Home ពត៌មាន សមត្ថ កិច្ចសន្និដ្ឋានថាជាករណីឃាតកម្មច្រេីនជាង​ សម្លាប់កូន​ និងខ្លួនឯងព្រោះបំណុល

សមត្ថ កិច្ចសន្និដ្ឋានថាជាករណីឃាតកម្មច្រេីនជាង​ សម្លាប់កូន​ និងខ្លួនឯងព្រោះបំណុល

258
0

ភ្នំពេញៈ ​សមត្ថកិច្ច​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​សន្និដ្ឋាន​ជា​បឋម​​ថា ករណី​បុរស​ម្នាក់​ស្លាប់​ដោយ​ចងក​លើ​ជណ្ដើរ​ឡើង​ឡៅតឿ​ និង​កូនស្រី​ ៣ ​នាក់​ទៀត​ស្លាប់​លើ​គ្រែ​នៃ​បន្ទប់​ផ្ទះជួល​ ១ ​កន្លែង​​កាលពី​យប់​ថ្ងៃ​ពុធ នៅ​ភូមិ​ឧកញ៉ាវាំង សង្កាត់​ភ្នំពេញ​ថ្មី​នោះ​គឺជា​អំពើ​ឃាតកម្ម ខណៈ​ស្ត្រី​ជា​ភរិយា​រន្ធត់​ចិត្តខ្លាំង​ពេល​ទើប​មក​​ពី​ធ្វើការ​ថែម​ម៉ោង​ពេលយប់​។

លោក​ ហួរ ម៉េងវ៉ាង អធិការខណ្ឌ​សែនសុខ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា លោក ជា សុខជុំ ​អាយុ​ ៤០ ​ឆ្នាំ ជា​អ្នករត់​ម៉ូតូ​កង់​៣​ស្នាក់នៅ​ផ្ទះជួល​ក្នុង​ភូមិ-សង្កាត់​កើតហេតុ​ខាងលើ រួមទាំង​កូនស្រី​របស់គាត់​ ៣ ​នាក់​ទៀត​ដែល​រួមមាន​ឈ្មោះ ជុំ ​ម៉េងជូ ​អាយុ​ ១៦ ​ឆ្នាំ​,​ជុំ​ ម៉េងចិន​ អាយុ​ ៥ ​ឆ្នាំ​ និង​ឈ្មោះ​ ជុំ ​ម៉េងជៀន ​អាយុ​ ៤ ​ឆ្នាំ ត្រូវបាន​ស្ត្រី​ជា​ប្រពន្ធ​ និង​សាច់ញាតិ​ប្រទះ​​ឃើញ​ស្លាប់​ក្នុង​ហេតុការណ៍​​ដ៏​គួរ​ឲ្យ​តក់ស្លុត​បំផុត​កាលពី​ម៉ោង​ ៩ ​យប់ ថ្ងៃ​ពុធ​។

