Home ពត៌មាន ល្បីរាប់ឆ្នាំមកហើយ រឿងអាជីវករ នៅកែប «កោរភ្ញៀវមិនដាក់ទឹក» ថ្ងៃណាទៅអាចកែប្រែ បាន

ល្បីរាប់ឆ្នាំមកហើយ រឿងអាជីវករ នៅកែប «កោរភ្ញៀវមិនដាក់ទឹក» ថ្ងៃណាទៅអាចកែប្រែ បាន

72
0

កែប៖តំបន់ទេសចរណ៍ កែប ជាច្រើនឆ្នាំមកហើយ ល្បីរឿងក្រុមអាជីវករ «កោរភ្ញៀវមិនដាក់ទឹក» ឬ និយាយងាយស្តាប់ គឺ អ្វីៗក៏លក់ថ្លៃ តាមរយៈបបូរមាត់របស់អ្នកលក់ ដោយមិនស្តាប់ការណែនាំរបស់អាជ្ញាធរ ឡើយ ។ ចំណែក ភ្ញៀវទេសចរណ៍ វិញ រិះគន់ ឡើងសឹកមាត់ទៅហើយលើបញ្ហានេះ តែ អ្វីៗហាក់នៅដដែល គ្មានការកែប្រែ ទេ ។

ប្រជាពលរដ្ឋ លើកឡើងថា ប្រសិនបើ រូបភាពទាំងនេះ នៅតែបន្តដដែលៗ បែបនេះ មិនយូរមិនឆាប់ទេ តំបន់ទេសចរណ៍ កែប នឹងបាត់បង់ភ្ញៀវជាបន្តបន្ទាប់ មិនខាន ។

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នេះ អ្នកបានទៅតំបន់ ទេសចរណ៍ កែប នាថ្ងៃឈប់សម្រាក ថ្មីៗនេះ បានទម្លាយរឿងរ៉ាវ ពិតយ៉ាងដូច្នេះ ថា ៖

បងប្អូនមួយចំនួនដែលបានទៅលេងនៅខេត្តកែប ប្រាកដជាបានដឹងហើយពីការគាបស៊ី តាំងពីផ្លូវចូលរហូតដល់ផ្លូវចេញ ។ ពេលចូលទឹកដីខេត្តកែបចង់មើលឆ្នេរកែប អ្នកត្រូវចំណាយហោចណាស់៤ពាន់រៀល សម្រាប់អ្នកជិះរថយន្ត ។ ពេលទៅដល់ឆ្នេរកែប បើអ្នកចង់រកកន្លែងអង្គុយគយគន់ទេសភាពអ្នកត្រូវចំណាយប្រមាណ១០ម៉ឺនរៀល ជាថ្លៃកន្ទេលក្រាលលើការ៉ូឡា ។ អ្នកចង់ចតឡាននៅក្បែរឆ្នេរទៀតនោះ អ្នកត្រូវចំណាយប្រមាណ២ម៉ឺនរៀលទៀត ហើយបើអ្នកឃ្លានអាហារចង់ញ៉ាំអាហារអ្នកក៏ត្រូវចំណាយប្រមាណ៦ម៉ឺនរៀលសម្រាប់ម្ហូបមួយមុខ ។

អ្វីដែលគួរកត់សម្គាល់នោះ គឺ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប​ បានផ្ដល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មាន ថា បញ្ហានេះបានហៅក្រុមអាជីវករមកអប់រំណែនាំរួចមកហើយ មុនថ្ងៃឈប់សម្រាក ដើម្បីកុំអោយឡើងថ្លៃសេវាកម្មម្ហូបអាហារ ផ្ទះសំណាក់ និង សណ្ឋាគារ ។ ប៉ុន្តែ វាហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ នៅក្នុងស្ថានភាពជាក់ស្ដែង ។ សរុបទៅកែបមិនអាក្រក់ទេ គឺ អាក្រក់តែអាជីវករនៅតំបន់នោះ ប៉ុណ្ណោះ ។

ជាមួយគ្នានេះ ពលរដ្ឋម្នាក់ទៀត បានបង្ហាញពីតម្លៃម្ហូបនៅតំបន់ទេសចរ កែប ថា ៖

ម្ហូប១មុខ តម្លៃ៦ម៉ឺនរៀល គឺ គ្រប់មុខតែម្តង ។ បាយឆាគ្រឿងសមុទ្រ១ចាន ៥៥,០០០រៀល ។ ស្ងោរជ្រក់មាន់ សាច់មាន់សុទ្ធតែ ក និង ទ្រូង ដោយមាន់១ តម្លៃ៦ម៉ឺនរៀល ។ បង្គារស្រុះ ចំនួន២២ក្បាល តម្លៃ៦ម៉ឺនរៀល ។ ត្រីជូអែម ១ក្បាល ៦ម៉ឺនរៀល ។ បាយស ១ឆ្នាំង ១៥,០០០រៀល ។ ទឹកក្រូច ១កំប៉ុង ៥ពាន់រៀល ។ ទឹកកក ១កាតូ ៥ពាន់រៀល ។

សរុបទូទាត់ទៅ ឃើញហើយអ្នកណាមានគម្រោងចង់ទៅដើរលេងខេត្តកែបតែ២នាក់ប្តីប្រពន្ធ ថ្ងៃបុណ្យទាន នោះ កុំទៅល្អជាង ពោលគឺ ទុកលុយ៧០ដុល្លារ ទៅជួល Bungalow គេវិញល្អជាង ដោយ១បន្ទប់ ៥០ដុល្លារ ។ យប់ឡើង មានសាច់អាំងផឹកស្រាក្រហម Romantic ប្រសើរជាងទៅអង្គុយត្រមុងត្រមោច ស្តាប់តែបាសគេ ស្តាប់តែគេស្រែកច្រៀងតម្លង់ នោះ ។
បញ្ហានេះ សង្ឃឹមថា លោក សោម ពិសិដ្ឋ ដែលទើបឡើងជាអភិបាលខេត្តកែប ថ្មី នឹងមានវិធានការ ឬ កែប្រែបញ្ហានេះ អោយបានជោគជ័យ ផង ៕