Home ពត៌មាន សា​លាម​ត្តេ​យ្យ បឋមសិក្សា និង​មធ្យមសិក្សា អាច​នឹងបេីកដំណើរការ​ឡើងវិញ​នៅ​ខែកញ្ញា​ខាងមុខ

សា​លាម​ត្តេ​យ្យ បឋមសិក្សា និង​មធ្យមសិក្សា អាច​នឹងបេីកដំណើរការ​ឡើងវិញ​នៅ​ខែកញ្ញា​ខាងមុខ

54
0

លោក រស់ សុ​វាចា បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការសម្រេច​ឲ្យ​បើក​សាលារៀន​ត្រឹម​ថ្នាក់មធ្យមសិក្សា​វិញ​នេះ គឺ​ស្ថិតនៅ​ក្នុងដំណាក់កាល​ទី​២​។ ដោយឡែក​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ ក៏​ចូលរៀន​វិញ​នៅ​ខែកញ្ញា​ដែរ និង​ត្រូវ​ប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​នៅ​ខែធ្នូ​។​ ​លោក សុ​វាចា បាន​រៀបរាប់​ដូច្នេះ​ថា​៖«​កាល​បើក​សាលារៀន​សម្រាប់​ថ្នាក់​ទី​៩ និង​ទី​១២​នោះ ជាមួយ​ជ្រុង​នៃ​ដំណាក់កាល​ទី​២​។ អ៊ីចឹង ការបើក​សាលារៀន​មេ​ត្ត​យ្យ​ដល់​ថ្នាក់មធ្យមសិក្សា​នេះ​ជា​ព័ត៌មាន​បន្ថែម​សម្រាប់​ដំណាក់កាល​ទី​២»​។  ​ទាក់ទង​នឹង​ព័ត៌មាន​លម្អិត​នូវ​ការបើក​ដំណើរ​សាលា​ក្នុងដំណាក់កាល​ទី​២​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ នឹងធ្វើ​សន្និសីទកាសែត បកស្រាយ​នៅ​ថ្ងៃ​២៨ សីហា​។ នេះ​បើតាម​លោក សុ​វាចា​។​ ​ចំណែក​ការបើក​សាលារៀន​ក្នុង​ដំណាក់​ទី​៣ ក្រសួង​នឹង​ពិចារណា​នៅពេល​ក្រោយ​។  ក្រសួង​អប់រំ​បាន​ណែនាំ​ឲ្យ​សាលារៀន​នីមួយៗ​ត្រៀមលក្ខណៈ​ទុកជាមុន ដើម្បី​ធានា​ឲ្យ​មាន​និរន្ត​ភាព សុវត្ថិភាព សម្រាប់​សិស្ស គ្រូ និង​បុគ្គលិក​។ អ្នកនាំពាក្យ​រូបនេះ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​គ្រឹះស្ថានសិក្សា​ត្រូវ​ត្រៀមខ្លួន​រៀបចំ​គ្រឹះស្ថានសិក្សា​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​កូ​វីដ​-១៩»​។   ​សាលារៀន​ដែល​បើក​ដំណើរការ​វិញ ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ក្នុង​បន្ទប់រៀន បរិវេណ​សាលា បណ្ណាល័យ អាហា​រដ្ឋា​ន បន្ទប់ទឹក សួន​កុមារ​កម្សាន្ត​លេង និង​សម្ភារ​ចាំបាច់​ផ្សេងៗ​ទៀត​។ សាលារៀន​នីមួយៗ​ត្រូវ​រៀបចំ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ រួមទាំង​រៀបចំ​តុ និង​កៅអី​ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា​២​ម៉ែត្រ ហើយ​ត្រូវ​ឲ្យ​សិស្ស​រៀន​ក្នុង​មួយ​ថ្នាក់​តែ​២០​ទៅ​២៥​នាក់​។ សាលា​ត្រូវ​ផ្អាក​កន្លែង​កម្សាន្ត ឬ​ទីលានកីឡា និង​កម្មវិធី​ជួបជុំ ឬ​ព្រឹ​ត្ត​ការណ៍​សហគមន៍​ក្នុង​នៅ​បរិវេណ​សាលារៀន​។ រាល់​ម៉ោង​សិក្សា​មិនត្រូវ​ឲ្យ​មាន​អ្នក​ចេញចូល​សាលា​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ​។ នេះ​បើតាម​ក្រសួង​អប់រំ​។​ ​ក្រសួង​អប់រំ ក៏​ណែ​នាំទៅ​គ្រឹះស្ថានសិក្សា​នីមួយៗ​ត្រូវ​រៀបចំ​កន្លែង​លាងដៃ និង​សាប៊ូ ឬ​ទឹក​អាល់កុល​ឲ្យ​មាននៅ​គ្រប់​បរិវេណ​សាលារៀន ត្រូវ​ឲ្យ​មាន​បន្ទប់​សុខភាព ដោយមាន​អ្នកជំនាញ​សម្រាប់​សង្គ្រោះ​បឋម និង​ពិនិត្យ​សុខភាព​សិស្ស គ្រូ និង​បុគ្គលិក​សាលា​។ ក្រសួង​ណែនាំ​ឲ្យ​អ្នកបើកបរ​រថយន្ត​ដឹក​សិស្ស​ត្រូវ​ពាក់​ម៉ាស់ លាង​ទឹក​អាល់កុល ត្រូវ​បើក​បង្អួច​រថយន្ត​ឲ្យ​មាន​ខ្យល់​ចេញចូល និង​ឲ្យ​សិស្ស​អង្គុយ​កៅអី​ទុកចន្លោះ​១​កៅអី​ពីគ្នា​។​

