Home ពត៌មាន ព័ត៌មានក្រៅស្រុក ចិនចង់ឱ្យវៀតណាមសម្រេចចិត្តឆាប់ៗចូលមកពិភាក្សាគ្នានិងដោះស្រាយបញ្ហាដែនទឹកសមុទ្រចិនខាងត្បូង

ចិនចង់ឱ្យវៀតណាមសម្រេចចិត្តឆាប់ៗចូលមកពិភាក្សាគ្នានិងដោះស្រាយបញ្ហាដែនទឹកសមុទ្រចិនខាងត្បូង

48
0

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh កាលពីថ្ងៃអាទិត្យ ដោយរដ្ឋមន្រ្តីទាំង ២ បានចូលរួមពិធីមួយនៅឯតំបន់ស្វយ័ត Guangxi Zhuang នៅភាគខាងត្បូងប្រទេសចិន ដើម្បីរំលឹកខួបលើកទី២០ នៃការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង ២ ។ ក្នុងនោះផងដែរប្រទេសចិនបានជំរុញឱ្យប្រទេសវៀតណាមចូលមកអង្គុយសន្ទនាគ្នា ដើម្បីដោះស្រាយបញ្ហាទឹកដីនៅសមុទ្រចិនខាងត្បូង។

ក្រសួងការបរទេសចិនបាននិយាយថា លោក វ៉ាង យី បានប្រាប់សមភាគីវៀតណាមថាប្រទេសទាំង ២ ចាំបាច់ត្រូវដោះស្រាយបញ្ហាសមុទ្រយ៉ាងឆាប់រហ័ស ដោយផ្អែកលើគំរូជោគជ័យនៃការកំណត់ព្រំដែន និងរក្សាសន្តិភាព និងស្ថិរភាពនៃសមុទ្រចិនខាងត្បូងជាមួយគ្នា។ ចំណែករដ្ឋាភិបាលវៀតណាមបាននិយាយថា លោក Pham Binh Minh បានពិពណ៌នាអំពីការបោះបង្គោលព្រំដែនជាបទពិសោធដ៏មានតម្លៃក្នុងការដោះស្រាយបញ្ហាដែនដី ហើយលោកបានសង្កត់ធ្ងន់ពីភាពចាំបាច់សម្រាប់ប្រទេសទាំង ២ បន្តសហប្រតិបត្តិការលើការគ្រប់គ្រងព្រំដែន។

កាលពីសប្តាហ៍មុនអ្នកការទូតកំពូលរបស់ប្រទេសចិនលោក Yang Jiechi ក៏បានធ្វើទស្សនកិច្ចនៅប្រទេសសឹង្ហបូរី និងកូរ៉េខាងត្បូង ក្នុងគោលបំណងដើម្បីពង្រឹងចំណងមិត្តភាពជាមួយប្រទេសជិតខាងនៅអាស៊ី ក្នុងពេលដែលទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែជាក់ស្តែងប្រទេសវៀតណាមនៅតែមានការប្រុងប្រយ័ត្នចំពោះសកម្មភាពដែនសមុទ្ររបស់ចិន បន្ទាប់ពីទូកនេសាទវៀតណាមបានលិច ក្រោយពីមានការប៉ះទង្គិចជាមួយនាវាល្បាតរបស់ចិននៅសមុទ្រចិនខាងត្បូងកាលពីខែមេសា៕

ប្រភព៖ខ្មែរណូត