រាជធានីភ្នំពេញ ៖ ផ្អេីលមួយចំហៀងរថយន្ត Mazda មួយគ្រឿងស៊ីផ្លេវ៉ាជែងជាមួយនឹងរថយន្ត Range Rover ស៊េរីទំនើបមួយគ្រឿងទៀត ធ្វើឲ្យម្ចាស់រថយន្ត Range Rover ខឹងក៏បើកដេញតាមរហូតដល់មុខផ្ទះរួចកាក់ពីមុខរថយន្ត Mazda ចុះមកវាយរថយន្ត Mazda បង្កជាហិង្សា រហូតឈានដល់កើតមានការផ្ទុះអាវុធ ចំនួន២គ្រាប់ទៀតផង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងអាវុធហត្ថនិងនគរបាលចេញអន្តរាគមន៍ឆ្ពោះទៅកន្លែងកេីតហេតុភ្លាមៗផងដែរ កាលពីវេលាម៉ោង០០:៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចឃ្លាំងមួយកន្លែង នៅតាមផ្លូវ២៧៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឱ្យក្រុមការងារហង្សតូចបានដឹងថា នៅមុនពេលកើតហេតុ គេឃេីញមានរថយន្តមួយគ្រឿង ម៉ាក Mazda ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AA-5551 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងមិត្តភ័ក្ត ខណៈពេលធ្វើដំណើរបត់មកតាមផ្លូវ២៧៦ ក៏បានស៊ីផ្លេវ៉ាជែងរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Y-7667 ដែលបើកបរដោយបុរសពីរនាក់ រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ធ្វើឱ្យភាគីខាងរថយន្ត Range Rover នោះខឹង ក៏បើកប្រដេញតាមរហូតដល់មុខផ្ទះម្ចាស់រថយន្ត Mazda តែម្ដង ហេីយចុះមកវាយក្បាលរថយន្ត Mazda រួចស្រែកថា “ចុះលោកឯងបើកប្រញាប់ទៅណា” ទេីបភាគីខាងរថយន្ត Mazda តបសម្ដីវិញក៏ទាស់សម្ដីគ្នា ធ្វេីអោយភាគីខាងរថយន្ត Mazda ចុះពីរថយន្តមក ដោយមានមិត្តភ័ក្តដែលកំពុងអង្គុយជជែកគ្នាលេងជុំគ្នានៅមុខផ្ទះនោះដែរ ក៏បានដេីរចូលទៅប្រតាយប្រតប់ជាមួយភាគីខាងរថយន្ត Range Rover ខាងលេី បណ្ដាលឲ្យមានអ្នករងរបួសថែមទៀតផង ។
អំឡុងពេលប្រតាយប្រតប់គ្នានោះ ស្រាប់តែមានស្នូរសម្លេងកាំភ្លើងផ្ទុះឡេីង ចំនួន២គ្រាប់ ទេីបផ្អើលរត់ចែកជើងគ្នាតែម្ដង ដោយអ្នកបាញ់បានបញ្ជាក់ថា (ការបាញ់នោះរូបគាត់ បាញ់ការពារខ្លួនប៉ុណ្ណោះ) បង្ករការភ្ញាក់ផ្អេីលឡេីងដល់បងប្អូនរស់នៅជិតខាងមានការភ័យខ្លាចយ៉ាងខ្លាំង ផ្អេីលកម្លាំងសមត្ថកិច្ចមួយខណ្ឌបឹងកេងកង មានទាំងកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌនិងកម្លាំងប៉ុស្តិ៍ រួមទាំងលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការខណ្ឌបឹងកេងកង ដឹកនាំកម្លាំងចេញអន្តរាគមន៍ សំដៅឆ្ពោះទៅកន្លែងដែលផ្ទុះអាវុធនោះ ភ្លាមៗនោះភាគីរថយន្ត Range Rover បានបេីកគេចខ្លួនដល់ចំណុចជាប់របងវត្តមហាមន្ត្រី ក៏ត្រូវបានកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលសហការគ្នាឃាត់បានផងដែរ រួចនាំមកកន្លែងកេីតហេតុវិញសិន ចំណែកឯបក្ខពួក២នាក់ខាងរថយន្ត Mazda បានជិះមកដល់ចំណុច១៦៣ កែង៣១០ (ស្តុបសាលាចិនទួនហ្វា) ក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្តង ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងមិនបានស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍ទួលស្វាយព្រៃទី១ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដេីម្បីប្រគល់អោយផ្នែកជំនាញ សាកសួរបន្តតាមនីតិវិធី ៕
ប្រភព៖ ហង្សតូច Media

