អាជ្ញាធរថៃ បានចេញដីកាតាមចាប់តាមចាប់ក្រុមសកម្មជន ៦នាក់ ដែលជាអ្នកនៅពីក្រោយការតស៊ូដ៏ចម្រូងចម្រាស់នៅក្នុងសង្គមថៃនាពេលថ្មីៗនេះ ជាហេតុនាំឲ្យក្រុមបាតុករសុទ្ធសឹងជាសិស្ស បានទាមទារឲ្យមានការធ្វើកំណែទម្រង់រាជជាធិបតេយ្យដ៏មានឥទ្ធិពលរបសើ់ប្រទេសនេះ។
ក្នុងដីកាចាប់ខ្លួននេះដែរ តុលាការបានចោទប្រកាន់អ្នកទាំង ៦រូប មិនត្រឹមតែជាប់ពាក់ព័ន្ធក្នុងការបំផុសឲ្យសិស្សារាប់ពាន់នាក់ ធ្វើបាតុកម្មទាមទារធ្វើកំណែទម្រង់រាជជាធិបតេយ្យថៃនោះទេ ក៏ជាប់ពាក់ព័ន្ធការទោសបង្កមហន្តរាយដល់សន្តិសុខផ្ទៃក្នុងជាង និងប៉ះពាល់វិធានការទប់ស្កាត់កូវីដ ១៩ របស់ប្រទេសទៀតផង។

ក្នុងចំណោមសកម្មជនដែលជាមុខសញ្ញាតាមចាប់ខ្លួនទាំងអស់ គឺរាប់បញ្ចូលទាំងយុវជនឈ្មោះ Panusaya Sithijirawattankul វ័យ ២១ឆ្នាំ ដែលជាអ្នកអានសន្ទុរកថា ទាមទារឲ្យធ្វើកំណែទម្រង់រាជជាធិបតេយ្យ ខណៈជនជាប់ចោទម្នាក់ទៀតឈ្មោះ Anon Nampa ត្រូវគេស្គាល់ថា ជាអ្នកអំពាវនាវឲ្យមានការធ្វើកំណែទម្រង់រាជវង្សថៃ និងធ្លាប់ត្រូវតុលាការចោទប្រកាន់ចាប់តាំងពីបាតុកម្មមុនដំបូងមកម្ល៉េះ។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Amphol Buarabporn មេបញ្ជាការប៉ូលិសថៃ បានប្រាប់ថា ប្រសិនបើអ្នកទាំង ៦ មិនព្រមចូលមកសារភាពទេនោះ បើសិនជាប៉ូលិសប្រទះឃើញនៅទីណា ពួកគេនឹងត្រូវចាប់ខ្លួននៅទីនោះភ្លាម។
ស្ថានភាពក្នុងប្រទេសថៃបច្ចុប្បន្ន កំពុងតែវឹកវរខ្លាំង ទាំងការប្រឹងប្រែងទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ក៏ដូចជាការទប់ស្កាប់បាតុកម្មរបស់សិស្ស និសិត្ស ដែលកំពុងទាមទារឲ្យរំលាយរដ្ឋាភិបាលថៃ ទាមទារនាយករដ្ឋមន្ត្រីប្រយុទ្ធ ចាន់អូចា ចុះចេញពីដំណែង អ្វីកាន់តែធ្វើធ្ងរ គឺទាមទារឲ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញដែលត្រូវពួកគេចង់ទាមទារដកសិទ្ធិអំណាចគ្រប់គ្រងរដ្ឋធម្មនុញ្ញពីស្តេច Maha Vajiralongkorn ខណៈការទាមទារទាំងនេះ គឺជាប្រធានបទក្តៅបំផុតក្នុងសង្គមថៃ ប៉ុន្តែត្រូវគេហាមឃាត់ជាច្រើនឆ្នាំមកហើយ។
យោងតាមច្បាប់ប្រទេសថៃ ជនណាម្នាក់ដែលហ៊ានប្រមាថដល់រាជាធិបតេយ្យ នឹងត្រូវផ្តន្ទាទោសជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។ ប៉ុន្តែបើតាមសម្តីរបស់លោក ប្រយុទ្ធ ចាន់អូចា ព្រះមហាក្សត្រថៃ បានស្នើមិនឲ្យប្រើច្បាប់កំពូលរបស់ថៃមួយនេះ ដើម្បីដាក់ទោសទណ្ឌលើសិស្សនិសិត្សកំពុងធ្វើការតវ៉ាទាំងនោះឡើយ៕
ប្រភព៖ កម្ពុជាថ្មី