Home ពត៌មាន បុគ្គលិកភូមិវប្បធម៌​បន្តធ្វេីការតវ៉ា​ ក្រោយថៅកែបដិសេធមិនព្រមសងប្រាក់ឈ្នួល​ ២០%

បុគ្គលិកភូមិវប្បធម៌​បន្តធ្វេីការតវ៉ា​ ក្រោយថៅកែបដិសេធមិនព្រមសងប្រាក់ឈ្នួល​ ២០%

41
0

លោក លឹម សុផា ប្រធានសហជីពកម្មករភូមិវប្បធម៌ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ក្រុមបុគ្គលិកបានចេញតវ៉ា តាំងពីថ្ងៃទី១៤សីហាម្ល៉េះ តែបានផ្អាកនាអំឡុងសម្រាកសងចូលឆ្នាំ ហើយចាប់ផ្តើមតវ៉ាទៀតនៅថ្ងៃទី២២សីហា ដោយសារភាគីក្រុមហ៊ុនមិនទាន់ផ្តល់ដំណោះស្រាយដល់បុគ្គលិក។ បើតាមលោក លឹម សុផា កន្លងមកអ្នកពាក់ព័ន្ធរួមមានមន្ទីរការងារខេត្ត និងក្រុមប្រឹក្សាអាជ្ញាកណ្តាល បានហៅភាគីក្រុមហ៊ុន និងបុគ្គលិកមកសម្របសម្រួលដែរ ហើយពេលនោះក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបង្គាប់ឲ្យក្រុមហ៊ុនសងប្រាក់ឈ្នួល២០ភាគរយមកឲ្យបុគ្គលិកវិញ ដែរ តែក្រុមហ៊ុនបានជំទាស់។ ចំណែកការចរចាអនុសញ្ញារួមជាមួយសហជីព ក្រុមហ៊ុនបានពន្យារពេលចរចា តាំងពីដើមឆ្នាំ២០១៩ មកដល់ឥឡូវ។ នេះបើតាមលោក លឹម សុផា ដោយបានបន្តថា លោក ត្រូវក្រុមហ៊ុនផ្លាស់ប្តូរតួនាទីផងដែរ ដោយសារចេញមុខសួរនាំរកដំណោះស្រាយ ខណៈដែលកម្មករដែលតវ៉ា មិនត្រូវបានហៅឲ្យទៅធ្វើការវិញនោះទេ ក្រោយភូមិវប្បធម៌ដំណើរការវិញពេលស្ថានភាពកូវីដ-១៩ ធូរស្រាលនោះ។

លោក លឹម សុផា លម្អិតការកាត់ប្រាក់ឈ្នួលដូច្នេះ៖ «នៅភូមិវប្បធម៌ កម្មករជាង៣០០នាក់ ត្រូវបានកាត់ប្រាក់ទាំងអស់ លើកលែងតែសន្តិសុខប៉ុណ្ណោះ។ ក្នុងចំណោមជាង៣០០នាក់នោះ មាន២៩នាក់ ត្រូវបានកាត់ប្រាក់ឈ្នួល២០ភាគរយ តាំងពីខែមេសា ឆ្នាំ២០២០មក។ ចំណែកអ្នកផ្នែកផ្សេង ក៏ត្រូវកាត់ប្រាក់ដែរ ប៉ុន្តែកាត់ចាប់ពី៥ដុល្លារ ដល់២៥ដុល្លារទេ។ ថ្លៃអាហារក្រុមហ៊ុន ក៏បានកាត់ពីបុគ្គលិកទាំង»។  សារព័ត៌មានថ្មីៗ មិនអាចទាក់ទងសុំការបកស្រាយពី ក្រុមហ៊ុនភូមិវប្បធម៌ បានឡើយ ដោយសារលោកស្រី លឹម សុភ័ក្រ នាយករងគ្រប់គ្រងនៅក្រុមហ៊ុន មិនបកស្រាយពាក់ព័ន្ធនឹងបញ្ហានេះ ហើយថាកំពុងជាប់ប្រជុំ។   ជុំវិញភាពមិនចុះសម្រុងគ្នានេះ លោក ផេង ឆេងលី ប្រធានការិយាល័យដោះស្រាយវិវាទការងារខេត្តសៀមរាប បានប្រាប់សារព័ត៌មានថ្មីថា កន្លងមកក្រុមប្រឹក្សាអាជ្ញាកណ្តាល បានបង្គាប់ឲ្យសងប្រាក់ដែលក្រុមហ៊ុនបានកាត់ទៅបុគ្គលិកវិញមែន ប៉ុន្តែក្រុមហ៊ុនបដិសេដក្រោមហេតុផលធ្លាក់ចុះចំណូល ដោយសារវិបត្តិកូវីដ-១៩ និងខ្លាចបង្កឲ្យមានភាពអយុត្តិធម៌ម្យ៉ាងទៀត នៅពេលកាត់ប្រាក់ខែ២០ភាគរយនេះ ក្រុមហ៊ុន ក៏បានបន្ថយម៉ោងធ្វើការ ១ម៉ោងកន្លះដែរ។

លោក ផេង ឆេងលី រៀបរាប់ថា៖«តាមអ្នកសម្របសម្រួលក្នុងរឿងនេះ និយោជកថា គាត់មិនអាចសងថ្លៃ (ប្រាក់ឈ្នួល) ២០ភាគរយទៅនិយោជិតរបស់គាត់ តែប៉ុន្មាននាក់នោះទេ។ កម្មករនិយោជិតរបស់គាត់ទាំងអស់ប្រមាណ៣០០នាក់ ប្រសិនបើគាត់ឲ្យ ទាល់តែឲ្យទាំងអស់។ កម្មករ២០០នាក់ជាងទៀត មិនបានទាមទារទេ បើឲ្យតែប៉ុន្មាននាក់នោះ វាអយុត្តិធម៌ ដល់កម្មករនិយោជិត ជាង២០០ទៀត»។

ខណៈដែលភាគីកម្មករអះអាងដាច់ណាត់ថា នឹងតវ៉ា រហូតដល់មានដំណោះស្រាយសមស្របប្រធានផ្នែកការិយាល័យដោះស្រាយវិវាទខេត្តសៀមរាប លោក ផេង ឆេងលី បញ្ជាក់ថា បើភាគីទាំងពីរនៅតែមិនត្រូវគ្នា អាចប្តឹងទៅតុលាការដើម្បីដោះស្រាយវិវាទនេះបាន។ ចំណែកមន្ទីរការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជួយបានត្រឹមសម្របសម្រួលបន្តប៉ុណ្ណោះ។ នេះជាការបន្ថែមលោក លោក ផេង ឆេងលី៕

ប្រភព៖​ ថ្មីៗ