ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply ក្រុមហ៊ុន One World Trading និងជាម្ចាស់ហាងបញ្ចាំ សុវណ្ណវិចិត្រ ហ្វាយណែន ហើយក៏ជាប្រធានក្រុមហ៊ុន ECC Realty និងជាម្ចាស់គម្រោងអចលនទ្រព្យខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត ត្រូវបានរងការចោទប្រកាន់ប្រើប្រាស់អំពើហឹង្សាលើស្ត្រី ដោយសារដើមចម ប្អូនស្រីជីដូនមួយរបស់លោកជំពាក់លុយបងស្រីជនរងគ្រោះចំនួន $5,500។


បើតាមការរៀបរាប់របស់បងស្រីជនរងគ្រោះមានឈ្មោះថា គឹម សុធា នៅលើបណ្តាញសង្គម Facebook ថា៖ “មើលបងអត់ស្គាល់មែន យ៉េន ម៉ារ៉ាណង បានជាថាមិនស្គាល់បង លុយ 5,500 $ ណាអូន 1ឆ្នាំហើយ !!! ឥទ្បូវបានជួបចៃដន្យម៉ង ជួបមីកូនបំណុលកំពូលថោក មើលមុខវាធ្វើផ្គើនហ+!!! ធ្វើអត់ស្គាល់ ហើយនិយាយថាអត់បានជំពាក់លុយទៀត ធ្វើដូចអត់ដឹងរឿងអញ្ចឹង មីកូនបំណុលអត់ហេមកវៃទេ បែរជាបងឧកញ្ញាវារអៀសខ្លួន ហេគុកមកច្រទ្បោតជេរបងប្អូនខ្ងុំ ហើយវៃប្អូនខ្ងុំម៉ង អ្នកឯងកុំគិតថាងារឧកញ្ញាអ្នកឯង លើកដៃវៃមនុស្សស្រី នៅទីសាធារណ:ហើយ រួចខ្លួន មានគេច្រើនណាស់បានឃើញទង្វើអ្នកឯង។ នាងខ្ងុំសង្ឃឹមថាច្បាប់នឹងមានវិធានការ រកភាពយុត្តិធម៌ជូនប្អូននាងខ្ងុំផង កុំឲ្យអាងមានងារជាឧកញ្ញាដើរបង្កហឹង្សាតាមចិត្ត សូមមេត្តាបងប្អូនជួយ Share ផង”។

គួរបញ្ជាក់ផងដែរថា ដោយយោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នេះ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី ភេទស្រី អាយុ២៧ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បងស្រីរបស់ជនរងគ្រោះឈ្មោះ គឹម ចាន់សុធា បានមកពីភ្នំពេញ មកលេងនៅខេត្តព្រះសីហនុ។ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ពួកគេមានគ្នា៤នាក់ មានប្រុស២នាក់ បាននាំគ្នាទៅហូបអាហារនៅហាង ឡា វ៉ូត។ ពេលនោះ បានឃើញឈ្មោះ យ៉េន ម៉ារ៉ាណង ភេទស្រី និង មកជាមួយបងប្អូនរបស់គាត់ មកហូបអាហារនៅហាងនេះដែរ។ ខណៈនោះ បងស្រីជនរងគ្រោះ បានបបួសទៅសួរនាំឈ្មោះ យ៉េន ម៉ារ៉ាណង ស្រាប់តែឈ្មោះ យ៉េន ម៉ារ៉ាណង បានស្រែកជេរបងស្រីជនរងគ្រោះ។ ដោយឃើញហេតុការណ៍មិនស្រួល ជនរងគ្រោះបានលើកទូរស័ព្ទរកថតសកម្មភាពនេះ ស្រាប់តែមានមនុស្សប្រុសម្នាក់ (លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា) ត្រូវជាបងប្អូនជីដូនមួយជាមួយឈ្មោះ យ៉េន ម៉ារ៉ាណង បានស្ទុះមកទាញទូរស័ព្ទរបស់ជនរងគ្រោះម៉ាក សាំងសុង យកទៅបោកកម្ទេចនិងវាយជនរងគ្រោះ តែម្តង។ ក្រោយបង្កហេតុ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានរត់គេចខ្លួនបាត់ស្រមោល។ ជុំវិញបញ្ហានេះដែរ យើងមិនទាន់ដឹងថានឹងមាការដោះស្រាយយ៉ាងណានោះទេ ខណៈដែលជនរងគ្រោះស្រែករកយុត្តិធម៌សម្រាប់ខ្លួន។


មុននេះបន្តិចឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានធ្វើការបង្ហោះបដិសេធនៅលើហ្វេសបុកផងដែរថា៖ ខ្ញុំបាទភិរម្យវិចិត្រដារ៉ា សូមធ្វើការបដិសេធទាំងស្រុងទៅលើវីដេអូមានការកាត់តជារូបភាពបញ្ចូលគ្នាហើយចោទប្រកាន់ថាខ្ញុំបានប្រើអំពើហិង្សាទៅលើនារីម្នាក់
-សូមបងប្អូនធ្វើការពិនិត្យទៅលើវីដេអូនោះគឺជាប្រភេទវីដេអូកាត់តបញ្ចូលគ្នា
-ខ្ញុំសូមបដិសេធទៅលើការចោទប្រកាន់ថាខ្ញុំបានប្រើអំពើហិង្សា
-ខ្ញុំធ្វើដំណើរកំសាន្តទៅខេត្តព្រះសីហនុជាលក្ខណៈគ្រួសារដោយក្នុងនោះខ្ញុំមានកូនតូចម្ដាយក្មេកម្ដាយមីងនិងភរិយារបស់ខ្ញុំ ហើយមានជនមួយក្រុមមកបង្កបញ្ហា ដោយបានថតរូបរបស់ខ្ញុំ ពេលនោះដែរ ខ្ញុំបានស្នើសុំកុំឲ្យមានការថតរូប រួចខ្ញុំក៏ទាញទូរស័ព្ទ របស់គាត់ចេញពីដៃរបស់គាត់ទៅដាក់នៅលើតុ ។ រួចខ្ញុំក៏ដើរចុះទៅខាងក្រោម ដោយគាត់ឈររារាំងផ្លូវខ្ញុំ ពេលនោះខ្ញុំបានទាញ គាត់ចេញហើយខ្ញុំដើរចុះទៅបន្ទប់របស់ខ្ញុំ បែរជាគាត់ចោទប្រកាន់ថា ខ្ញុំបានប្រើអំពើហឹង្សាលើគាត់។ ហេតុដូចនេះហើយ ខ្ញុំសូមជម្រាបជូនដល់បងប្អូនសារព័ត៌មានក៏ដូចជាបងប្អូនក្នុងបណ្ដាញសង្គមហ្វេសប៊ុកឲ្យបានជ្រាបថា ខ្ញុំបាទសូមបដិសេធទាំងស្រុងនៅការចោទប្រកាន់នេះហើយ មេធាវីរបស់ខ្ញុំក៏កំពុងរៀបចំឯកសារផ្លូវច្បាប់ដើម្បីច្រានចោលក៏ដូចជាដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់។ សូមអរគុណ៕


ប្រភព៖ខ្មែរណូត