ស្អែកនេះ! ! ដល់ថ្ងៃព្រះតេជគុណ​ G-devith លាចាកសិក្ខាបទហេីយ

0
26

ភ្នំពេញ ៖ ក្រោយពេល​សម្រេចចិត្ត​ចូល​សាង​ផ្នួស​ជា​ព្រះសង្ឃ​ ដើម្បី​ប្រតិបត្តិ​តាម​ព្រះធម៌​វិន័យ​របស់​ព្រះពុទ្ធសាសនា​អស់​រយៈពេល​១​ខែ​នោះ ​តារា​ចម្រៀង​រ៉េ​ប​ឬ​ព្រះសង្ឃ ងួន ចាន់​ដេវីត​ហៅ G-devith បាន​មាន​សង្ឃដីកា​ដោយ​បញ្ជាក់​ថា ​ព្រះ​តេជគុណ​នឹង​ត្រូវ​លាចាក​សិក្ខាបទ​វិញ​នា​ថ្ងៃ​ទី​២២ ​ខែ​សីហា ឆ្នាំ​២០២០​ស្អែក​នេះ​។

​គេ​ចាំ​បាន​ថា​ព្រះ​តេជគុណ G-devith បានសម្រេច​ចិត្ត​ដាក់ខ្លួន​ចូល​បួស​ជា​ព្រះ​សង្ឃ​កាលពី​ថ្ងៃទី​ ២២​ ខែ​កក្កដា ដែល​គិត​រហូត​មក​ទល់​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២០​ស្អែក​នេះ​ គឺ​មាន​រយៈពេល​១​ខែ​គត់​ ដែល​ព្រះ​តេជគុណ G-devith បាន​គ្រង​នូវ​ស្បង់​ក្នុង​ការ​ប្រតិបត្តិ​ឲ្យ​ខ្ជាប់ខ្ជួន​តាម​មាគ៌ា​ ដែល​ព្រះពុទ្ធ​បាន​ពុទ្ធដីកា​ដល់​សត្វលោក​។ ចំពោះ​សកម្មភាព​របស់​លោក G-devith​ នេះ​ដែរ ​បាន​ធ្វើ​ឲ្យ​មហាជន​កោតសរសើរ​គ្រប់គ្នា ​ព្រោះ​ក្រៅពី​មានចំណេះ​ជំនាញ​ផ្នែក​សិល្បៈ​ មាន​សមត្ថភាព​រក​ប្រាក់ បំពេញ​តាម​សេចក្តី​ត្រូវការ​របស់​ខ្លួន និង​គ្រួសារ​ហើយ​នោះ លោក​ក៏​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​មួយ​រូប​ផង​ដែរ​។ ជាមួយគ្នានេះដែរ​ នៅ​ក្នុង​កិច្ច​សម្ភាសន៍​ដែល​កម្ពុ​ជាថ្មី​ទើប​ទទួល​បាន​ព្រះ​តេជគុណ G-devith បាន​មាន​សង្ឃដីកា​ដោយ​បញ្ជាក់​ប្រាប់​ពី​ពេលវេលា​កំណត់​នៃ​ថ្ងៃ​លាចាក​សិក្ខាបទ​ថា ​ព្រះ​តេជគុណ​នឹង​ត្រៀម​សឹក​វិញ​នៅ​ថ្ងៃស្អែក​នេះ​ហើយ​ ពោល​គឺ​ខួប​គម្រប់​១​ខែ​នៃ​ការ​សាងផ្នួស​។

​ព្រះ​តេជគុណ​បាន​មាន​សង្ឃដីកា​ទៀត​ថា​ ហេតុផល​ដែល​នាំ​ឲ្យ​ព្រះ​តេជគុណ​សម្រេច​សាង​ផ្នួស​ប្តូរ​ឈ្មោះ​ជា​សង្ឃ​រយៈពេល​១​ខែ​នេះ ​ក៏​ព្រោះតែ​ព្រោះ​ព្រះ​តេជគុណ​ត្រូវការ​នូវ​ភាព​ស្ងប់ស្ងាត់​ ក៏ដូចជា​ចង់​រំងាប់​នូវ​អារម្មណ៍​ខ្លួនឯង​និង​ចង់​ដឹង​ពី​វិស័យ​ព្រះពុទ្ធសាសនា​។ ម្យ៉ាងទៀត​ព្រះធម៌​ក៏​ជាទី​ស្ងប់ស្ងាត់​បំបាត់​រាល់​ទុក្ខ​កង្វល់​នឹង​ភាព​ស្មុគស្មាញ​ ដែល​បាន​ឆ្លងកាត់​នា​ពេល​កន្លងមក​ផង​ដែរ​៕

ប្រភព៖​ កម្ពុជាថ្មី