Home ពត៌មាន ព័ត៌មានក្នុងស្រុក ទំនងស្មានថាជាសមត្ថកិច្ចសុំឆែកឆេរបន្តិចបន្តួចបែរជាដកកាំភ្លើងភ្ជង់យកម៉ូតូ ទូរស័ព្ទ និងកាបូបយកទៅដោយសុវត្ថិភាព

ទំនងស្មានថាជាសមត្ថកិច្ចសុំឆែកឆេរបន្តិចបន្តួចបែរជាដកកាំភ្លើងភ្ជង់យកម៉ូតូ ទូរស័ព្ទ និងកាបូបយកទៅដោយសុវត្ថិភាព

39
0

រាជធានីភ្នំពេញ៖ បុរសជាអាជីវករលក់ដូរ នៅផ្សារប៉េសេម្នាក់ ត្រូវក្រុមចោរប្រដាប់អាវុ ធ្វើសកម្មភាពយកកាំភ្លើងខ្លីមួយដើម ភ្ជង់ប្លន់យកម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២០ មួយគ្រឿង និងកាបូបស្ពាយ ដែលមានលុយ២៥០០ដុល្លារ និងទូរស័ព្ទដៃ ២គ្រឿងទៀត បានសម្រេច ជិះគេចខ្លួនបាត់ស្រមោល ខណៈពេលដែលបុរសរងគ្រោះជិះម៉ូតូមកដល់ខាងមុខផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចក្បែររបងសកលវិទ្យាល័យភូមិន្ទកសិកម្ម តាមផ្លូវបេតុង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ រឹម រ៉ាឌី ភេទប្រុស អាយុ ១៨ឆ្នាំ ជាអាជីវករលក់ដូរ នៅផ្សារប៉េសេ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះអត់លេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ តាមសម្តីពីជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម (Honda Dream) ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HZ-8790 ដោយជិះចេញពីផ្ទះដែលជាកន្លែងកើតហេតុទៅផ្សារប៉េសេ ដើម្បីធ្វើការបើកតូបលក់ដូរដូចសព្វដង ។ លុះមកដល់វេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃដដែលជនរងគ្រោះបានធ្វើការបិទតូបរបស់ខ្លួនដែលលក់នៅផ្សារប៉េសេ រួចបានឡើងជិះម៉ូតូខាងលើត្រឡប់ទៅផ្ទះវិញ តែម្នាក់ឯង ដោយមិនចាប់អារម្មណ៍ថា មានជនសង្ស័យជិះតាមពីក្រោយឡើយ។

ជនរងគ្រោះបន្តទៀតលុះដល់វេលាកើតហេតុ ពេលដែលជនរងគ្រោះ ជិះម៉ូតូទៅដល់ខាងមុខផ្ទះរបស់ខ្លួន ដែលជាចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាចំនួន ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកមកឈប់ជិតម៉ូតូរបស់ជនរងគ្រោះ។ រួចក៏មានជនសង្ស័យម្នាក់ក្នុងចំណោម បក្ខពួក២នាក់ បានដើរមកជិតជនរងគ្រោះ និងបាននិយាយទៅកាន់ជនរងគ្រោះថា “ពួកគេសុំធ្វើការឆែកឆេរបន្តិចបន្តួច” ។ ភ្លាមៗនោះដែលជនសង្ស័យខាងលើ ក៏បានដកកាំភ្លើងខ្លីមួយដើម មិនចាំម៉ាក មកធ្វើការអាមេ និងភ្ជង់គំរាមប្លន់យកម៉ូតូរបស់ជនរងគ្រោះ រួមទាំងកាបូបស្ពាយ ដែលជនរងគ្រោះស្ពាយជាប់និងខ្លួន ហើយពេលនោះដោយជនរងគ្រោះភ័យខ្លាចជនសង្ស័យបាញ់ ក៏ព្រមប្រគល់កាបូប និងម៉ូតូរបស់ខ្លួនឲ្យទៅក្រុមជនសង្ស័យ។ រួចក្រុមជនសង្ស័យក៏បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោល ដោយបន្សល់ទុកគ្រាប់កាំភ្លើងចំនួន ១គ្រាប់ជ្រុះនៅកន្លែងកើតហេតុ។

ប្រភពដដែលបន្តថានៅក្នុងកាបូបស្ពាយ ដែលជនសង្ស័យធ្វើសកម្មភាពប្លន់យកទៅរួមជាមួយ និងម៉ូតូរបស់ជនរងគ្រោះក្នុងនោះមានទូរស័ព្ទ ដៃម៉ាក OPPO មួយគ្រឿង ម៉ាក Iphone7+ មួយគ្រឿង និងលុយចំនួនសរុប ២៥០០ដុល្លារ រួមទាំងសម្ភារៈមួយចំនួនទៀត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍ប្រមូលវត្ថុតាងដែលជនសង្ស័យបន្សល់ទុក និងនាំជនរងគ្រោះ ទៅធ្វើ ការដាក់ពាក្យប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីងាយស្រួលកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមស្វែងរកមុខជនសង្ស័យចាប់យកមកធ្វើការ ផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាបន្តទៀត ៕

ប្រភព៖ខ្មែរណូត