ស្ត្រីវ័យ ៥១ឆ្នាំ ដែលរកឃើញមានផ្ទុកកូវីដ ១៩ បានស្លាប់បាត់បង់ជីវិត កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ នាំឲ្យតួលេខស្លាប់នៅវៀតណាម កើនដល់ ៣០នាក់។ នេះបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលប្រទេសនេះ។
អ្នកជំងឺស្លាប់ចុងក្រោយនេះ ត្រូវគេអះអាងជាអ្នករស់នៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាម ដែលជាកន្លែងចាប់ផ្តើមផ្ទុះរាតត្បាតកូវីដ ១៩ រលកទី៣ ខណៈការស្លាប់ គឺដោយសារស្ថានភាពរាងកាយកាន់តែធ្ងន់ធ្ងរ ព្រោះគាត់មានជំងឺរ៉ាំរ៉ៃជាច្រើន។

ជាមួយគ្នានេះ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ វៀតណាម រកឃើញករណីឆ្លងថ្មីតែ ២នាក់ប៉ុណ្ណោះ នាំឲ្យករណីឆ្លងសរុប កើនដល់ ១០៣៤នាក់ ខណៈពិភពលោកទាំងមូល មានអ្នកឆ្លងសរុប ២៤ ៦២៥ ១៤៩នាក់ ស្លាប់ ៨៣៥ ៦២៧នាក់ និងជាសះស្បើយ ១៧ ០៩៣ ២៨៨នាក់។
អ្នកជំនាញបានព្រមានថា បើសិនជាមិនមានវ៉ាក់សាំងប្រឆាំងកូវីដទាន់ពេលវេលាទេនោះ ស្ថានភាពនឹងកាន់តែធ្ងន់ធ្ងរជាងនេះ ព្រោះរលករាតត្បាតទី ៣ កំពុងវាយប្រហារប្រទេសជាច្រើន ខណៈជំងឺនេះ អាចនឹងអូសបន្លាយដល់ទៅ ២ឆ្នាំទៅមុខ៕
ប្រភព៖ កម្ពុជាថ្មី