អតីតប្រធានាធិបតីម៉ាល់ឌីវលោក Maumoon Abdul Gayoom បាននិយាយកាលពីថ្ងៃអង្គារថា គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ នៅពេលដែលប្រទេសកោះមួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវករណីឆ្លងថ្មី ។
អតីតជំនួយការជិតស្និទ្ធនឹងក្រុមគ្រួសាររបស់គាត់បានប្រាប់ AFP ថា លោក Gayoom ដែលកាន់អំណាចអស់រយៈពេល ៣ ទសវត្សរ៍ត្រូវបានត្រួតពិនិត្យ បន្ទាប់ពីគាត់មានជំងឺគ្រុនក្ដៅ ហើយរហូតមកដល់ពេលនេះមិនមានរបាយការណ៍ណាមួយនិយាយអំពីស្ថានភាពរបស់គាត់នោះទេ ។
ទន្ទឹមនោះអ្នកនយោបាយវ័យ ៨២ ឆ្នាំរូបនេះបានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ខ្ញុំបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។ សូមឲ្យព្រះប្រទានពរដល់ខ្ញុំ និងអ្នកជម្ងឺដទៃទៀតទាំងអស់ឲ្យជាសះស្បើយ និងមានសុខភាពល្អ! ” ។
បន្ថែមពីនេះកោះម៉ាល់ឌីវដែលល្បីខាងទេសចរណ៍បានបើកទ្វារព្រំដែនអន្តរជាតិរបស់ខ្លួនដល់ភ្ញៀវទេសចរវិញនៅពាក់កណ្តាលខែកក្កដា បន្ទាប់ពីផ្អាកអស់រយៈពេល ៣ ខែ ។
គួរបញ្ជាក់ថា កោះនេះមានការកើនឡើងករណីឆ្លងជាលំដាប់ជាច្រើនសប្តាហ៍ថ្មីៗនេះ ហើយបានរាយការណ៍ថាមានករណីឆ្លងសរុប ៧,០៤៧ នាក់ និង ២៨ នាក់បានស្លាប់ចាប់តាំងពីវីរុសនេះបានចាប់ផ្តើមរាលដាលទូទាំងពិភពលោកកាលពីដើមឆ្នាំនេះ ៕
ប្រភព៖ កម្ពុជាថ្មី