លោក ម៉េងវ៉ាង បាន​បន្តថា នៅ​កន្លែង​កើតហេតុ​ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យឃើញ​សព​មនុស្ស​ ៤ ​នាក់ [​ឪពុក និង​កូន ស្រី​] ​ស្ថិត​ក្នុង​ទីតាំង​ផ្សេងៗ​គ្នា​ក្នុងនោះ​សព​ក្មេងស្រី​ ២ ​នាក់​អាយុ​ ៤ និង​ ៥ ​ឆ្នាំ ស្ថិតនៅលើ​គ្រែ​នៃ​ជាន់​ផ្ទាល់​ដី ដោយ​មាន​ស្លាកស្នាម​ម្រាមដៃ​ជាប់​នៅ​បំពង់ក ខណៈ​សព​ក្មេងស្រី​វ័យ​ជំទង់​អាយុ​ ១៦ ​ឆ្នាំ​ម្នាក់ទៀត​នៅលើ​ពូក​នៃ​បន្ទប់​ឡៅតឿ និង​មាន​ស្នាម​ម្រាមដៃ​ជាប់​ត្រង់​​បំពង់ក​ផងដែរ​។ ចំណែក​សព​បុរស​ជា​ឪពុក​នោះ​ស្ថិត​នៅជាប់​កាំជណ្ដើរ​ឡើង​ឡៅតឿ​ក្នុង​ស្ថានភាព​ចងក​នឹង​ក្រមា​ និង​មាន​​ស្នាម​ហូរឈាម​តាម​ច្រមុះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យោង​​ចម្លើយ​របស់​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ ឌីម ​សុខនាថ ​អាយុ​ ៣៨ ​ឆ្នាំ​ជា​កម្មការិនី​រោងចក្រ និង​លទ្ធផល​ធ្វើ​កោសលវិច្ច័យ​លើ​សព​ជនរងគ្រោះ​ទាំង​ ៤ ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ក្នុង​ជំហាន​ដំបូង​ថា ករណី​ស្លាប់​របស់​ឪពុក និង​កូនស្រី​ទាំង​ ៤ ​នាក់​ខាងលើ​នេះ គឺជា​ករណី​ឃាតកម្ម​បង្ក​ឡើង​ពី​បុរស​ជា​ឪពុក ដែល​មាន​ចិត្ត​ក្រេវក្រោធ​ឥត​ពិចារណា​ហើយ​ដាច់ចិត្ត​ច្របាច់​ក​កូន​ស្រី​ទាំង​ ៣ ​ឲ្យ​ស្លាប់​រួចហើយ​សម្លាប់​ខ្លួនឯង​ជា​ក្រោយ​ដោយ​ចងក​នឹង​ក្រមា​»​។

លោក ម៉េងវ៉ាង បាន​បន្តថា ក្រោយ​ធ្វើ​កោសល្យវិច័យ​សាកសព​រួច​ក្រុម​សមត្ថកិច្ច​ជំនាញ​បានប្រគល់​សព​ឪពុក និង​កូនស្រី​ទាំង​ ៤ ​នាក់​នោះ​ទៅ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ និង​សាច់ញាតិ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ជុំវិញ​ករណីនេះ ប្អូនស្រី​បង្កើត​របស់​លោក​ ជា ​សុខជុំ ​គឺ​អ្នកស្រី ជា ស្រីនាង អាយុ​ ២៧ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​យប់​ថ្ងៃកើតហេតុ​វេលា​ម៉ោង​ជិត​ ៩ ​យប់ គាត់​បាន​ឮ​សំឡេង​បងថ្លៃ​ស្រី​គឺ​អ្នកស្រី ឌីម សុខនាថ ស្រែក​ទ្រហោយំ​។ ពេលនោះ​គាត់​ដែល​ស្នាក់នៅ​ផ្ទះជួល​ក្បែរ​គ្នា​បាន​ស្ទុះ​ទៅ​មើល ក៏​ឃើញ​បងប្រុស​ស្លាប់​ដោយ​ចងក និង​ក្មួយ​ស្រី​តូចៗ​ ២ ​នាក់​ទៀត​ស្លាប់​នៅលើ​គ្រែ​។

អ្នកស្រី ជា ស្រីនាង បាន​ថ្លែងថា​៖ «​ខ្ញុំ​សែន​រន្ធត់ចិត្ត​ខ្លាំងណាស់​នៅពេល​នោះ ហើយ​មិន​​ដឹងថា ត្រូវធ្វើ​អ្វី​នោះទេ​ក្រៅពី​អង្គុយ​យំ ព្រោះ​ខ្ញុំ​ជា​ស្រី និង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ផង​នោះ​។ ​បងថ្លៃ​ស្រី​ខ្ញុំ​ក៏​បាន​ស្រែក​ឲ្យ​អ្នកជិតខាង​មកជួយ​ស្រាយ​ទម្លាក់​សព​ប្ដី​របស់​គាត់​ចុះមក​ក្រោម​។ ​បន្ទាប់មក​គាត់​បាន​ឡើង​ទៅលើ​ឡៅតឿ ហើយ​ក៏​ស្រែកយំ​ខ្លាំងៗ​ម្ដង​ទៀត​ថា កូនស្រី​ច្បង​របស់គាត់​អាយុ​ ១៦ ​ឆ្នាំ​ក៏​ស្លាប់​ផងដែរ »​។

