Home ពត៌មាន កម្ពុជាបញ្ជាក់ពីគម្រោងបញ្ជាទិញវ៉ាក់សាំងកូវីដ

កម្ពុជាបញ្ជាក់ពីគម្រោងបញ្ជាទិញវ៉ាក់សាំងកូវីដ

79
0

ស្រប​ពេល​ប្រទេស​ធំៗ​ចំនួន​ពីរ​គឺ​​ ចិន​ និង​រុស្ស៊ី​ ​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​បាន​ប្រកាស​រក​ឃើញ​​វ៉ាក់សាំង​ការពារ​កូវីដ-១៩ ​និង​គ្រោង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ​ក្រោយ​ និង​មាន​​ប្រទេស​មួយ​ចំនួន​បាន​​បញ្ជា​ទិញ​​វ៉ាក់សាំង​​​ប្រភេទ​នេះ​​រួច​ទៅ​ហើយ​​​នោះ​។​​​​​​ ​មាន​​ការ​ចោទ​សួរ​ថា តើ​​កម្ពុជា​​មាន​​គម្រោង​កក់​ទុក​ ឬ​បញ្ជាទិញ​​វ៉ាក់សាំង​ការពារ​ជំងឺ​ដ៏​កាច​​សាហាវ​នេះ​នៅ​ពេល​​?​​

លោក​ជំទាវ ឱ វណ្ណឌីន​​ រដ្ឋលេខាធិការ និង​ជា​អ្នក​​នាំពាក្យ​ក្រសួង​សុខាភិបាល​ឆ្លើយ​ទៅ​អ្នក​សារ​ព័ត៌មាន​​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា​នេះ​​តាម​​រយៈ​បណ្តាញ​សង្គម​ Telegram ​ថា​ កម្ពុជា​ជា​ប្រទេស​សមាជិក​សម្ព័ន្ធ​ភាព​អន្តរជាតិ​ចាក់​ថ្នាំ​បង្ការ​ (GAVI) ហើយ​ក្រសួង​សុខាភិបាល​ក៏​បាន​គិត​គូរ​ក្នុង​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្ដល់​វ៉ាក់សាំង​ប្រកប​ដោយ​សមភាព​មក​កម្ពុជា​ដែរ​ ដែល​ហៅ​ថា​ non-binding expression of interest for covid-19 vaccine to Covax facility of GAVI រួចហើយ​។ ក្រសួងសុខាភិបាល​ ក៏​កំពុង​ធ្វើ​ការ​យ៉ាង​ជិត​ស្និត​ជាមួយ​អង្គការ​សុខភាព​ពិភព​លោក​លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩​ នេះ​ផង​ដែរ​។​

បន្ថែម​​លើ​នេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​​ក្នុងស្រុក​លោក​ជំទាវ​បាន​បន្ថែម​​ថា​ កម្ពុជា​​កំពុង​រង់​ចាំ​មាន​ព័ត៌មាន​ជាក់​លាក់​​ ក៏​ដូច​ជា​​ការ​បញ្ជាក់​​​លក្ខណៈ​បច្ចេកទេស​​ពី​អង្គការ​សុខភាព​ពិភព​លោក​​ពី​ការ​ផលិត​វ៉ាក់​សាំង​។ ការ​ផលិត​​វ៉ាក់សាំង​​​ចាំ​​បាច់​​ការ​ត្រួត​​​​​ពិនិត្យ​ត្រឹម​​ត្រូវ​ ជា​​ពិសេស​ត្រូវ​​​ឆ្លង​កាត់​រយៈ​ពេល​​យូរ​ ដើម្បី​ធ្វើពិសោធន៍ និង​វាយ​តម្លៃ​ត្រឹម​​ត្រូវ​ នូវដំណាក់​កាល​​​ទី​១ ទី​២ ទី៣ ហើយ​វ៉ាក់​សាំង​ខ្លះ​​​រហូត​ដំណាក់​​កាល​ទី​៥​។

​លោក​ជំទាវ​ថា​ ​ជា​ព័ត៌មាន​​ល្អ​ហើយ​ ដែល​​ប្រទេស​ចិន​ និង​រុស្ស៊ី​ ​បាន​ប្រកាស​រក​ឃើញ​វ៉ាក់សាំង​ការ​ពារ​ជំងឺ​កូវីដ​ និង​ឈាន​ចូល​ដំណាក់​កាល​ពិសោធន៍​លើក​ទី​៣ និង​​ដំណាក់​កាល​​ណា​មួយ​ផ្សេង​ទៀត​ ពិសេស​វ៉ាក់សាំង​ ដែល​គេ​កំពុង​តែ​ជំរុញ​​បញ្ចប់​នូវ​ការ​សិក្សា​របស់​ខ្លួន​ និង​បញ្ជាក់​អំពី​ភាពសុក្រិត្យ​នៃ​ការ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ទៅ​លើ​មនុស្ស​ ដើម្បី​កុំ​ឱ្យ​​ពេល​​ប្រើ​ទៅ​ មិន​ថែម​ទាំង​ការពារ​​ បែរ​​ជា​ធ្វើ​ឱ្យ​មនុស្ស​ឈឺ​ទៅ​វិញ​។

“អញ្ចឹង​សម្រាប់​កម្ពុជា​​​ជា​ប្រទេស​សមាជិក​សម្ព័ន្ធ​ភាព​អន្តរជាតិ​ចាក់​ថ្នាំ​បង្ការ​ (GAVI)​។ដូច្នេះ​​បើ​សិន​ជា​មាន​ការ​ផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​ថា​ វ៉ាក់សាំង​នេះ​​អាច​ប្រើប្រាស់​បាន​ហើយ​ យើង​នឹង​ឈាន​ទៅ​​​ទិញ​ ឬ​​ទទួល​យក​វាក់​សាំង​នោះ​មក​ប្រើ​ប្រាស់​បាន​ដែរ​”។

លោក​ជំទាវ​បាន​ឱ្យ​​ទៀត​ថា​ បើ​មាន​​ការ​បញ្ជាទិញ​នៅ​ពេល​ខាង​មុខ​​ កម្ពុជា​​នឹង​អាច​ទិញ​ជា​ជំហាន​ៗ​ ដោយ​សារ​​ការ​ផលិត​​មាន​​​កម្រិត​​ ហើយ​ការ​បែង​ចែក​​នូវ​វ៉ាក់សាំង​នេះ​​ទៀត​សោត​ស្ថិត​នៅ​​ក្រោម​ការ​ពិចារណា​​នៃ​គណៈកម្មាធិការ​អង្គការ​សុខភាព​ពិភពលោក​។ កន្លង​មក​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​​បាន​​​ធ្វើ​ការ​អំពាវ​នាវ​ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​​ការ​បែង​ចែក​​វ៉ាក់​សាំង​នេះ​​​ឱ្យ​មាន​​តម្លាភាព​ និង​សមភាព​រវាង​ប្រទេស​នីមួយ​​ៗ៕

ប្រភព៖​ កម្ពុជាថ្មី