Home សេដ្ឋកិច្ច គម្រោងអគារ​ ៤២ជាន់​ ត្រូវបានផ្អាកការសាងសង់ជាថ្មី

គម្រោងអគារ​ ៤២ជាន់​ ត្រូវបានផ្អាកការសាងសង់ជាថ្មី

53
0

ភ្នំពេញ ៖ ក្រោយកិច្ចបន្តការសាងសង់ដើម្បីបញ្ចប់គម្រោងមិនទាន់បានប៉ុន្មានផង ពេលនេះ អគារ Golden Tower 42 ដែលគេស្គាល់ថាជាគម្រោងមុនគេនៅក្នុងរាជធានីភ្នំពេញ បានផ្អាកសកម្មភាពសាងសង់សាជាថ្មីម្ដងទៀត។

គិតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម Golden Tower 42 ដែលមានទីតាំងស្ថិតនៅផ្លូវព្រះមុនីវង្ស កែងផ្លូវមហាវិថីព្រះសីហនុ បានចំណាយពេល១២ឆ្នាំហើយក្នុងការសាងសង់ ប៉ុន្តែជាលទ្ធផលនៅតែមិនទាន់អាចបញ្ចប់គម្រោងនៅឡើយ។ អាគារនេះបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០០៨ ប៉ុន្តែត្រូវបានផ្អាកមួយរយៈ ហើយសាងសង់ឡើងវិញនៅឆ្នាំ២០១០ ហើយផ្អាកសាជាថ្មីនៅឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ ក៏ចាប់ដំណើរការសាងសង់ម្ដងទៀត ដោយឡែកមកដល់ពេលនេះសកម្មភាពសាងសង់ក៏ត្រូវបានផ្អាកជាលើកទី៣។

តាមរយៈការបង្ហើបឱ្យដឹងពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានឱ្យដឹងថា ការផ្អាកសកម្មភាពសាងសង់ជាលើកទី៣របស់សំណង់អគារ Golden Tower 42 មួយនេះ តាំងពីចុងខែកក្កដា ឆ្នាំ២០២០មកម៉្លេះ ដោយសារតែហេតុផលមួយចំនួន ដូចជាក្នុងពេលកំឡុងពេលកំពុងសាងសង់គម្រោងនេះបានជួបវិបត្តិសាជាថ្មី ក្រោមការរកទីផ្សារលក់មិនចេញព្រោះវិបត្តិសេដ្ឋកិច្ចពិភពលោកនៃជំងឺឆ្លង Covid-19។

មន្ត្រីដដែលបានបញ្ជាក់ថា “គុណភាពនៃសំណង់នេះ គឺត្រូវបានធ្វើឡើងស្របតាមគោលការណ៍យ៉ាងត្រឹមត្រូវ និងមិនមានបញ្ហានោះទេ ប៉ុន្តែដែលអាចជាឧបសគ្គទីផ្សារនៃគម្រោងនេះ អាចបង្កមកពីយុទ្ធសាស្ត្រក្នុងស្វែរកដៃគូសហការលក់របស់ក្រុមហ៊ុន រួមជាមួយនឹងវិបត្តិផ្ទៃក្នុងដែលអាចកើតមានរបស់ក្រុមហ៊ុនផ្ទាល់”។

ជារឿយគេតែងលើកឡើងពីភាពអាកខាននៃការសាងសង់អាគាពាណិជ្ជកម្ម Golden Tower 42 ក្រោមទុនវិនិយោគប្រមាណ ២៤០លានដុល្លាររបស់ក្រុមហ៊ុន YON WOO ជាហូរហែ ដែលក្នុងនោះភាគច្រើននិយាយថា ការផ្អាកសកម្មភាពសាងសង់ដែលតែងកើតមានជាបន្តបន្ទាប់គឺបណ្តាលមកពីហេតុផលចម្បងកើតចេញពីទំនាស់ផ្ទៃក្នុងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍។

ហេតុផលសំខាន់ចំនួន២ផ្សេងទៀត ដែលគេតែងលើកឡើងថា អតីតបីតាស្ថាបត្យករកម្ពុជា លោកសាស្ត្រាចារ្យបណ្ឌិត វណ្ណ មូលីវណ្ណ ធ្លាប់បានព្រមានថា ទីតាំងកែងផ្លូវប្រសព្វនេះមិនស័ក្ដិសមទៅនឹងវត្តមាននៃសំណង់អគារខ្ពស់បែបនេះនោះទេ ដែលអាចប៉ះពាល់ដល់សោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធក្រុង។ លើសពីនេះទៅទៀត ក៏មានអ្នកខ្លះលើកឡើងពីជំនឿអរូបិយផងដែរថា ទីតាំងនេះ ជាអតីតមន្ទីរពេទ្យដែលធ្លាប់មានមនុស្ស និងអ្នកជំងឺស្លាប់ច្រើននៅទីនេះ។

កាលពីពេលកន្លងទៅនេះ ក្រសួងរៀបចំដែនដីនគរបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញក៏ធ្លាប់បានចេញធ្វើការផ្អាកដំណើរការសាងសង់របស់អាគារ Golden Tower 42 ផងដែរ បន្ទាប់ពីមានហេតុការណ៍ធ្លាក់ដែកសម្ភារៈសាងសង់ពីលើអាគារចំរថយន្តរបស់ប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរចំនួន២លើក ហើយក៏អនុញ្ញាតឱ្យបន្តដំណើរការសាងសង់ឡើងវិញក្រោយបញ្ចប់ការដោះស្រាយសំណងជូនអ្នករងគ្រោះ និងសង់របាំងការពារសុវត្ថិភាពរួចរាល់។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងទេថា តើដំណើរការនៃការអភិវឌ្ឍន៍សំណង់អាគារពាណិជ្ជកម្មមួយនេះមានវាសនាយ៉ាងណា និងអាចបញ្ចប់ការសាងសង់ទាំងស្រុងនៅពេលណាឱ្យប្រាកដនោះទេ បើសកម្មភាពផ្អាកចេះតែកើតមានជាបន្តបន្ទាប់បែបនេះ ៕

ប្រភព៖​ Property Area