Home ពត៌មាន មានការវឹកវរនៅអាមេរិកទៀតហេីយ​ ក្រោយបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលីសបាញ់សម្លាប់

មានការវឹកវរនៅអាមេរិកទៀតហេីយ​ ក្រោយបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលីសបាញ់សម្លាប់

34
0

យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានសម្លាប់ និង ២ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារមួយកាលពីយប់ថ្ងៃអង្គារនៅទីក្រុង Kenosha រដ្ឋ Wisconsin ចំពេលមានភាពវឹកវរ និងការលួចប្លន់ បន្ទាប់ពីប៉ូលិសបានបាញ់បុរសជនជាតិស្បែកខ្មៅ Jacob Blake ។

សារព័ត៌មាន Kenosha បានរាយការណ៍ថា ការបាញ់ប្រហារបានផ្ទុះឡើងនៅខាងក្រៅហាងលក់រថយន្តមួយកន្លែងនៅជិតផ្លូវលេខ ៦៣ និងផ្លូវ Sheridan ក្នុងទីក្រុង Kenosha នៅកណ្តាលអធ្រាត្រ ។ មន្ត្រីម្នាក់បានប្រាប់សារព័ត៌មាននោះថា “មនុស្សជាច្រើនត្រូវបានបាញ់ប្រហារ” ។

នៅក្នុងខ្សែវីដេអូជាច្រើនពីការបាញ់ប្រហារនេះបង្ហាញថា ក្រុមបុរសមួយក្រុមបានឡោមព័ទ្ធបុរសម្នាក់កាន់អាវុធពាក់កណ្តាលស្វ័យប្រវត្តិ ។ បុរសដែលមានអាវុធគឺដួលលើដីនៅពេលដែលគាត់បានបាញ់ទៅលើហ្វូងមនុស្ស ។

សាក្សីដែលឮបាននិយាយម្តងហើយម្តងទៀតថា “គាត់បានបាញ់ៗ!” ។ ខ្មាន់កាំភ្លើងត្រូវគេឃើញបាញ់ប្រហែល ១៥ គ្រាប់នៅក្នុងវីដេអូមួយ ។

បន្ទាប់ពីការបាញ់កាំភ្លើងបានបញ្ឈប់ បុរសម្នាក់នៅក្នុងវីដេអូនោះត្រូវបានគេឃើញដោះអាវរបស់គាត់ហើយឱនជួយជនរងគ្រោះដែលស្ថិតនៅលើដីក្បែររថយន្តជាច្រើន ។

វីដេអូបានបង្ហាញទៀតថា អ្នកផ្សេងទៀតក៏រត់ទៅរកជនរងគ្រោះនៅពេលដែលជនរងគ្រោះស្រែកឲ្យគេជួយ ។

ទន្ទឹមនោះមនុស្សម្នាក់ទៀតស្រែកថា “តេទៅលេខ ៩១១ គាត់ដួលហើយ!” ខណៈអ្នកផ្សេងទៀតស្រែកថា “យើងត្រូវការថ្នាំព្យាបាល” ។

បន្ថែមពីនោះវីដេអូដាច់ដោយឡែកមួយទៀតបង្ហាញពីជនរងគ្រោះដេកនៅលើបេតុង ខណៈមនុស្សម្នាក់ទៀតប្រើអាវយឺតរុំក្បាលរបស់គាត់ ។

ចំណែកបុរសម្នាក់ទៀតហាក់ដូចជាត្រូវគេបាញ់ចំដៃនៅកណ្តាលផ្លូវ ។ វាមិនច្បាស់ទេថាតើការបាញ់ប្រហារនោះកើតឡើងដោយសារអ្វី ។

គួរបញ្ជាក់ថា ពត៌មានលំអិតផ្សេងទៀតអំពីការបាញ់ប្រហារនេះមិនទាន់អាចបញ្ជាក់បានភ្លាមៗនោះទេ  ៕

ប្រភព៖​ កម្ពុជាថ្មី