បើតាមលិខិតរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបានផ្ញើលិខិតទៅកាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី២៦ សីហា បានបញ្ជាក់ថាវៀតណាម បានរុះរើតង់ហើយ ដោយងាកមកសង់សំណងរឹងវិញ នៅតំបន់«ស» ជាប់ព្រំដែនខេត្តកណ្ដាល ប្រទេសកម្ពុជា។

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល អះអាងថា យោធាវៀតណាមបានរុះរើតង់ចាស់ហើយប្ដូរមកសង់តង់ថ្មី ដែលជាជម្រករឹងមាំនៅតំបន់មិនទាន់ឯកភាពគ្នា ស្ថិតនៅភូមិភូវី ឃុំកូឡូក ស្រុកទិនចូវ ខេត្តអាងយ៉ាង ទល់នឹងឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។
ស្នងការនគរបាលខេត្តកណ្ដាល ឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា កម្លាំងការពារព្រំដែនកម្ពុជាបានចុះទៅត្រួតពិនិត្យទីតាំងតង់់ចាស់របស់យោធាការពារព្រំដែនវៀតណាម នៅតំបន់មិនទាន់ឯកភាពគ្នានៃប្រទេសទាំងពីរ ក៏បានជួបភាគីវៀតណាមកំពុងសាងសង់តង់ថ្មី (ជាជម្រករឹងមាំ)។
ស្នងការដ្ឋានបន្តថា តង់ថ្មីដែលយោធាវៀតណាមសាងសង់នោះធ្វើពីឈើសសរថ្ម កម្ពស់៣ម៉ែត្រទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នចម្ងាយប្រមាណ១២០ម៉ែត្រ។

ស្នងការដ្ឋានបានបន្តទៀតថា បើទោះជាកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនក្អមសំណនិងកម្លាំងយោធាការពារព្រំដែនកង៦០១ បានស្នើឱ្យយោធាវៀតណាមបញ្ឈប់សកម្មភាពសាងសង់នោះជាច្រើនសារក៏ដោយ ប៉ុន្តែភាគីវៀតណាមមិនព្រមបញ្ឈប់ឡើយ ដោយថា ការសាងសង់ប៉ុស្តិ៍យាមរឹងមាំថ្មីឬជម្រករឹងមាំថ្មីនេះ គឺធ្វើតាមបញ្ជាថ្នាក់លើរបស់ខ្លួន៕
ប្រភព៖ Angkor Post