វៀតណាម នៅថ្ងៃទី២០ ខែសីហា បានប្រកាសថាមានករណីឆ្លងCOVID-19 ថ្មីចំនួន ១៤ករណី។ តួលេខនេះ បានធ្វើវៀតណាមកើនឡើងករណីឆ្លងសរុបដល់ ១០០៧ករណី។ ចំណែកអ្នកស្លាប់មានចំនួន ២៥នាក់ និងអ្នកជាសះស្បើយមានចំនួន ៥៤២នាក់។
ភាគច្រើននៃករណីឆ្លងកូរ៉ូណាវីរុសថ្មីនៅវៀតណាម គឺមានពាក់ព័ន្ធទៅនឹងទីក្រុងដាណាង។ បើទោះបីជាCOVID-19 បានផ្ទុះឡើងនៅក្នុងទីក្រុងដាណាងក៏ដោយ ប៉ុន្តែអាជ្ញាធរបានទប់ស្កាត់ការរាតត្បាតយ៉ាងប្រសើរ ពោលគឺមិនឲ្យផ្ទុះខ្លាំងនៅតំបន់ផ្សេងទៀតឡើយ សូម្បីតែតំបន់ក្បែរខាងដាណាង។
ការរក្សាគម្លាតសុវត្ថិភាព វាស់កម្តៅ ការអំពាវនាវឲ្យប្រជាជនពាក់ម៉ាស់ ការរឹតត្បិតលើកជួបប្រជុំ និងវិធានការផ្សេងទៀត សុទ្ធតែជាយុទ្ធសាស្ត្ររបស់វៀតណាម ក្នុងការទប់ស្កាត់ការរាតត្បាតកូរ៉ូណាវីរុសនៅក្នុងប្រទេស។
សូមបញ្ជាក់ថា ទីក្រុងដាណាង បានរាយការណ៍ពីករណីផ្ទុះCOVID-19 ដំបូង នៅចុងខែកក្កដាកន្លងមក បន្ទាប់ពីមិនមែនករណីឆ្លងនៅក្នុងស្រុកតាំងពីថ្ងៃទី១៦ ខែមេសា។ ករណីផ្ទុះនេះ ត្រូវបានអាជ្ញាធរអះអាងថា គឺមានពាក់ព័ន្ធនឹងមន្ទីរពេទ្យបីកន្លែងក្នុងទីក្រុង ចំណែកប្រភពចម្លង គឺគេមិនទាន់បានរកឃើញនៅឡើយទេ៕
ប្រភព៖ កម្ពុជាថ្មី