សិស្សានុសិស្ស​កំពុងសិក្សានៅក្នុង​ថ្នាក់រៀនកាលមិន​ទាន់​មាន​ការរាតត្បាត​នូវជំងឺកូវីដ-១៩

​សម្រាប់​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស​ត្រូវ​រៀបចំ​ចំណីអាហារ​ប្រកបដោយ​សុវត្ថិភាព ដែល​ចម្អិន​បានល្អ សម្រាប់​ទុក​ឲ្យ​កូន​បរិភោគ​នៅ​សាលា ដើម្បី​ជៀសវាង​បរិភោគ​អាហារ​រួម ដែលជា​ប្រភព​ចម្លង​មេរោគ​បាន​លឿន​។ សាលា​ណែនាំ​ឲ្យ​មាតាបិតា​ត្រូវតែ​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ស្ថានភាព​សុខភាព និង​ប្រវត្តិ​ដំណើរ​ចេញទៅ​ក្រៅប្រទេស ឬ​ជួបជុំ​ណាមួយ​។ នេះ​បើតាម​ក្រសួង​អប់រំ​។​ ​ទន្ទឹមនឹងនេះ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​ណែនាំ​ឲ្យ​សិស្សានុសិស្ស គ្រូ និង​បុគ្គលិក​ផ្នែក​អប់រំ​ទាំងអស់ បរិភោគ​អាហារ និង​បរិភោគ​ទឹក​ដែល​ចម្អិន​ដោយ​ខ្លួនឯង​ពី​ផ្ទះ​រៀងៗ​ខ្លួន​។ ជាមួយគ្នា​ដែរ លោក​រដ្ឋមន្ត្រី​ក៏​ណែនាំ​ឲ្យ​ពួកគេ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បានល្អ ដោយ​កុំ​មាន​ភាពភ័យខ្លាច និង​រើសអើង​។ លោក​ក៏បាន​ណែនាំ​ឲ្យ​ពួកគេ​ហាម​ប្រើប្រាស់​របស់​រួម  ឬ​ចាប់ដៃគ្នា ដោយ​ជំនួស​មកវិញ​នូវ​ការសំពះ​គ្នា​ទៅវិញទៅមក​។  ​ក្នុងករណី​សង្ស័យថា​មាន​សិស្ស គ្រូ និង​បុគ្គលិក​សាលា​ណា​ម្នា​ក់មាន​រោគសញ្ញា​ដូចនឹង​ជំងឺ​កូ​វីដ​-១៩ សាលា​ត្រូវ​រាយការណ៍​មក​មន្ទីរ​សុខាភិបាល ឬ​ទាក់ទង​មក​លេខ​ទូរ​សព្ទ​១១៥ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​បើ​សាលា​ណាមួយ​មានការ​ធ្វេសប្រហែស​បណ្តា​ល​ឲ្យ​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ សាលា​នោះ​នឹង​ប្រឈមមុខ​នឹង​វិធានការ​ច្បាប់ និង​ប្រឈម​នឹង​វិធានការ​រដ្ឋបាល​តាម​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​៕

ប្រភព៖​ ថ្មីៗ