Home ពត៌មាន ទីក្រុងវូហាន​ កន្លែងផ្ទុះកូវីដមុនគេបង្អល់ក្នុងលោក​ ត្រៀមបេីកសាលាឡេីងវិញ

ទីក្រុងវូហាន​ កន្លែងផ្ទុះកូវីដមុនគេបង្អល់ក្នុងលោក​ ត្រៀមបេីកសាលាឡេីងវិញ

28
0

ទីក្រុង​វូ​ហាន គឺជា​កន្លែង​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​ដំបូង​គេ​បំផុត និង​ជាទី​ក្រុង​ដែល​រង​ការអុកឡុក​ពី​សំណាក់​COVID-19 ខ្លាំង​បំផុត​នៅក្នុង​ប្រទេស​ចិន​។ ចាប់តាំងពី​ថ្ងៃទី​១៨ ខែឧសភា​មក ទីក្រុង​វូ​ហាន មិនបាន​រាយការណ៍​ពី​ករណី​ឆ្លង​នៅក្នុង​ស្រុក​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Rueters​។

ស្ថានការណ៍​COVID-19 នៅក្នុង​ទីក្រុង​កាន់តែ​ស្ងៀមស្ងាត់ អាជ្ញាធរ​ក្រុង​វូ​ហាន សម្រេច​បើក​សាលារៀន​ឡើងវិញ ដោយមាន​ភ្ជាប់​ជាមួយ​វិធាន​បង្ការ និង​ទប់ស្កាត់​ករណី​ឆ្លង​។ បើតាម​អាជ្ញាធរ​ក្រុង​វូ​ហាន វិទ្យាស្ថាន​អប់រំ​ប្រមាណ​២៨៤២​កន្លែង​នៅក្នុង​ទីក្រុង ដែលមាន​សិស្ស​ប្រមាណ ១,៤​លាន​នាក់ នឹង​បើក​ឲ្យ​ចូលរៀន​វិញ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខ​។ ចំណែក​សកល​វិទ្យាល័យ នឹង​បើក​ឲ្យ​សិស្ស​ចូលរៀន​ចាប់ពី​៣១ ខែសីហា ខាងមុខ​។

យ៉ាងណាក៏ដោយ សម្រាប់​និស្សិត និង​គ្រូ​បរទេស ប្រសិនបើ​មិន​ទទួលបាន​ការជូនដំណឹង​ពី​សាលារៀន ក៏​មិនអាច​ត្រលប់មក​សាលារៀន​បានទេ​។

ជាមួយគ្នានេះ អាជ្ញាធរ បានស្នើ​ឲ្យ​សិស្ស​ត្រូវ​ពាក់​ម៉ាស់ និង​ជៀសវៀង​ធ្វើដំណើរ​តាម​មធ្យោបាយ​សាធារណៈ​។ ចំណែក​សាលារៀន​វិញ ត្រូវមាន​សម្ភារ​ទប់ស្កាត់​COVID-19 និង​ត្រូវ​ត្រៀមខ្លួន​ទប់ស្កាត់​ករណី​ផ្ទុះ​ថ្មី​កើតឡើង​។ ដោយឡែក​អាជ្ញាធរ​ក្រុង​វិញ ក៏បាន​រៀបចំ​គម្រោង​អាសន្ន សម្រាប់​ពេល​មាន​ករណី​ថ្មី​ផ្ទុះឡើង​ផងដែរ​។

សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​២៩ ខែសីហា ចិន​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៨៥០២២​ករណី អ្នកស្លាប់​មាន​ចំនួន ៤៦៣៤​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៨០១២៦​នាក់​៕

ប្រភព៖​ ថ្មីៗ