Home ពត៌មាន កម្ពុជាក៏ធ្លាប់មានក្រុមកម្ម៉ង់ដូណាវីសៀលដែរ​ គឺមានឈ្មោះថា​ “Cambodia Navy SEALs​”

កម្ពុជាក៏ធ្លាប់មានក្រុមកម្ម៉ង់ដូណាវីសៀលដែរ​ គឺមានឈ្មោះថា​ “Cambodia Navy SEALs​”

79
0

កម្ម៉ង់ដូណាវីសៀលសហរដ្ឋអាមេរិក UNITED STATES NAVY SEALS (Sea Air and Land) គឺជាទ័ពពិសេសដ៏ល្បីល្បាញជាងគេក្នុងចំណោមទ័ពពិសេសទាំងអស់លើពិភពលោក ដែលបានប្រលូកចូលក្នុងប្រត្តិបត្តិការសឹកជាច្រើនប្រកបដោយជោគជ័យ ដូចជាការតាមប្រមាញ់មេភេរវកម្មអូសាម៉ា ប៊ិនឡាឌែនជាដើម ចំណែកឯកម្ពុជាក៏ធ្លាប់មានកងកម្ម៉ង់ដូណាវីសៀលផងដែរ កាលពីសម័យទស្សវត្សរ៍ទី៧០។

នាកំឡុងសម័យសង្រ្គាមសុីវិលឆ្នាំ ១៩៧៣ ក្រោមការជួយជ្រោមជ្រែង និង ឧបត្ថម្ភផ្នែកបណ្តុះបណ្តាលពីសំណាក់យោធាសហរដ្ឋអាមេរិក ទ័ពនាវីខ្មែរ (កងទ័ពជើងទឹកខ្មែរ) បានបង្កើតកងទ័ពពិសេសមួយកងអនុសេនាធំ សំរាប់ប្រត្តិបត្តិការសឹកលើផ្ទៃទឹក និង ក្រោមទឹក ដោយជ្រើសយុទ្ធជន ចេញពីកងម៉ារីនខ្មែរ និង កងឆ្លាមសមុទ្រ ហើយត្រូវបានបញ្ចូនឲទៅឆ្លងកាត់ការបណ្តុះបណ្តាល និង បង្វឹកហាត់ ដោយកងទ័ពជើងទឹកអាមេរិកាំង នៅមូលដ្ឋានទ័ពជើងទឹកនារដ្ឋកាលីហ្វ័រញ៉ា និង នៅប្រទេសហ្វីលីពីន។ 

កងកម្ម៉ង់ដូណាវីសៀលខ្មែរ ដែលបង្កើតឡើងដោយយកលំនាំតាម កម្ម៉ង់ដូណាវីសៀលអាមេរិកាំង មានសមាជិកពលទាហានសរុបចំនួន៩០នាក់ ដឹកនាំដោយ នាយចក្របាលឯក សិទ្ធិ ចាន់ និង ទទួលបញ្ជាផ្ទាល់ពីនាយឧត្តមនាវីឯក វង្ស សារិនឌី ដែលមានបញ្ជាការសេនាធិការកណ្តាលនៅមូលដ្ឋានទ័ពជើងទឹកជ្រោយចង្វារ ហើយបានបែងចែកជាកងអនុសេនាតូច កម្ម៉ង់ដូបីក្រុុម ប្រចាំនៅបីទីតាំងរួមមាន៖

– សៀលក្រុុម១ (SEALs Team 1)៖ ប្រចាំការនៅមូលដ្ឋានទ័ពជើងទឹកជ្រោយចង្វា ភ្នំពេញ មានតួនាទីការពារមូលដ្ឋានទ័ពជើងទឹក ប្រឆាំងឧទ្ទាមកម្ម និង ជាកងជំនួយដើម្បីអន្តរាគមន៍រក្សាសន្តិសុខផ្លូវទឹកប្រចាំទិសភ្នំពេញ និង តាមដងទន្លេមេគង្គ។

– សៀលក្រុម២ (SEALs Team 2)៖ ប្រចាំការនៅអ្នកលឿង មានតួនាទី ប្រឆាំងឧទ្ទាមកម្ម និង រក្សាសន្តិសុខផ្លូវទឹកនាទិសដងទន្លេមេគង្គក្រោម។

– សៀលក្រុម ៣ (SEALs Team 3)៖ ប្រចាំការនៅមូលដ្ឋានទ័ពជើងទឹករាមមានតួនាទីការពារមូលដ្ឋានសមុទ្រ និង រក្សាសន្តិសុខតាមតំបន់ឆ្នេរសមុទ្រខ្មែរ។

កម្ម៉ង់ដូណាវីសៀលខ្មែរ ជាទ័ពពិសេសសំរាប់ប្រើប្រាស់បានក្នុងប្រតិបត្តិការសឹកដែលលំបាកៗ យ៉ាងមានប្រសិទ្ធភាព ព្រោះដោយសារមានសមត្ថភាពចល័តកំទេចទីតាំង និង គោលដៅ បានទាំងលើគោក ក្រោមទឹក និង បាតសមុទ្រ មានសមត្ថភាពឈ្លបយកការណ៍ ព្រមទាំងអាចទំលាក់ឆ័ត្រយោងចូលក្នុងដីសត្រូវដើម្បីបំពេញបេសកកម្មរំដោះទីតាំងនានាផងដែរ។ 

កម្ម៉ង់ដូណាវីសៀលខ្មែរ បានចូលរួមប្រយុទ្ធក្នុងសមរភូមិសំខាន់ៗដូចជា សមរភូមិទន្លេបិទឆ្នាំ១៩៧៣ សមរភូមិកំពត និង សមរភូមិឧត្តុង្គឆ្នាំ១៩៧៤ ប្រកបដោយជោគជ័យ ហើយជាទីបញ្ចប់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ កម្ម៉ង់ដូណាវីសៀលខ្មែរ ដែលនៅសេសសល់បានពលីជីវិតការពារមូលដ្ឋានទ័ពជើងទឹកជ្រោយចង្វារ ពីសំណាក់ខ្មែរក្រហមរហូតដល់គ្រាប់ចុងក្រោយ។

សូមបញ្ជាក់៖ អត្ថបទខាងលើគឺជាអត្ថបទចំណេះដឹងផ្នែកប្រវត្តិសាស្ត្រយោធាតែប៉ុណ្ណោះ មិនបានបង្កប់អត្ថន័យនយោបាយ ក្នុងការគាំទ្រមនោគមវិជ្ជាណាមួយឡើយ៕

ប្រភព៖ មោទនភាពកងទ័ពខ្មែរ