ពោធិ៍សាត់ ៖ សមត្ថកិច្ច នគរបាល ខេត្តពោធិ៍សាត់ បានឃាត់ខ្លួននារី២នាក់ នៅចំណុចភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ក្រោយពេលពួកគេ លក់ទឹកឃ្មុំ ផលិតពីស្ករត្នោត។
ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាC125 មួយគ្រឿង គ្មានស្លាកលេខ បានដឹកទឹកឃ្មុំ ដើរលក់ឲ្យប្រជាពលរដ្ឋទូទៅ ខណៈមកដល់ផ្ទះជនរងគ្រោះឈ្មោះ ផៃ យូវ អាយុ៦០ ឆ្នាំ ភេទស្រី រស់នៅក្នុងភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យ និងឈ្មោះ ប៊ូ ម៉េងគួយ អាយុ ២២ ឆ្នាំ ភេទប្រុស ។
ខណៈមកដល់ផ្ទះជនរងគ្រោះទាំងពីរ ជនសង្ស័យក៏បានឈប់ម៉ូតូ ចូលលក់ទឹកឃ្មុំ ចំនួន២០០លីត្រ ឲ្យពួកគាត់ទិញទុកសម្រាប់លក់បន្ត តែមិនបានប៉ុន្មានថ្ងៃផង ទឹកឃ្មុំនោះ ក៏ក្លាយជាក្រាមស្ករត្នោត ទើបដឹងថា ចាញ់បោកគេ ។
មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានស្វែងរកមុខសញ្ញាលក់ទឹកឃ្មុំ ដើម្បីចាត់ការ ។
ចំពោះករណីនេះ សមត្ថកិច្ចបានដកហូតទឹកឃ្មុំក្លែងក្លាយ ចំនួនប្រហែល ១០០ លីត្រ និងម៉ូតូមួយគ្រឿងរួមទាំង ជនសង្ស័យទាំង០២នាក់ ៕
ប្រភព៖ កម្ពុជាថ្មី