Home ពត៌មាន ក្រោយព្យុះរិះគន់! ! អភិបាលខេត្តកែប​ បញ្ជាអោយស្វែងរកអាជីវករដែលលក់ឡេីងថ្លៃហួសហេតុ

ក្រោយព្យុះរិះគន់! ! អភិបាលខេត្តកែប​ បញ្ជាអោយស្វែងរកអាជីវករដែលលក់ឡេីងថ្លៃហួសហេតុ

75
0

លោក​សោម​ ពិសិដ្ឋ​អភិបាលខេត្ត​កែប បាន​ប្រាប់ទៅស្នងការ​និង​សមត្ថកិច្ច​ ត្រូវតាមដាននិងស្រាវជ្រាវ​ដល់អាជីវករ​ណាដែលលក់​សេវាកម្ម​ទេសចរណ៍កាលពីថ្ងៃឈប់​សម្រាកកន្លងមកទៅ មក​អប់​រំ​ណែ​នាំនិងធ្វើកិច្ច​សន្យា​បញ្ចប់​សកម្មភាពទាំងនោះ និង​ធានាថា​មិន​អោយមានបាតុភាពនេះកើតឡើងម្ដងទៀតឡើយ​ក្នុង​តំបន់​រម​ណីយដ្ឋានក្រុងកែប។ នេះបើតាមទូរទស្សន៍​ក្នុង​ស្រុក​មួយ​កាលពីពេលថ្មីៗនេះ។

របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ការឈប់សម្រាកឈប់សង​រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកដើរលេងកម្សាន្តតាមតំបន់ទេសចរណ៍នានាសរុបរហូតដល់ទៅ ១,៤៥៩,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨នាក់។ ដោយ​ឡែក​ខេត្ត​កែប មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ចំនួន ១៤៦ ៣៨៣ នាក់។

ក្រោយ​រង​ការ​រិះ​គន់​ពី​មហាជន រដ្ឋបាលខេត្តកែប ក៏សុំ​ការ​អភ័យទោសចំពោះបងប្អូនភ្ញៀវទេសចរ រាល់ចំនុចខ្វះខាតមួយចំនួនដែលបណ្តាមកពីជនខិលខូច និងអាជីវករមួយក្តាប់តូច ឆ្លៀតឱកាសកេងចំណេញ ដោយមិនគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត។ យ៉ាងណា លោក​អភិបាលខេត្ត​រូបនេះ ក៏បានសម្ដែងការ​មិនពេញចិត្ត​ចំពោះ​អ្នកលេង​បណ្ដាញសង្គមមួយចំនួន​ដែលប្រើពាក្យ​សម្ដីនិង​ប្រមាថ​មើលងាយមកលើខេត្តកែប និង​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សេច​ក្ដីថ្លៃថ្នូរប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ។ លោក​​បានសំណូមពរ​ដល់​ភ្ញៀវទេសចរ​ទាំងអស់​ដែល​ទៅ​លេង​ខេត្ត​កែប សូមរាយការណ៍ទៅអាជ្ញាធរ​ឬកំលាំងមានសមត្ថកិច្ច​ដែល​ប្រចាំការនៅទីនោះ ដើម្បីចាត់វិធានការ​ចំពោះ​ការ​ឡើង​ថ្លៃ​ហួសហេ​តុ៕

ប្រភព៖​ កម្ពុជាថ្មី