សៀមរាប ៖ សូមអរគុណចំពោះកម្លាំងអាវុធហត្ថខេត្តសៀមរាប ដែលប្រឹងប្រែងស្រាវជ្រាវ រហូតឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ ដែលធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀត មានគ្នា៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាល៤នាក់។
ក្នុងនោះ ដោយយោងតាមប្រភពច្បាស់ការបានឲ្យដឹងថា ការឃាត់ខ្លួននេះបានប្រព្រឹត្តឡើង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ទីតាំងផ្សេងៗគ្នា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
នាយអាវុធហត្ថម្នាក់បានឲ្យដឹង កាលពីព្រឹកថ្ងៃទី២២សីហានេះថា ករណីក្មេងទំនើងចំនួន២នាក់ដែលធ្វើសកម្មភាពកាប់ក្រុមយុវជន១ក្រុមទៀតមានគ្នា៥នាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់,ស្រាលចំនួន៤នាក់ នៅផ្លូវ៦០ម៉ែត្រ ជិតសណ្ឋាគារសុខា សៀមរាប ត្រូវកម្លាំងអាវុធហត្ថខេត្តសៀមរាប តាមស្រាវជ្រាវចាប់ខ្លួនបានហើយ។ បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវបន្ត ដើម្បីឈានទៅប្រមូលភស្តុតាងបន្ថែមទៀត។
មហាជន បានកោតសរសើរកម្លាំងអាវុធហត្ថខេត្តសៀមរាប ដែលបានបំបែកសំណុំរឿងឃាតកម្មបិទមុខនេះបានសម្រេច និងផ្លែផ្កាផងដែរ។
សូមរម្លឹកថា ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចមុខសណ្ឋាគារ សុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕
ប្រភព៖ កម្ពុជាថ្មី