
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបញ្ជូនមន្ត្រីអនុវត្តច្បាប់សហព័ន្ធទៅរដ្ឋ Wisconsin ដែលជាកន្លែងកំពុងមានការតវ៉ាប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានករណីប៉ូលីសបានបាញ់ទៅលើបុរសស្បែកខ្មៅម្នាក់ឈ្មោះថា Jacob Blake ចំនួន ៧គ្រាប់ ពីខាងក្រោយឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ នៅទីក្រុង Kenosha រដ្ឋ Wisconsin ។ បាតុកម្មប្រឆាំងប៉ូលីសនៅទីនោះបានប្រែទៅជាហិង្សា ដោយមានទាំងការប៉ះទង្គិចគ្នាជាមួយមន្រ្តី និងការបាញ់ប្រហារមួយនៅអំឡុងយប់ថ្ងៃទី៣។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា៖ «យើងនឹងមិនឈរខាងការលួចប្លន់ ការដុតបំផ្លាញ អំពើហឹង្សា និងភាពគ្មានច្បាប់ទម្លាប់នៅតាមផ្លូវអាមេរិកទេ»។

លោកបានបន្ថែមទៀតថា៖«ខ្ញុំនឹងបញ្ជូនមន្ត្រីអនុវត្តច្បាប់សហព័ន្ធ និងកងកម្លាំងការពារជាតិទៅ Kenosha ដើម្បីស្ដារច្បាប់ និងបទបញ្ជា»។ ចំណែកបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យលោក Joe Biden និងមិត្តរួមដំណើររបស់គាត់ឈ្មោះ Kamala Harris ក៏បានបង្ហើបឱ្យដឹងកាលពីថ្ងៃពុធថា ពួកគេបាននិយាយជាមួយគ្រួសាររបស់លោក Jacob Blake ហើយលោកបានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា និងការរើសអើងជាតិសាសន៍។ លោកបានសង្កត់ធ្ងន់លើតម្រូវការនៃការកែទម្រង់របស់ប៉ូលីស ដើម្បីកុំឱ្យមានពណ៌សម្បុរណាមួយត្រូវបានគេកំណត់គោលដៅ ក្នុងការសាកសួរ ឬចាប់ខ្លួន។ ឪពុករបស់លោក Jacob Blake ត្រូវបានគេរំពឹងថា នឹងចូលរួមនៅក្នុងបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍នៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រនេះ៕

ប្រភព៖ខ្មែរណូត