ភ្នំពេញ ៖ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោនលោក ករុណា ពេជ្រ ស្របពេលដែលករណីជម្លោះរបស់តារាចម្រៀងលោក ខេម ជាមួយភាគីផលិតកម្មថោន ត្រូវបានសម្របសម្រួលបញ្ចប់រឿងក្រោមកិច្ចអន្តរាគមន៍ពីសំណាក់លោក ហេង ឡុង នោះក៏ស្រាប់តែលោកបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនទៅកាន់លោក ហេង ឡុង ជុំវិញបញ្ហានេះ។
ចំពោះរឿងហេតុដែលធ្វើឲ្យមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍លើខ្លឹមសារនៃអត្ថន័យដែលលោក ករុណា ពេជ្រ ថ្លែងជាប្រយោគខ្លីៗទៅកាន់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមនោះ គឺដំបូងឡើយគេឃើញលោក ករុណា ពេជ្រ បានលើកឡើងថា អ្វីដែលលោក ហេង ឡុង កំពុងតែធ្វើនេះ ជាការសម្តែងនៅមុខភ្នែកខ្លួនប៉ុណ្ណោះ។
លោក ករុណា ពេជ្រ បានសង្កត់ធ្ងន់ថា ល្អ…! ហើយបងកុំសម្តែងមុខខ្ញុំជីវិតមួយនេះ រង់ចាំសាក្សីរស់ ហើយរស់ដោយកិត្តិយស។ បន្ថែមពីលើនេះ ទៀតលោក ករុណា ពេជ្រ ក៏បានចូលទៅComment ដែរថាបង ហេង ឡុង គេងទៅ តិចរស់មិនសមហេតុផល។ ទាក់ទងនឹងការលើកឡើងរបស់លោក ករុណា ពេជ្រ ហាក់មានចេតនាចង់ផ្លែផ្កាដល់លោក ហេង ឡុង នេះដែរកម្ពុជាថ្មីនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ បានព្យាយាមទំនាក់ទំនង ដើម្បីសុំការសួរនាំពីលោក ហេង ឡុង ដែរប៉ុន្តែពុំមានការឆ្លើយតបឡើយ។
ដោយឡែកបើងាកមកចាប់អារម្មណ៍មើលតារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាគូស្នេហ៍លោក ហេង ឡុង ឯណេះវិញនាងបានចោទជាសំនួរខ្លីសួរទៅកាន់លោក ករុណា ពេជ្រ វិញថា ហេតុអ្វីរស់មិនសបហេតុផល ពេជ្រ ? គំរាមមែន?។ ទោះបីជាយ៉ាងណាមិញរហូតមកទល់ពេលនេះ នៅមិនទាន់ទទួលបានការបកស្រាយពីលោក ករុណា ពេជ្រ ជុំវិញការលើកឡើងនេះនៅឡើយទេ៕
ប្រភព៖ កម្ពុជាថ្មី