Home ពត៌មាន អភិបាលខេត្តកណ្តាល​ ស្នេីអោយអ្នកជំនាញចុះទៅពិនិត្យទីតាំងវៀតណាមសង់សំណង់រឹង

អភិបាលខេត្តកណ្តាល​ ស្នេីអោយអ្នកជំនាញចុះទៅពិនិត្យទីតាំងវៀតណាមសង់សំណង់រឹង

38
0

ភ្នំពេញ៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ នឹងស្នើឱ្យអ្នកជំនាញទៅពិនិត្យទីតាំង ដែលវៀតណាមកំពុងសាងសង់សំណង់រឺងនោះ ដើម្បីកុំឱ្យមានការភាន់ច្រឡំមតិ។ វៀតណាម បានរុះរើតង់ចាស់ចោល ដោយងាកមកសង់សំណងរឹងវិញ នៅតំបន់«ស» ដែលមិនទាន់បានឯកភាពគ្នា នៅជាប់ព្រំដែនខេត្តកណ្ដាល ប្រទេសកម្ពុជា។

 មូលហេតុដែលវៀតណាមរុះរើតង់ចាស់ ហើយរៀបចំសំណង់រឹងមាំថ្មី ដែលធ្វើពីសសរថ្ម ហើយប្រក់សង្កសីនេះ ដោយសារទីតាំងកន្លែងនោះ មានទឹកលិច ដែលតម្រូវឱ្យវៀតណាមសាងសង់ខ្ពស់ផុតពីដី។ នេះជាការបញ្ជាក់របស់លោក គង់ សោភណ្ឌ ដែលបានអះអាងថា កងកម្លាំងប្រដាប់អាវុធការពារតំបន់ព្រំដែន កំពុងយកចិត្តទុកដាក់ពិនិត្យឃ្លាំមើលទីតាំងនោះ ដោយមិនឱ្យប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជាឡើយ។ នៅពេលសួរថា ការសាងសង់សំណង់រឹងនោះ គឺវាស្ថិតនៅតំបន់«ស» ដែលមិនទាន់មានការឯកភាពគ្នា រវាងភាគីទាំងពីរទេ ហេតុអ្វីក៏វៀតណាម មានសិទ្ធិសាងសង់សំណង់រឹងបាន? លោក គង់ សោភ័ណ្ឌ ក៏មិនហ៊ានថា ទីតាំងនោះស្ថិតនៅក្នុងទឹកដីណាមួយដែរ។ ប៉ុន្តែលោក អះអាងថា លោកនឹងស្នើទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ឱ្យចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅតំបន់នោះសិន មុននឹងស្នើឱ្យវៀតណាមបញ្ឈប់ការសាងសង់។  ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អភិបាលខេត្តរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំចង់សិក្សាបច្ចេកទេសបន្តិចសិន ព្រោះយើងមិនមែនជាអ្នកបច្ចេកទេសវាស់វែង វាអាចមានកន្លែងខ្លះ យើងមិនបានយកចិត្តទុកដាក់អស់ មិនបានគិតលើនិយាមកាមអីហ្នឹង យល់អស់»។ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងខាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដើម្បីសាកសួរជុំវិញករណីវៀតណាម សង់សំណង់រឹងនៅជាប់ព្រំដែននេះឡើយ។

លោក ឈឿន សុចិ​ត្ត ដែល​បាន​ដឹកនាំ​កម្លាំង​ជាង​១០​នាក់ ចុះទៅពិនិត្យ​ទីតាំង​ចាស់​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម ប៉ុស្តិ៍​៩២៥​វិញ​សឿង នោះ បាន​រកឃើញថា វៀតណាម​បាន​រុះរើ​តង់​ហើយ ប៉ុន្តែ​ងាក​ទៅ​សង់​ជម្រក​រឹងមាំ​ថ្មី​វិញ​។ របាយការណ៍​ដែល ស្នងការ​ខេត្ត​រូបនេះ បានរៀបរាប់​ប្រាប់​ទៅ​អភិបាល​ខេត្តកណ្ដាលថា សំណង់​រឹង​ថ្មី ដែល​វៀតណាម​កំពុង​សាងសង់​នេះ គឺ​ធ្វើ​អំពី​ឈើ សសរថ្ម មាន​កម្ពស់​៣​ម៉ែត្រ ទំហំ​២០​ម៉ែត្រការ៉េ ដោយ​ដំបូល​ប្រក់​ស័ង្កសី ដែលមាន​ចម្ងាយ​ឃ្លាត​ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ប្រមាណ​១២០​ម៉ែត្រ​ប៉ុណ្ណោះ​។ ទីតាំង​ដែល​វៀតណាម​សាងសង់​ជម្រក​រឹង​នេះ ស្ថិតនៅ​ក្នុងភូមិ​ភូ​រី ឃុំ​ភូ​ឡុ​ក ស្រុក​ទិន​ចូ​វ ខេត្ត​អាន​យ៉ាង ទល់នឹង​ភូមិ​ក្អមសំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើកដែក ខេត្តកណ្ដាល​។​

គួរបញ្ជាក់ថា យោធាវៀតណាម បានបោះតង់ចំនួន៣១ នៅតាមបណ្តោយព្រំដែនក្នុងខេត្តកណ្តាល តាំងពីអំឡុងខែមីនា ឆ្នាំ២០២០។ ហើយអភិបាលខេត្តកណ្តាល បានសរសេរលិខិតជូនទៅខេត្តអានយ៉ាង ដើម្បីសុំឲ្យរុះរើតង់ទាំងនោះ នៅថ្ងៃទី២៩ ខែមេសាដែរ។ មិនតែបណ្ណោះ ក្រសួងការបរទេសកម្ពុជា ក៏បានធ្វើកំណត់ទូត ទៅកាន់ស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីស្នើឲ្យរុះរើតង់ទាំងនោះវិញ កាលពីថ្ងៃទី១៣ ខែឧសភាដែរ។ ក្រោយផ្ញើកំណត់ទៅ ស្ថានទូតវៀតណាម ក៏បានធ្វើកំណត់ទូតមកវិញ ដោយសន្យាថា នឹងរុះរើតង់ទាំងនោះវិញ។ នៅថ្ងៃទី១៣ ខែឧសភា លោក ង្វៀន ថាញ់ ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានផ្ញើលិខិតជូនមកលោក គង់ សោភ័ណ្ឌ វិញ ដោយលើកហេតុផលថា ការដែលវៀតណាមបោះតង់តាមបណ្តោយខ្សែព្រំដែន គឺដើម្បីទប់ស្កាត់ការធ្វើដំណើរចូលទៅវៀតណាម ដែលអាចបង្កការឆ្លងជំងឺកូវីដ១៩។ ក្នុងលិខិតនោះ ភាគីវៀតណាម ប្រាប់អភិបាលខេត្តកណ្តាលថា ការបោះតង់ទាំងនោះ គឺគ្រាន់តែជាការងារបណ្តោះអាសន្ន៕

ប្រភព៖​ ថ្មីៗ