ភ្នំពេញ ៖ ប្អូនប្រុសម្នាក់ក្នុងវ័យ៣២ឆ្នាំ បានរៀបរាប់ថា ប្អូនប្រុសបានចាកចេញពីស្រុកកំណើត មករស់នៅផ្ទះជួលនៅទីក្រុងភ្នំពេញ អាចរកប្រាក់ចំណូលជាមធ្យមមិនក្រោម១០០០ដុល្លារ។
ប្អូនប្រុស ពេជ្រ កំពត មានស្រុកកំណើតនៅស្រុកទូកមាស ខេត្តកំពត បានប្រាប់កម្ពុជាថ្មី នៅពេលដែលប្អូនប្រុស កំពុងវេចខ្ចប់ផ្លែឈើឲ្យដល់ម៉ូយថា ប្អូនប្រុសនិងភរិយា បានសម្រេចចិត្តចាកចេញពីស្រុកកំណើតមករស់នៅផ្ទះជួល ក្នុងទីក្រុងភ្នំពេញ ដោយភរិយាប្អូនធ្វើការនៅរោងចក្រឯរូបប្អូនដើរទទួលទិញផ្លែឈើមកលក់។
ប្អូនប្រុស ពេជ្រ កំពត បានប្រាប់ទៀតថា សព្វថ្ងៃនេះ ប្អូនប្រុសទទួលទិញផ្លែក្រូចពោធិ៍សាត់មកលក់នៅមុខផ្សារច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបានការគាំទ្រពីអតិថិជន នៅពេលដែលប្អូនប្រុសយកមកលក់។ ប្អូន ពេជ្រ កំពត បន្តថាផ្លែក្រូចពោធិ៍សាត់របស់ប្អូនយកមកលក់ គឺយកមកពីខេត្តបាត់ដំបង ដែលជាក្រូចធម្មជាតិសុទ្ធសាធ ហើយក្នុង១ឡូទទួលពីម៉ូយតម្លៃ៨០០០រៀល រួចយកមកដាក់លក់បាន១ឡូតម្លៃ១០០០០រៀល។ដូច្នេះប្អូនអាចរកប្រាក់កម្រៃចំណេញក្នុង១ឡូ បាន២០០០រៀល ដែលក្នុងមួយថ្ងៃលក់បាន៤០០ឡូ។
ប្អូនប្រុសអះអាងថា ប្អូនប្រុសមិនទទួលទិញផ្លែក្រូច ដែលឈ្មួញនាំចូលពីប្រទេសវៀតណាមនោះទេ ព្រោះច្រើនតែស្ពោតហើយជូរជ្រេញ មិនមានរសជាតិដូចផ្លែក្រូចក្នុងប្រទេសកម្ពុជាយើងទេ។ មុខរបររបស់ប្អូនប្រុស គឺទទួលបានប្រាក់កម្រៃបានល្អណាស់ ដែលក្នុង១ខែប្អូនប្រុសនិងភរិយាអាចរកប្រាក់ចំណូលបានរហូតដល់១០០០ដុល្លារឯណោះ។ ប្អូនប្រុសនិងភរិយាសប្បាយចិត្តនិងមុខរបរតូចតាច តែរកប្រាក់ចំណូលបានច្រើនជាងចាកចេញទៅធ្វើការនៅក្រៅប្រទេស៕
ប្រភព៖ កម្ពុជាថ្មី