Home ពត៌មាន ករណីស្លាប់ជនជាតិចិននៅស្រុកកងមាស​ មិនមែនដោយសារកូវីដនោះទេ​ ប៉ុន្តែដោយសារគាំងបេះដូងពេលរួមភេទ

ករណីស្លាប់ជនជាតិចិននៅស្រុកកងមាស​ មិនមែនដោយសារកូវីដនោះទេ​ ប៉ុន្តែដោយសារគាំងបេះដូងពេលរួមភេទ

46
0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ តាមរយៈអង្គភាពព័ត៌មាន Fresh News បានចេញមកបញ្ជាក់ជុំវិញករណីការស្លាប់របស់បុរសជនជាតិចិនម្នាក់ នៅស្រុកកងមាសខេត្តកំពង់ចាម ដោយការស្លាប់របស់បុរសនោះ គឺដោយសារជំងឺគាំងបេះដូងពេលកំពុងរួមភេទ មិនមែនជាករណីជំងឺកូវីដ-១៩ឡើយ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា មានបុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅពេលរួមភេទ ដែលហេតុការណ៍នេះបានកើតឡើងនៅស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ។

លោកស្រីបន្តថា តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានបុរសជនជាតិ អាយុ៤៦ឆ្នាំ បានមកលេងផ្ទះសង្សារគាត់ដែលជាស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំ នៅភូមិអូរស្វាយកើត ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ លុះដល់ម៉ោង៣ជិតភ្លឺ គាត់ក៏បានគាំងបេះដូងស្លាប់ពេលកំពុងរួមភេទ (តាមការពិនិត្យធ្វើកោសល្យវិច្ច័យ) និងស្ត្រីជាសង្សារក៏បានបញ្ជាក់ប្រាប់ក្រុមគ្រូពេទ្យថា បុរសជនជាតិចិនរូបនេះ បានស្លាប់ពេលកំពុងរួមភេទដែរ។

ក្រសួងក៏សូមបញ្ជាក់ជូនផងដែរថា ជនជាតិចិនដែលបានស្លាប់ខាងលើនេះ ជាមេការសំណង់នៅរាជធានីភ្នំពេញ បានប្រតិព័ទ្ធស្រឡាញ់គ្នាជាមួយស្ត្រីខាងលើប្រហែលជាមួយឆ្នាំហើយ ហើយបុរសជនជាតិចិនរូបនេះ តែងតែមកលេងស្រុកខាងស្ត្រី និងជួបស្ត្រីនេះម្តងៗ មុនពេលដែលមានហេតុការណ៍ស្លាប់ខាងលើនេះ។

លោកស្រី វណ្ណឌីន បានបន្ថែមទៀតថា «ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានយកវត្ថុសំណាកពីសាកសពបុរសជនជាតិចិន នៅព្រឹកថ្ងៃទី២១ ខែសីហានេះ បញ្ជូនទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយលទ្ធផលបានបញ្ជាក់ថា សពគ្មានផ្ទុកនូវវីរុសកូវីដ-១៩នោះទេ។ ដូច្នេះករណីស្លាប់ភ្លាមៗពេលរួមភេទនេះ គឺបណ្តាលមកពីការឡើងឈាមខ្លាំង ធ្វើឲ្យគាំងបេះដូងតែម្តង»

បើតាមការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន បច្ចុប្បន្ននេះក្រុមការងារសុខាភិបាល និងសមត្ថកិច្ចបានសហការជាមួយក្រសួងមហាផ្ទៃ ដឹកយកសាកសពទៅតម្កល់នៅវត្តទឹកថ្លា ដោយរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តកំពង់ចាម៕

ប្រភព៖​ Freshnews