ញូដេលី៖ INS Karanj ដែលជានាវាមុជទឹកទី៣ នៃសែស្រឡាយនាវាមុជទឹក Kalvari កំពុងត្រូវបានរៀបចំដាក់ឱ្យចូលបម្រើការក្នុងជួរកងទ័ពជើងទឹកឥណ្ឌារយៈពេល ៤ទៅ៥ ខែខាងមុខទៀតនេះ។ នាវាមុជទឹក INS Karanj ត្រូវបានបញ្ជូនទៅធ្វើតេស្តក្នុងសមុទ្រដំបូងកាលពីឆ្នាំ ២០១៨ ដោយបានទទួលបានលទ្ធផលយ៉ាងជោគជ័យបំផុត ហើយចំណែកនាវាមុជទឹកទី៤ INS Vela នៃសែស្រឡាយតែមួយនេះ ក៏នឹងត្រូវដាក់បម្រើការក្នុងជួរកងទ័ពជើងទឹកឥណ្ឌាផងដែរ នៅដំណាច់ឆ្នាំក្រោយ។

នាវាមុជទឹកថ្មីរបស់ឥណ្ឌានេះ មានសមត្ថភាពអាចមុជទឹកក្នុងសមុទ្របានរយៈពេល ៥០ថ្ងៃ និងអាចធ្វើដំណើរម្តងបានរយៈចម្ងាយ ១២,០០០គីឡូម៉ែត្រ។ មិនតែប៉ុណ្ណោះ វាក៏អាចធ្វើដំណើរក្នុងសមុទ្រជាមួយនឹងល្បឿន ៣៧គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចមុជចុះទៅក្រោមបានជម្រៅរហូតដល់ ៣៥០ម៉ែត្រ។

គួរឱ្យដឹងដែរថា កាលពីឆ្នាំ១៩៩៧ កងទ័ពជើងទឹកឥណ្ឌាបានរៀបចំផែនការដ៏ធំមួយ ដើម្បីបង្កើតកងនាវាមុជទឹកដែលមានឥទ្ធិពលបំផុត តាមរយៈផែនការសាងសង់នាវាមុជទឹកថ្មីឱ្យបានចំនួន ២៤គ្រឿងនៅត្រឹមឆ្នាំ ២០២៤ ប៉ុន្តែផែនការមួយនេះ នៅតែដំណើរការយឺតជាងកាលបរិច្ឆេទ ដោយសារតែបញ្ហាមួយចំនួន រួមបញ្ចូលទាំងការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
ប្រភព៖ខ្មែរឡូត