ភ្នំពេញ ៖ ក្រោយមានការបង្ហោះផ្សព្វផ្សាយភ្ជាប់ជាមួយរូបភាព នៃការរិះគន់ចំពោះការថតសម្តែងក្នុងសាច់រឿងបុរាណខ្មែរមួយ នៃភាពយន្តរបស់ខ្មែរ ខណៈតួសម្តែងប្រុស-ស្រីគ្រងឈុតសម្លៀកបំពាក់នាសម័យបុរាណខ្មែរថា បានចម្លងថៃនោះ ភ្លាមៗនេះ ក៏មានប្រតិកម្មពីសំណាក់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនធំលើករណីនេះ។
ជាក់ស្តែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា ស្រីអូន សម្រស់ធម្មជាតិ បានសម្តែងការហួសចិត្ត និងប្រតិកម្មដោយមិនសំចៃមាត់លើបុគ្គលអគតិទាំងនោះថា ខ្លួនពិតជាមានការឈឺចាប់ខ្លាំងណាស់ពេលឃើញកូនខ្មែរមួយក្តាប់តូចដែលមិនឲ្យតម្លៃលើវប្បធម៌ និងសិល្បៈរបស់ខ្មែរដែលកើតចេញពីស្នាដៃបន្សល់ទុកពីសំណាក់បុព្វបុរសជំនាន់ដើម។
ម្ចាស់ហ្វេសប៊ុក ឈ្មោះ ស្រីអូន ដដែលនេះ បានបន្តថា រឿងដែលខ្ញុំឈឺចាប់បំផុត គឺពេលដែលកូនខ្មែរខមមិនថា ហេតុអ្វីថតស្ទាយថៃអញ្ចឹង ទាំងម៉ូតសក់ ធ្មេញខ្មៅ គឺតាមថៃទាំងអស់…! ហ៊ឹមពុទ្ធោអើយ បងដឹងទេថា អ្នកណាជាម្ចាស់ពិតប្រាកដ? សូមបញ្ជាក់ជូនបងថា រាល់ការថតសុទ្ធតែមានការសិក្សាពីសម័យមួយៗច្បាស់ណាស់ មិនហ៊ានថតឲ្យខុសទេ។
មិនខុសគ្នាពី ស្រីអូន នោះទេ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមឯទៀតបានលើកឡើងថា បងប្អូនមួយចំនួនធំមិនដឹងទេថា ពួកសៀមសម្តែងភាពយន្តយកវប្បធម៌ខ្មែរទៅសម្តែង ដើម្បីដណ្ដើមអ្វីៗទាំងអស់ថាជារបស់ខ្លួន តែតាមពិតជារបស់ខ្មែរទេ សូមបងប្អូនកុំយល់ច្រឡំ។ ម៉ូតសក់ និងធ្មេញខ្មៅមិនមែនជារបស់ថៃទេ ជារបស់ខ្មែរ សូមមើលសៀវភៅប្រវត្តិឲ្យច្បាស់សិនមុននឹងនិយាយចេញមក។
ប្រភពនិយាយទៀតថា ម៉ូដសក់សម័យលង្វែក ធ្មេញខ្មៅ មកពីខ្មែរយើងនិយមពិសាម្លូស្លា គឺនិយមទាំងស្រី ទាំងប្រុស។ នេះជាមូលហេតុដែលថៃខំផលិតរឿងចម្លងពីខ្មែរ មកចាក់ផ្សាយឲ្យខ្មែរមើលដើម្បីឲ្យក្មេងជំនាន់ក្រោយវង្វេងលែងដឹងអ្វី ដែលជារបស់ខ្លួន ដែលដូនតាបន្សល់ទុក និងមានមរតកជាច្រើនទៀតដែលថៃច្បាមយក។ គាំទ្រក្នុងការផលិត និងមានទស្សនវិស័យ…កូនខ្មែរមួយចំនួនធំដែលមិនបានសិក្សាពីប្រពៃណីទំនៀមទម្លាប់ខ្មែរយើងច្រើនឡើយ ណាមួយខាងសិល្បៈខ្មែរមិនសូវលើកយកមកសម្ដែងអញ្ចឹងបានកូនខ្មែរចំនួនគាត់យល់ច្រឡំ។
ដោយឡែក លោក Leng Noreak Mongkul ដែលជាអ្នកគាំទ្រ និងតាមដានវិស័យសិល្បៈខ្មែរ ព្រមទាំងស្រលាញ់វប្បធម៌ខ្មែរបានលើកឡើងជាទស្សនៈថា មនុស្សដែលឈ្លក់វង្វេងនឹងវប្បធម៌ប្រទេសជិតខាង ចាប់ផ្ដើមចេញចរិតជេរ និងដៀលទាំងភ្លើមកទៀតហើយ,។ គេស្លៀកឈុតប្រជាជននាសម័យលង្វែក ហើយតែងកាយបែបប្រជារាស្ត្រសាមញ្ញ,ដល់ថ្នាក់លែងស្គាល់ទម្រង់ឈុតរបស់ប្រទេសឯង, ថាហើយកុំឈ្លក់ និងងប់ងុលប្រទេសជិតខាងពេក គាំទ្រនូវសមិទ្ធផលការងាររបស់ខ្មែរ ពួកគាត់ធ្វើបានល្អហើយ មិនបានចម្លងថៃទេ៕
ប្រភព៖ កម្ពុជាថ្មី