសន្ន​សិន ហើយ​អាជ្ញាធរ​នឹងរៀបចំការប្រជុំមួយ ជាមួយ​ក្រុមអាជីវករដែលជាម្ចាស់អាជីវកម្ម​នៅតំបន់ Pub Street ទាំងអស់ នៅម៉ោង២រសៀល​នេះ ពាក់ព័ន្ធនឹងការរៀបចំគម្លាតសុវត្ថិ​ភាព និងវិធានការ​ការពារ​ជំងឺកូវីដ១៩។

ចំពោះការ​បើក​ដំណើរការឱ្យ​មានការ​កម្សាន្តឡើងវិញ នៅតំបន់ Pub Street ពេលណានោះ លោក​ស្នងការ​រង​ខេត្ត ជា គឹមសាន ពុំទាន់អាចបញ្ជាក់បាននៅឡើយ ដោយរងចាំលទ្ធ​ផល​ប្រជុំជាមួយ​អាជីវកម្ម​សិន។

សូមបញ្ជាក់ថា ក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្ត​សៀមរាប សហការជាមួយ​សហភាពសហព័ន្ធយុវជន​កម្ពុជា​ខេត្ត បានរៀបចំកម្មវិធី «សម្រាកសៀមរាប» ដើម្បីទទួល​ភ្ញៀវទេស​ចរជាតិ និង​អន្តរ​ជាតិ ដែល​ទៅកម្សាន្តនៅខេត្តសៀមរាប។

បើតាមរដ្ឋបាល​ខេត្តសៀមរាបថា កម្មវិធីកម្សាន្តដែល​រៀបចំសម្រាប់ទទួលភ្ញៀវទេស​ចរនោះ រួមមាន កម្មវិធីសាសនា, កម្មវិធីពិពណ៌បន្លែផ្លែឈើ កសិផល ផលិត​ផលក្រុង​-ស្រុកទាំង​១២​, កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំងឆ្ងាញ់ជាង​គេ​នៅខេត្តសៀមរាប, ផ្សារទឹក, ផាប់ស្ទ្រីត (Pub Street), កម្មវិធីកីឡាវាយកូនហ្គោល, កម្មវិធីដើរ​ព្រៃចង្ក្រាន​រយ ភ្នំគូលែន និង​ផ្ទាំង​ទស្សនីយភាពសិល្បៈ។

តែយ៉ាងណា អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំង​អស់ ត្រូវ​មានការ​ប្រុងប្រយ័ត្នខ្ពស់ ការ​ពារខ្លួន និងចូលរួម​ទប់ស្កាត់ការ​រាតត្បាតនៃ​​ជំងឺកូវីដ​១៩,​ត្រូវ​ពាក់ម៉ាស់ ឬក្រមា, ជែលឬអាល់កុលលាងដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម។

របាយការណ៍របស់ក្រសួងទេសចរណ៍ដែលបាន​ផ្សព្វផ្សាយ​លើហ្វេស​ប៊ុក នៅថ្ងៃនេះ បាន​ឱ្យ​ដឹង​ថា នៅថ្ងៃដំបូងនៃថ្ងៃសម្រាក​សង​បុណ្យ​ចូលឆ្នាំខ្មែរ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ មាន​​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដើរ​កម្សាន្តនៅទូទាំង​ប្រទេសចំនួន ២៣៣ .៣២៩នាក់ ក្នុងនោះ នៅខេត្ត​សៀមរាប មានចំនួន ២៨ .១៤០នាក់៕

ប្រភព៖​ MYTV