Home ពត៌មាន ចាប់ជនជាតិចិន​ ២នាក់​ ក្នុងចំណោម​ ៤នាក់​ ព្យាយាមគាស់ទ្វាររថយន្តលួចលុយ

ចាប់ជនជាតិចិន​ ២នាក់​ ក្នុងចំណោម​ ៤នាក់​ ព្យាយាមគាស់ទ្វាររថយន្តលួចលុយ

38
0

ព្រៃវែង៖ ចាប់បានចោរជាជនជាតិចិន ២នាក់ ក្នុងចំណោមបក្សពួកចំនួន ៤នាក់ ដែលបានលួចគាស់ទ្វាររថយន្តដឹកស្រូវរបស់ពលរដ្ឋ យកលុយ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។  

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថា ចោរមានគ្នាចំនួន ៤នាក់ បានមកគាស់ទ្វាររថយន្តដឹកស្រូវយកលុយ នៅចំណុចរង្វង់មូលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។  

ក្រោយក្រុមចោរធ្វើសកម្មភាព, លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរ បានដឹកនាំកម្លាំងដោយផ្ទាល់ ធ្វើការដេញប្រផាប់ចាប់ប្រភីង ស្ទាក់បានជនជាតិចិនចំនួន ២នាក់ នៅចំណុចរង្វង់មូលស្វាយអន្ទរ ដែលជិះម៉ូតូមួយគ្រឿង ចូលផ្សារឈូកមាស។  

នៅពេលឃើញសមត្ថកិច្ច ពួកគេក៏ភ័យស្លន់ស្លោ ជិះម៉ូតូរត់គេចបន្ត រហូតដល់ប៉ុស្តិ៍នគរបាលព្រៃខ្លា ក៏បត់ក្រោយ និងបានបុកចំពីមុខរថយន្តរបស់លោកអធិការ ខណ:ពេលដែលលោកអធិការ កំពុងដេញតាមពីក្រោយ បណ្តាលរងការខូចខាតយ៉ាងដំណំ និងបណ្តាលឱ្យជនសង្ស័យម្នាក់រងរបួសបាក់ភ្លៅ។ 

លោក អ៊ុង ផាន បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់នោះ ជាជនជាតិចិន មានទីកំណើតនៅភូមិកានថាង ឃុំធីងធ័ន ស្រុកលាវជាំង ខេត្តក្វាងស៊ី។ សមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់ទៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ រីឯជនសង្ស័យម្នាក់ដែលរងរបួសបាក់ភ្លៅ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រៃវែង។ 

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសុំណុំរឿងដើម្បីចាត់ការតាមនិតិវិធី និងកំពុងស្រាវជ្រាវរកជនសង្ស័យចំនួន ២នាក់ទៀត ដែលជាបក្សពួកដើម្បីធ្វើការឃាត់ខ្លួនជាបន្តទៀត ផងដែរ៕ 

ប្រភព៖​ CNC