Home ពត៌មាន ព័ត៌មានក្នុងស្រុក គម្រោងក្រុងរណបនៅកំពង់ស្ពឺពីសំណាក់ក្រុមហ៊ុនចិនគឺមិនមានការលប់ចោលឡើយ

គម្រោងក្រុងរណបនៅកំពង់ស្ពឺពីសំណាក់ក្រុមហ៊ុនចិនគឺមិនមានការលប់ចោលឡើយ

33
0

កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺបានអះអាងសាជាថ្មីពីគម្រោងអភិវឌ្ឍន៍បង្កើតក្រុងរណបលើកដំបូងនៅក្នុងខេត្តក្រោមការវិនិយោគដោយក្រុមហ៊ុនចិនហុងកុង ដែលកាន់តែធ្វើឱ្យខេត្តកំពង់ស្ពឺមានសោភ័ណភាព និងទាក់ទាញគម្រោងវិនិយោគក្នុងវិស័យអចលនទ្រព្យបន្ថែមទៀត។

លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះថា គម្រោងនៃការអភិវឌ្ឍន៍បង្កើតក្រុងរណបនៅក្នុងខេត្តកំពង់ស្ពឺពីសំណាក់ក្រុមហ៊ុនចិនមកពីហុងកុង គឺមិនមានការលុបចោល ឬជាការនិយាយដើម្បីបង្កើនប្រជាប្រិយភាពរបស់ខេត្តនោះទេ។

លោកអភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា “គម្រោងនៃការបង្កើតក្រុងរណបហ្នឹង គឺគេបានចូលមកសិក្សាលម្អិតពីសក្ដានុពល និងឱកាសនៃការវិនិយោគនៅក្នុងខេត្តជាយូរមកហើយ។ គេប្រាកដជាដឹងច្បាស់ និងមានភាពជឿជាក់ទៅលើភាពជោគជ័យនៃគម្រោងវិនិយោគរបស់ពួកគេ ទើបគេដាក់សំណើរចូលមក”។

លោកបានបន្តទៀតថា “តាមខ្ញុំដឹងពេលនេះ ខាងក្រុមហ៊ុនបានកំណត់ពីទីតាំងអភិវឌ្ឍន៍របស់ពួកគេរួចរាល់ហើយ ប៉ុន្តែគ្រាន់តែថា គេមិនបានបង្ហើបប្រាប់ជាសាធារណៈជៀសវាងម្ចាស់ដីតម្លើងថ្លៃដែលអាចជះផលមិនល្អដល់គម្រោងអភិវឌ្ឍន៍របស់ពួកគេ។ ខ្ញុំមិនបញ្ជាក់ប្រាប់ថាទីតាំងពិតប្រាកដនៅម្ដុំណានោះទេ គ្រាន់តែបង្ហើបថាវាមិននៅឆ្ងាយដាច់ស្រយាលពីក្រុងចាស់ច្បារមននោះទេ”។

លោក វ៉ី សំណាង បានបញ្ជាក់ទៀតថា សម្រាប់ខេត្តកកំពង់ស្ពឺ ស្វាគមន៍វិនិយោគិនពីគ្រប់ជនជាតិទាំងអស់ ដើម្បីជំរុញឱ្យសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកាន់តែរីកចំរើន តាមរយៈការទៅធ្វើជាកម្មករ និងបំរើការងារផ្សេងៗ។ កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តទើបចុះហត្ថលេខាឱ្យមានការបង្កើតរោងចក្រចំនួន ២ថ្មីបន្ថែមទៀត ខណៈដែលមានក្រុមហ៊ុនចិនចំនួន៤ផ្សេងទៀតកំពុងសិក្សាពីគម្រោងវិនិយោគ និងអភិវឌ្ឍន៍សំណង់អាគារពាណិជ្ជកម្មនៅក្នុងក្រុងច្បារមន។ ភាពរីកចំរើន និងអភិវឌ្ឍន៍ទាំងអស់នេះកើតមានឡើងក៏ព្រោះសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា បានជំរុញឱ្យវិស័យផ្សេងៗ ជាពិសេសវិស័យអចលនទ្រព្យនៅក្នុងខេត្តកំពង់ស្ពឺមានការរីកចំរើន៕

ប្រភព៖ Property Area