Home ពត៌មាន ព័ត៌មានក្នុងស្រុក អាមេរិក ដាក់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ពីបញ្ហាជួញដូរមនុស្ស

អាមេរិក ដាក់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ពីបញ្ហាជួញដូរមនុស្ស

98
0

ភ្នំពេញ ៖ អ្នកនាំពាក្យ អគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានថ្លែងថា កម្ពុជាមិនបានខ្វល់ នឹងរបាយការណ៍របស់អាមេរិក ដែលដាក់ឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ទាក់ទងការជួញដូរមនុស្សនោះទេ ។

លោកថា អ្វីដែលសំខាន់ គឺកម្ពុជាខ្លួនឯងខិតខំធ្វើយ៉ាងណាទប់ស្កាត់ និងជួយសង្រ្គោះជនរងគ្រោះ ដោយសារការជួញដូរនេះ ឲ្យកាន់តែមានប្រសិទ្ធភាព បំផុត។

នេះជាការថ្លែង របស់លោកបញ្ចប់កិច្ចប្រជុំ ពង្រឹងវិធានការសន្ដិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ ។

លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា “យើងមិនបានខ្វល់ នឹងរបាយការណ៍របស់អាមេរិក ដែលដាក់ឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ទាក់ទងនឹងការជួញដូរមនុស្សនោះទេ អ្វីសំខាន់គឺកម្ពុជាខ្លួនឯង ខិតខំធ្វើយ៉ាងណាទប់ស្កាត់ និងជួយសង្រ្គោះជនរងគ្រោះ ឲ្យកាន់តែមានប្រសិទ្ធភាពបំផុត”។

លោកបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការទប់ស្កាត់ និងជួយសង្រ្គោះជនរងគ្រោះ ដោយសារការជួញដូរ។

លោកបន្ថែមថា អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញស្នងការរាជធានីខេត្តទាំងអស់ ត្រូវបង្កើនសកម្មភាពទប់ស្កាត់ និងជួយសង្រ្គោះជនរងគ្រោះ ឲ្យកាន់ខ្លាំងក្លាបន្ថែមទៀតផងដែរ។

ជាងនេះទៅទៀត លោក ឆាយ គឹមឃឿន ក៏បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ដាំផ្ញើគ្រប់ស្នងការនគរបាលទាំងអស់ ត្រូវការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានម៉ត់ចត់ ក្នុងឱកាសពិធីបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។

សូមរំលឹកថា កម្ពុជាត្រូវបានសហរដ្ឋអាមេរិកចេញ របាយការណ៍វាយតម្លៃឲ្យខ្លួន ជាប់ចំណាត់ថ្នាក់ លេខ២អស់រយៈពេល៣ឆ្នាំជាប់ៗគ្នា ទាក់ទងអំពើជួញដូរមនុស្ស ។ អាមេរិកលើកឡើងថា មកពីកម្ពុជា មានភាពចន្លោះប្រហោងក្នុងការទប់ស្កាត់ និងបង្រ្កាបជាដើម។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាលើកឡើងថា របាយការណ៍របស់អាមេរិកនេះ ធ្វើឡើងមិនមានលក្ខណៈត្រឹមត្រូវ លំអៀង ហើយពុំដែលបានសួរដល់ កម្ពុជាមុននឹងចេញរបាយការណ៍ ខណៈ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាប និងទប់ស្កាត់ការជូញដូរមនុស្ស បានយ៉ាងច្រើនជាបន្តបន្ទាប់នោះ៕

ប្រភព៖ដើមអម្ពិល