រដ្ឋកាលីហ្វ័រនីញ៉ាកំពុងពុះពារទប់ទល់នឹងភ្លើងឆេះព្រៃខណៈអ្នកពន្លត់អគ្គិភ័យជាង១២,០០០នាក់កំពុងប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យដែលបានសម្លាប់មនុស្ស៦នាក់គិតត្រឹមពេលនេះ។
ជំនួយកំពុងត្រូវបានបញ្ជូនមកពីរដ្ឋអាមេរិកមួយចំនួនខណៈដែលលោកអភិបាល Gavin Newsom បានដាច់ចិត្តអង្វរករសុំជំនួយពីប្រទេសអូស្ត្រាលីនិងកាណាដា។
លោកបាននិយាយថា “អគ្គិភ័យទាំងនេះកំពុងបំផ្លាញធនធានបុគ្គលិករបស់យើង”។
រន្ទះបាញ់ជាង១២,០០០បានបង្កឲ្យមានអគ្គិភ័យអំឡុងពេលមានរលកកម្តៅជាប្រវត្តិសាស្រ្តដែលក្នុងនោះអាកាសធាតុនៅឧទ្យានជាតិ Death Valley បានឈានដល់អ្វីដែលអាចជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
គិតត្រឹមថ្ងៃសុក្រ ក្រុមមន្រ្តីគ្រាអាសន្នបាននិយាយថា អគ្គិភ័យមួយចំនួនបានកើនឡើងទ្វេដងបើធៀបនឹងថ្ងៃព្រហស្បតិ៍ហើយឥឡូវនេះបានបង្ខំឲ្យប្រជាជនចំនួន១៧៥,០០០នាក់ភៀសខ្លួនចេញ។
ខណៈពេលជំរុញឲ្យលោកប្រធានាធិបតី Trump ចុះហត្ថលេខាលើសេចក្តីប្រកាសអំពីគ្រោះមហន្តរាយដ៏ធំមួយ លោកអភិបាល Newsom បាននិយាយថា អគ្គិភ័យចំនួនពីរក្នុងចំណោមអគ្គិភ័យនៅពេលនេះគឺជាអគ្គិភ័យធំបំផុតទី៧និងទី១០នៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ។
ភ្លើងឆេះព្រៃអាក្រក់បំផុតនោះគឺស្ថិតនៅជួរភ្នំភាគខាងត្បូងនិងខាងកើតទីក្រុង San Francisco។
មនុស្សយ៉ាងតិច៤៣នាក់រួមទាំងអ្នកពន្លត់អគ្គិភ័យផងដែរបានរងរបួសហើយអគាររាប់រយត្រូវបានដុតបំផ្លាញនិងអគាររាប់ពាន់ទៀតកំពុងរងការគំរាមកំហែង៕

ប្រភព៖ កម្ពុជាថ្មី