Home ពត៌មាន លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ​បាន​បង្ហាញ​នូវ​​ក្តី​សង្ឃឹម​ថា​ កម្ពុជា ​នឹង​អាច​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​ចូល​​ក្នុង​សហគមន៍

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ​បាន​បង្ហាញ​នូវ​​ក្តី​សង្ឃឹម​ថា​ កម្ពុជា ​នឹង​អាច​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​ចូល​​ក្នុង​សហគមន៍

35
0

ភ្នំពេញ ៖ ខណៈ​សល់​តែ​២​ថ្ងៃ​ទៀត​ នឹង​ផុត​ថ្ងៃ​ឈប់សម្រាក​រយៈពេល​វែង​នោះ ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ​បាន​បង្ហាញ​នូវ​​ក្តី​សង្ឃឹម​ថា​ កម្ពុជា ​នឹង​អាច​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​ចូល​​ក្នុង​សហគមន៍។ ​ស្រប​ពេល​មួយ​សប្ដាហ៍​នេះ​ នៅ​មិនទាន់មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ទៅ​ក្នុង​តំបន់​ទេសចរណ៍​ណាមួយ​នៅឡើយ​ទេ​។​

លោកស្រី ​បាន​មានប្រសាសន៍ថា ​«​ដូចនេះ​នៅ​សល់តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ​គឺ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​នៃ​ថ្ងៃ​ចុង​សប្ដាហ៍ ​យើង​នឹង​អាច​ឆ្លង​ផុត​បញ្ហា​នេះ​ទាំង​អស់​គ្នា​។

លោកស្រី​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បន្ត​ថា ​«​នៅ​ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​យូរ​នេះ​មិនទាន់មាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ តាម​ទីតាំង​ណាមួយ ​ក្រៅ​តែពី​មាន​ករណី​មាន​ឆ្លង​ជំងឺ​ផ្តាសាយធំ​ ដែល​កើត​ឡើង​ទៅលើ​ព្រះសង្ឃ​នា​ខេត្ត​តាកែវ​ប៉ុណ្ណោះ​»​។

តែ​យ៉ាងណាក៏ដោយ លោកស្រី​ នៅតែ​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​មួយ​ចំនួន​ បន្ត​អនុវត្ត​តាម​វិធានការ​សាមញ្ញ​ៗ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ទាំង​អស់​គ្នា​ដូចជា ពាក់​ម៉ាស់ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ និង​រក្សា​គម្លាត​បុគ្គល​យ៉ាងហោចណាស់​១​ម៉ែត្រ​កន្លះ​ ពិសេស​កុំ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ប្រមូលផ្ដុំ​ច្រើនពេក​ ឬ​ចូល​ទីកន្លែង​​បិទ​ជិត ​ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ នៃ​ការ​ចម្លង​ជំងឺ​កូ​វីដ-​១៩​ ដើម្បី​កុំ​ឲ្យ​ការ​សប្បាយ​របស់​បងប្អូន​ក្លាយទៅជា​ទុក្ខ​។​

លោកស្រី​បាន​បន្តទៀតថា ​ប្រសិនបើ​ប្រជាពលរដ្ឋ​មានការ​ធ្វេសប្រហែស​នោះ​ ជំងឺ​កូ​វីដ​-១៩​ នឹង​វាយ​លុក​យើង​ភ្លាម​នៅ​គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​ នឹង​ឈាន​ចូល​ឆ្លង​រីក​រាលដាល​បន្តទៅ​ដល់​សហគមន៍​ ព្រោះថា​យើង​មិនដឹងថា​បុគ្គល​ណាមួយ​មាន​ឆ្លង​ជំងឺ​នេះ​នោះទេ​។​
​ ​
ក្រសួងសុខាភិបាល កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌​មាន ស្ដីពី​ករណី​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ-​១៩ ចំនួន​០៦​នាក់ និង​មិន​មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ នោះ​ទេ​។​

បើតាម​ក្រសួងសុខាភិបាល​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១​សីហា​នេះ​ កម្ពុ​ជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ២៧៣​នាក់។ ​ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​២៥៩​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​មាន​ចំនួន​សរុប​១៤​នាក់​។​
​យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បានឲ្យ​ដឹងថា ​រយៈពេល​៤​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​១៧​ដល់​ថ្ងៃទី​២០​ ខែ​សីហា ​ឆ្នាំ​២០២០ ​មាន​ប្រជាពលរដ្ឋ​ខ្មែរ ​និង​បរទេស​ដែល​បាន​ចេញ​ដើរ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់សម្រាក​សរុប​ចំនួន​១១៦៩.៨២៤​នាក់​។​

ក្រសួងទេសចរណ៍​ជឿជាក់​ថា រហូតដល់​ដំណាច់​សប្ដាហ៍​នេះ ចំនួន​ទេសចរ​ជាតិ​ទៅកាន់​តំបន់​ទេសចរណ៍​នានា​ នឹង​បន្ត​កើនឡើង​ទៀត​ដោយសារ​ស្ថានភាព​សន្តិសុខ សណ្ដាប់ធ្នាប់​ តាម​កន្លែង​កម្សាន្ត​នានា ​នៅតែ​រក្សា​បាន​ល្អប្រសើរ ​ពិសេស​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​ ដោយសារ​ករណី​ឆ្លង​នៅ​កម្ពុជា​ជា​ករណី​នាំចូល​៕

ប្រភព៖​ កម្ពុជាថ្មី