តារាចម្រៀង​ ២រូប​ ប្រកាសចំហ​ មិនចាក់ចេញពីហង្សមាស​ តាមលោកព្រាប​ សុវត្ថិ

0
91

ភ្នំពេញ ​៖ ​ស្រប​ពេល​ដែល​កំពូល​តា​រា​ចម្រៀង​លោក ព្រាប សុវត្ថិ បាន​ប្រកាស​បើកចំហ​នៃ​ការ​ចាក​ចេញ​ពី​ផលិតកម្ម​ហង្ស​មាស​ចូល​ផលិតកម្ម ​Galaxy Navatra​ តាមរយៈ​កុងត្រា​(​កិច្ចសន្យា​)​រយៈពេល​៥​ឆ្នាំ​នោះ ​ក៏​ស្រាប់តែ​លេចឮ​ដំណឹង​ដ៏​រសើប​ថា ​នា​ពេល​ខាង​មុខ​ឆាប​ៗ​នេះ ​ហង្ស​មាស​អាច​នឹង​របូត​តារា​ចម្រៀង​ប្រុស​-​ស្រី​២​រូប​ទៀត​ ទៅតាម​រៀមច្បង ព្រាប សុវត្ថិ ផង​ដែរ​។

​ចំពោះ​ដំណឹង​នៃ​គម្រោង​ចាកចេញ​របស់​តារា​ចម្រៀង​ទាំងពីរ​រូប​ ដែល​បច្ចុប្បន្ន​កំពុង​រួម​រស់​ជាមួយ​ហង្ស​មាស​នោះ​ ត្រូវ​បាន​ប្រភព​បង្ហើប​ឲ្យ​ដឹង​ថា​៖
១. គឺ​ផ្តោត​គោលដៅ​សំខាន់​លើ​លោក ខេមរៈ សិរី​មន្ត ព្រោះថា​លោក សិរីមន្ត និង​ថៅកែ​ផលិតកម្ម​Galaxy កាន់តែ​បង្ហាញ​ការ​ស្និត​គ្នា​ទាំង​មិត្តភាព​និង​មុខ​ជំនួញ​។ ​ម្យ៉ាងទៀត ​ក៏​មាន​ការ​រំពឹង​ថា​ លោក ខេមរៈ សិរីមន្ត ប្រហែល​មិន​យូរ​ទេ អាច​នឹង​មក​តាម ព្រាប សុវត្ថិ ដើម្បី​រួមគ្នា​សាង​ស្នាដៃ​នៅ​ផលិតកម្ម​ Galaxy​។ ២. តារា​ចម្រៀង​ស្រី​អ្នកនាង ពេជ្រ សោភា ក៏​ត្រូវ​បាន​ប្រភព​បង្ហើប​ដែរ​ថា​ នាង​ក៏​មាន​គម្រោង​ចង់​ដើរ​ចេញពី​ផលិតកម្ម​ហង្ស​មាស ដែល​ធ្លាប់​ជ្រកកោន​រយៈពេល​១៥​ឆ្នាំ​ហើយ​នោះ​ ដើម្បី​ទៅតាម​រៀមច្បង​សិល្បៈ​លោក ព្រាប សុវត្ថិ នៅ​ផលិតកម្ម Galaxy Navatra ផង​ដែរ​។​ ប៉ុន្តែ​ចំពោះ​ហេតុផល​យ៉ាងណា​នោះ​ គេ​មិនទាន់​ដឹង​នៅឡើយ​ទេ​។

​ទន្ទឹម​ពេល​ជាមួយគ្នា​នៃ​ការ​លេចឮ​ដំណឹង​ខាងលើ​នេះ​ដែរ ​ត្រូវ​បាន​លោក ខេមរៈ សិរីមន្ត ចេញមុខ​ស្រាយ​មន្ទិល​មហាជន​ថា ​ចំពោះ​ព័ត៌មាន​ ដែល​បាន​លេចឮ​និង​កំពុង ​ត្រូវ​បាន​គេ​លើក​មក​និយាយ​ថា ​ខ្លួន​មានបំណង​ផ្លាស់​ប្តូរ​ទ្រនំ​ទៅតាម​លោក ព្រាប សុវត្ថិ នោះ ​គឺ​ដូចជា​ពុំ​មាន​នោះ​ទេ ព្រោះ​សព្វថ្ងៃ​លោក​ជាតា​រា​ពេញ​សិទ្ធិ​នៅ​ផលិតកម្ម​ហង្ស​មាស​។ លោក ខេមរៈ សិរីមន្ត បាន​បន្ត​ថា រាល់​ភាព​ស្និទ្ធស្នាល​រវាង​លោក​និង​ថៅកែ​ផលិតកម្ម​ Galaxy​ នោះ​ គឺ​ត្រឹមតែ​ជា​ជំនួប​លក្ខណៈ​ធម្មតា​ ដើម្បី​និយាយ​ការងារ​ជំនួញ​រកស៊ី​ជាមួយគ្នា​តែប៉ុណ្ណោះ​។ ​ដូច្នេះ​ព័ត៌មាន​ ដែល​មិនទាន់​ផ្លូវការ​ណាមួយ​លោក​សុំ​មិន​និយាយ​ទេ​។

​ដោយឡែក​ សម្រាប់​តារា​ចម្រៀង​ស្រី​អ្នកនាង ពេជ្រ សោភា ឯណោះ​វិញ​ ក៏បាន​លើកឡើង​ដែរ​ថា ​បច្ចុប្បន្ន​នាង​គ្មាន​បំណង​ចាក​ចេញពី​ផលិតកម្ម​ហង្ស​មាស​នោះ​ទេ។​ នាង​ថា​ រីឯ​ដំណឹង​ដែល​គេ​និយាយ​ថា ​នាង​ចង់​ចេញពី​ហង្ស​មាស​ទៅតាម​លោក ព្រាប សុវត្ថិ នៅ​ផលិតកម្ម​ Galaxy​ នោះ​ ព្រោះតែ​កន្លងមក​នាង​ធ្លាប់​ច្រៀង​ជាមួយ​លោក ព្រាប សុវត្ថិ ដូច្នេះ​គេ​តែងតែ​ភ្ជាប់​រឿង​នេះ ​អញ្ចឹង​ហើយ​។ សូម​ជម្រាប​ថា ​អ្នកនាង ពេជ្រ សោភា ត្រូវ​បាន​ប្រភព​បញ្ជាក់​ដែរ​ថា ​នាង​គឺជា​តារា​ចម្រៀង​ពុំ​មាន​ជាប់​កុងត្រា​ជាមួយ​ផលិតកម្ម​ហង្ស​មាស​នោះ​ទេ​។​ ចំពោះ​ហេតុផល​នេះ​ហើយ​ ទើប​ការសម្រេចចិត្ត​ដើរចេញ​ពី​ហង្ស​មាស​របស់​នាង​ទៅ​ចូល​ផលិតកម្ម​ថ្មី​ គ្មាន​ឧបសគ្គ​រារាំង​ឡើយ​៕

ប្រភព៖​ កម្ពុជាថ្មី