ភ្នំពេញ ៖ តាមប្រភពព័ត៌មានមួយចំនួនបានបង្ហើបថា ថ្មីៗនេះមានអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) មួយចំនួន បានផ្តួចផ្តើមគំនិតបង្កើតគណបក្សថ្មីមួយទៀត ក្រោយពីពួកគេទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ប៉ុន្តែគម្រោងនេះ អាចលេចចេញជារូបរាងនៅពេលណានោះ នៅមិនទាន់នៅឡើយទេ។

បក្សថ្មីដែលគ្រោងបង្កើតឡើងនោះមានឈ្មោះថា “បក្សកែទម្រង់“ ឬ “Reform Party” ហើយអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលផ្តួចផ្តើមនោះមាន ទី១- លោក សុន ឆ័យ អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ ទី២- លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តតាកែវ ទី៣- លោក មាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយ នៃអតីតគណបក្សសង្គ្រោះជាតិ ប៉ុន្តែបើតាមប្រភពមួយចំនួនទៀតបានអះអាងថា ថ្មីៗនេះ ក្រុមអ្នកផ្តួចផ្តើមបានប្តូរពី “គណបក្សកែទម្រង់“ ឬ “Reform Party” ទៅជា “គណបក្សស្ថាបនា”។
ទាក់ទងបញ្ហានេះ កម្ពុជាថ្មីមិនអាចស្វែងរកការបញ្ជាក់ពីលោក សុន ឆ័យ និងលោក មាជ សុវណ្ណារ៉ា បានទេ ប៉ុន្តែលោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនារសៀលថ្ងៃទី២៩ ខែសីហា នេះថា ក្រុមរបស់លោកពិតជាបានផ្តើមពិភាក្សាលើបញ្ហានេះមែន ប៉ុន្តែនៅមិនទាន់ចេញជារូបរាងនៅឡើយទេ។ លោកបញ្ជាក់ថា “មិនមានអីទាន់ច្បាស់លាស់ទេ យើងមិនទាន់បានជជែកគ្នាច្បាស់លាស់នៅឡើយ ហើយឃើញមានអ្នកជួយផ្សព្វផ្សាយជាបណ្តើរៗ ពីព្រោះយើងរង់ចាំមើលមន្ត្រីចាស់ៗមួយចំនួនគាត់សម្រេចចិត្តចូលរួមដែរឬអត់? ប៉ុន្តែបើអាត់ខាត់ពេកមនុស្សតិចពេក ក៏មិនអាចធ្វើកើតដែរ”។
លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ទៀតថា “ប្រហែលជាអ្នកដែលស្នើសិទ្ធមួយចំនួន អ្នកនៅក្នុងប្រទេសមួយចំនួន និងអ្នកនៅតាមខេត្ត ដូចឯកឧត្តម សុន ឆ័យ ផង បើសិនជាលោកស្នើសិទ្ធចឹងហើយ អាចជជែកជាមួយលោកយ៉ាងម៉េច”។ ចំពោះឈ្មោះគណបក្សវិញ លោក អ៊ូ ច័ន្ទរ័ត្ន ថា មិនទាន់ដឹងទេ “បានចាប់ផ្តើមហើយ ជជែកគ្នាតិចតួច តើកម្លាំងដែលយល់ស្របគ្នាមានប៉ុន្មាន ឬអ្នកខ្លះគេត្រូវធ្វើពហិការហូត ស៊ីសងកម្មាំងហ្នឹងទៅរួចអត់។
ចំពោះសំណួរថា តើគណបក្សដែលគក្រោងបង្កើតថ្មីនេះ មានជំហរយ៉ាងម៉េច ឬបន្តជំហរអតីតគណបក្សសង្គ្រោះជាតិ (CNRP) ? លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា “អ្នកដែលមាននិន្នាការប្រឆាំងហ្នឹង មិនខ្វល់ថា CNRP ឬមិន CNRP អីនោះទេ សំខាន់រូបភាព CNRP នោះមានប៉ុណ្ណា ? ប្រសិនបើមានមេដឹកនាំនៅក្នុងមន្ត្រីជាន់ខ្ពស់ហ្នឹងច្រើន អាហ្នឹងអាចទៅរួច ធ្វើម៉េចឲ្យអ្នកគាំទ្រនោះទុកចិត្តបាន អាចចូលរួមមាន ឬអាចចូលរួមក្នុងការប្រកួតបាន បើសិនជាតិចតួចពេក ហើយបើមើលទៅអ្នកដែលមានសក្កានុពលហ្នឹងមិនច្រើនទេ វាពិបាក”។
សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន ស្ថិតនៅក្នុងចំណោមអតីតមន្ត្រីជាប់ខ្ពស់គណបក្សសង្គ្រោះជាតិ (CNRP) ចំនួន១១នាក់ ដែលបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ។ ចំណែកលោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញកាលពីថ្មីៗនេះ ជាមួយអតីតមន្ត្រីជាប់ខ្ពស់ចំនួន២រូបទៀត គឺលោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ អតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ និងលោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។
គួរបញ្ជាក់ថា ក្រុមមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញមានដូចជា: ១. លោក គង់ បូរ៉ា ២. លោក ជីវ កត្តា ៣. លោក រៀល ខេមរិន្ទ្រ ៤. លោក គង់ គាំ ៥. លោក កង គឹមហាក់ ៦. លោក អ៊ូ ច័ន្ទរ័ត្ន ៧. លោក ច័ន្ធ សិលា ៨. លោកស្រី ទេព សិទ្ធី ៩. លោក ស៊ិន សុវណ្ណនី ១០. លោក សុន ឆ័យ ១១. លោក វ៉ា សាម៉ុន ១២.លោក តាវ គឹមឈន។ ក្នុងចំណោមអតីតមន្ត្រី ដែលទទួលបានសិទ្ធិធ្វើនយោបាយ គឺមានមួយចំនួនបានបង្កើតគណបក្សដោយខ្លួនឯង ធ្វើឲ្យអតីតមន្ត្រីជាន់ខ្ពស់ទាំងអស់បែកខ្ញែកគ្នា ដោយពួកគេមិនសង្ឃឹមថា អតីតគណបក្សសង្គ្រោះជាតិ នឹងបានរស់ឡើងវិញ។
អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលប្រកាសរំលាយនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ ។ គណបក្សនេះ ត្រូវបានក្រសួងមហាផ្ទៃដាក់ពាក្យប្តឹងស្នើសុំរំលាយទៅតាមបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់ទ្រង់ រណឬទ្ធិ និងគណបក្សយុវជនកម្ពុជា របស់លោកពេជ្រ ស្រស់ ហើយមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះចំនួន១១៨នាក់ត្រូវបានដកសិទ្ធិមិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ៕
ប្រភព៖ ថ្មីៗ