ចំណែក​អ្នកស្រី ឌឹម សុខនាថ ដែលជា​ប្រពន្ធ និង​ជា​ម្ដាយ​ក្មេងរងគ្រោះ​ទាំង​ ៣ ​នាក់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កន្លងមក​ឲ្យ​តែមាន​ទំនាស់​ពាក្យសម្ដី​តិចតួច​ក្នុង​គ្រួសារ​គឺ​ប្ដី​របស់​គាត់​តែងតែ​គំរាមថា នឹង​សម្លាប់​ខ្លួន​ព្រមទាំង​កូនៗ​ចោល​ទាំងអស់​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​ទេ ហើយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​មុន​ពេល​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ គាត់​ក៏​បាន​ទាស់សម្ដី​តិចតួច​នឹង​ប្ដី​របស់​​គាត់​ម្ដងទៀត​។ លុះដល់​វេលា​ម៉ោង​ប្រមាណ​ ៨:៣០ ​នាទី​យប់​ថ្ងៃ​ពុធ​ពេល​ត្រឡប់​ពី​ធ្វើការ​វិញ​គាត់​ក៏​ប្រទះឃើញ​ហេតុការណ៍​ដ៏រន្ធត់​ដែល​មិន​នឹកស្មាន​ដល់​គឺ​ប្ដី និង​កូនៗ​ទាំងអស់​ត្រូវស្លាប់​។

អ្នកស្រី ឌឹម សុខនាថ បាន​និយាយ​ទាំង​ខ្សឹកខ្សួល​ថា​៖ «​ខ្ញុំ​មិនដឹងថា វា​ជា​អំពើ​អមនុស្សធម៌​របស់គាត់​ឬ​យ៉ាងណា​​នោះ​ទេ ប៉ុន្តែ​សមត្ថកិច្ច​ប្រាប់ថា កូនៗ​របស់ខ្ញុំ​ស្លាប់​ដោយសារ​ច្របាច់ក ហើយ​រឿងនេះ​ទំនង​ជា​ប្ដី​ខ្ញុំ​ជា​អ្នក​សម្លាប់​។ ក្រោយ​សម្លាប់​កូនៗ​អស់​ហើយ គាត់​បានសម្លាប់​ខ្លួនឯង​តាម​ក្រោយ​ដោយ​ចងក​នឹង​ក្រមា​»​។

ជុំវិញ​ករណី​នេះ​លោក វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន មន្ត្រីជំនាញ​ផ្នែក​កោសល្យវិច័យ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​​ដែល​បាន​ចុះ​ធ្វើ​កោសល្យវិច័យ​សាកសព​ឪពុក​កូន​ទាំងនោះ​​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យោងតាម​ការពិនិត្យ និង​ស្លាកស្នាម​ដែល​បាន​រកឃើញ​ជាប់​នៅ​ផ្នែក​បំពង់ក​របស់​ក្មេងស្រី​រងគ្រោះ​ទាំង​ ៣ ​បង្ហាញថា​ជនរងគ្រោះ​ជា​កូន​ទាំង​ ៣ ​នាក់​បាន​ស្លាប់​ដោយសារ​ច្របាច់ក​ដែល​ជា​អំពើ​របស់​ជនសង្ស័យ​ជា​ឪពុក​។ ​ចំណែក​ជនសង្ស័យ​ក្រោយពី​ធ្វើ​សកម្មភាព​រួច​បាន​ធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​នៅ​កន្លែងកើតហេតុ​តែម្ដង​។

ទោះបី​យ៉ាងណា​នៅពេល​សាកសួរ​ថា តើ​អំពើ​ឃាតកម្ម​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​រំលោភបំពាន​ផ្លូវភេទ​លើ​កុមារី​ទាំង​ ៣ ​នោះដែរ​ឬទេ​? លោក សុវណ្ណរ័ត្ន បានបញ្ជាក់​យ៉ាង​​ខ្លី​ថា​៖ «​គ្មាន​នោះ​ទេ​» ៕

ប្រភព៖​ Post Khmer