ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំ ស្ដីពី “លទ្ធភាពក្នុងការបើកដំណើរការឡើងវិញគ្រឹះស្ថានមធ្យមសិក្សាក្នុងដំណាក់កាលទី២ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២” ក្រសួងអប់រំ យុវជន និង កីឡា បានរៀបចំកិច្ចប្រជុំស្ដីពី “លទ្ធភាពក្នុងការរៀបចំបើកសាលារៀនសាធារណៈឡើងវិញ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២” ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត សភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ប្រធាន នាយកដ្ឋាន ជំនាញ គណៈ គ្រប់គ្រង និង គ្រូបង្រៀន មុខវិជ្ជា ឯកទេស នៃ វិទ្យាល័យនេះ។

វិទ្យាល័យបាក់ទូក ត្រូវបានជ្រើសរើសជាសាលារៀនដំបូងដែលត្រូវបើកឡើងវិញ ដោយសារមានចំនួនសិស្សថ្នាក់ទី១២ ច្រើនជាងគេទូទាំងប្រទេស។ លទ្ធភាពនៃការបើកសាលារៀនឡើងវិញ បានសិក្សាទៅលើការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់ និងការសិក្សាពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា ហើយមានចំនួនសិស្សចន្លោះពី១៥ ទៅ ២០នាក់ក្នុងមួយថ្នាក់ ការរៀបចំកាលវិភាគសិក្សា ការសិក្សាលើធនធានដែលវិទ្យាល័យមានស្រាប់ដូចជា បន្ទប់សិក្សា ចំនួនគ្រូបង្រៀន និងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដោយការប្រើប្រាស់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ និង អាច ទាញ យក ផលប្រយោជន៍សម្រាប់ពេលអនាគត ដោយ បន្ត និរន្តរភាព បច្ចេកវិទ្យា៕
ប្រភព ក្រសួងអប់រំយុវជន និងកីឡា




